ភ្នំពេញ៖ ភរិយាលោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានបរិស្ថានប្រចាំខេត្តស្ទឹងត្រែង ត្អូញត្អែរថា បច្ចុប្បន្នជីវភាពគ្រួសារត្រូវជួបប្រទះភាពខ្វះខាត បន្ទាប់ពីស្វាមីអ្នកស្រីត្រូវជាប់ពន្ធនាគារករណីពាក់ព័ន្ធនឹងសកម្មភាពហ៊ានលាតត្រដាងការពិតពីបទល្មើសធនធានធម្មជាតិ។ ភរិយាអ្នកសារព័ត៌មានបរិស្ថានខាងលើដែលមានកូនតូចចំនួន៧នាក់ក្នុងបន្ទុកគ្រួសារផងនោះ អំពាវនាវឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន ខណៈអង្គការជាតិ-អន្តរជាតិ ១៤ស្ថាប័ន ក៏ចាត់ទុកការឃុំខ្លួននេះជាការបំបិទសំឡេងអ្នកសារព័ត៌មាន។ កញ្ញា យឿន ស្រីមុំ រាយការណ៍
មានជីវភាពលំបាក ក្នុងពេលកូនទាំង ៧នាក់របស់លោក នៅតូចៗមិនទាន់ចេះរកចំណូលបានឡើយ។ ពួកគេស្នើឱ្យដោះលែងលោក អ៊ុក ម៉ៅ ខណៈអង្គការជាតិ-អន្តរជាតិ ដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងការពារអ្នកសារព័ត៌មាន ចំនួន ១៤ស្ថាប័ន ក៏បានស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកសារព័ត៌មានរូបនេះឱ្យមានសេរីភាពឡើងវិញ ព្រោះការឃុំខ្លួននេះជាការបំបិទសំឡេងអ្នកសារព័ត៌មានដែលលាតត្រដាងពីបទល្មើសធនធានធម្មជាតិ។
អ្នកស្រី ឯក សុជាតិ ភរិយាលោក អ៊ុក ម៉ៅ ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២២ ខែឧសភានេះថា តាំងពីថ្ងៃចាប់ខ្លួនស្វាមី រហូតមកដល់នេះ អ្នកស្រីមិនទាន់បានការអនុញ្ញាតចូលជួបស្វាមីនៅឡើយ។ ក្នុងពេលប៉ុន្មានថ្ងៃដែលស្វាមីជាប់ឃុំ កូនតូចទាំង ៧នាក់ រួមទាំងអ្នកស្រី កំពុងប្រឈមជីវភាពខ្វះខាតរបបអាហារហូបចុកប្រចាំថ្ងៃ ខណៈកន្លងមកលោក អ៊ុក ម៉ៅ ជាមេគ្រួសារដែលរកចំណូលផ្គត់ផ្គង់អាហារសម្រាប់កូនៗ។
អ្នកស្រី ឯក សុជាតិ៖ «ចាសមានការលំបាកដែរនៅក្នុងគ្រួសារ អត់ពីគាត់ទៅ មានអីទេ មានតែបេះបន្លែត្រគួន ឬស្លឹកក្បុងទេ ចេះតែស្លរៗដាក់បង់ប្រហុកឱ្យកូនហូបទៅ ជីវភាពខ្ញុំគឺវាលំបាកតែម្ដងរាល់ថ្ងៃ»។
រូបភាពពីហ្វេសប៊ុកលោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា។
ក្នុងជីវភាពប្រចាំថ្ងៃខ្វះខាតហើយ អ្នកស្រីសុជាតិ មានក្ដីបារម្ភរឿងបំណុលធនាគារប្រមាណ ៣ពាន់ដុល្លារ ដែលខ្ចីមក ដើម្បីដាំដំឡូងមី និងធ្វើស្រែ ហើយបំណុលនេះគ្រួសារអ្នកស្រីទើបតែបង់សងបាន ១ឆ្នាំទេ នៅសល់ ៣ឆ្នាំទៀត។ ហេតុនេះប្រសិនស្វាមីត្រូវបន្តជាប់ឃុំបែបនេះយូរទៀត អ្នកស្រីថា ខ្លួនមិនមានលទ្ធភាពរកលុយ ដើម្បីបង់សងធនាគារឡើយ។
អ្នកស្រី ឯក សុជាតិ៖ «គ្មានកំហុសទេអ្នកគ្រូគេចោទប្រកាន់ទេ អយុត្តិធម៌ចំពោះគាត់ណាស់អ្នកគ្រូ។ ចាសមានតែស្នើសុំជួយអន្តរាគមន៍ឱ្យបានប្ដីខ្ញុំជួយដោះលែងឆាប់ៗផង»។
លោក អ៊ុក ម៉ៅ មានវ័យ ៥៧ឆ្នាំ ជាអ្នកសារព័ត៌មានរបស់អង្គភាព «ឥន្ទ្រីផ្លើស ញូស៍» ប្រចាំខេត្តស្ទឹងត្រែង។ លោកត្រូវបានបុរស ៣នាក់ ដែលស្លៀកពាក់ស៊ីវិលចាប់ខ្លួនតាំងពីរំលងអាធ្រាត្រថ្ងៃទី១៦ ខែឧសភា ដោយដឹកតាមរថយន្តម៉ាកលុចស៊ីស (Luxus) ចេញទៅដោយមិនមានដីកាបង្ហាញនោះទេ។ បច្ចុប្បន្នអ្នកសារព័ត៌មានបរិស្ថានរូបនេះ ត្រូវឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តទៅកាលអំឡុងខែឧសភា ឆ្នាំ២០២៤ និងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥។
