ភ្នំពេញ៖ អតីតសកម្មជនបក្សប្រឆាំងអ្នកស្រី ឡាញ់ ថាវរី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនជាបណ្តុះអាសន្ន បន្ទាប់ពីស្រ្តីរូបនេះត្រូវបានអាជ្ញាធរប្រទេសថៃបណ្តេញចេញពីប្រទេសទាក់ទងករណីច្បាប់អន្តោប្រវេសន៍។