ករណីនេះ អង្គការជាតិ និងអន្តរជាតិ ដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងការពារអ្នកសារព័ត៌មាន ចំនួន ១៤ស្ថាប័នរួមមាន៖ សមាគមការពារសិទ្ធិមនុស្ស អាដហុក សមាគមអ្នកសារព័ត៌មានកម្ពុជា ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា និងអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន រួមគ្នាចេញសេចក្ដីថ្លែងការណ៍ ស្នើឱ្យដោះលែងលោក អ៊ុក ម៉ៅ និងបញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងការគំរាមកំហែងប្រឆាំងលើអ្នកសារព័ត៌មានរូបនេះ និងអ្នកសារព័ត៌មានដទៃទៀត ដែលរាយការណ៍ពីបញ្ហាបរិស្ថាន និងជម្លោះដីធ្លី។
សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅល្ងាចថ្ងៃទី២១ ខែឧសភានេះ បានឱ្យដឹងទៀតថា ការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់ទៅលើលោក អ៊ុក ម៉ៅ គឺជាផ្នែកមួយនៃការព្យាយាមបំភិតបំភ័យ និងបំបិទសំឡេងអ្នកសារព័ត៌មាន និងអ្នកការពារបរិស្ថាននៅកម្ពុជា ដែលអ្នកទាំងនោះតែងតែលាតត្រដាង នូវការកេងប្រវ័ញ្ចធនធានធម្មជាតិ និងបុគ្គលដែលប្រព្រឹត្តអំពើកេងប្រវ័ញ្ចទាំងនេះ។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា បុគ្គលដែលសកម្មជនបរិស្ថាន និងអ្នកសារព័ត៌មាន លាតត្រដាងអំពើខុសច្បាប់ ពួកគេតែងតែជាបុគ្គលដែលមានអំណាច និងមានតួនាទីខ្ពស់ ហើយបុគ្គលដែលមានអំណាចទាំងនោះ តែងតែប្រើប្រព័ន្ធតុលាការ ដើម្បីចាប់ខ្លួនសកម្មជនបរិស្ថាន និងអ្នកសារព័ត៌មាន។
ប៉ុន្តែលោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ថ្លែងថា ចៅក្រមស៊ើប កំពុងធ្វើការលើសំណុំរឿងនេះ ហើយបទចោទលើលោក អ៊ុក ម៉ៅ នេះ កើតឡើងតាមរយៈបណ្ដឹងរបស់មន្ទីរបរិស្ថានខេត្ត។ ប្រសិនជាតុលាការរកឃើញថា លោក អ៊ុក ម៉ៅ មិនមានទោសទេ អ្នកនាំពាក្យរូបនេះថា តុលាការនឹងដោះលែងលោក អ៊ុក ម៉ៅ ឱ្យមានសេរីភាពឡើងវិញ។
លោក ឈុំ ស៊ាងហាក់៖ «សំខាន់តុលាការពិនិត្យអង្គហេតុ និងអង្គច្បាប់ ដំណើរការរឿងនេះ ហើយប្រសិនអត់មានបទល្មើសទេគាត់ក៏អត់ទោសទណ្ឌ ព្រោះក្នុងរឿងហ្នឹងតុលាការមិនទាន់សម្រេចសេចក្ដីថាម៉េចដែរ ព្រោះស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរស្វែងរកការពិត។ តុលាការត្រូវការពេលវេលាដើម្បីស្វែងរកការពិតដែរ អ៊ីចឹងដល់គាត់ថ្លែងការណ៍មក មានន័យថាម៉េច? មានន័យថាចោទប្រកាន់មកតុលាការថាកាន់ជើងខាងណា»។
កាលពីចុងឆ្នាំ២០២៤ មានករណីបាញ់សម្លាប់អ្នកសារព័ត៌មានម្នាក់មកពីអង្គភាពកម្ពុជាអភិវឌ្ឍន៍ ឈ្មោះលោក ឈឿង ឈឹង ដែលសកម្មក្នុងការរាយការណ៍ពីបទល្មើសព្រៃឈើនៅស្រុកជីក្រែង ខេត្តសៀមរាប។ ក្រៅពីករណីបាញ់សម្លាប់អ្នកសារព័ត៌មាន នៅដើមឆ្នាំ២០២៥ ក៏មានករណីអ្នកកាសែតជនជាតិអង់គ្លេសម្នាក់លោក Gerald Flynn ដែលតែងតែរាយការណ៍ព័ត៌មានរស៊ើបអំពីបញ្ហាបរិស្ថាននៅកម្ពុជាត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាផងដែរ។
យោងតាមរបាយការណ៍ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានកត់ត្រាថា ក្នុងឆ្នាំ២០២៤ មានករណីយាយីចំនួន ៤១ករណី ដែលប៉ះពាល់ដល់អ្នកសារព័ត៌មាន ៦៤ នាក់ ។ ការយាយីតាមផ្លូវច្បាប់ គឺកើតឡើងច្រើនបំផុត ដោយមានអ្នកសារព័ត៌មានប្រាំនាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន និងម្នាក់ត្រូវបានសម្លាប់ខណៈពេលបំពេញការងារសារព័ត៌មានរបស់ខ្លួន។ តាមប្រភពដដែល នៅដើមឆ្នាំ២០២៥ អ្នកសារព័ត៌មានបីនាក់ទៀតត្រូវបានឃុំខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់»៕
អត្ថបទដោយ កញ្ញា ជា សុខនី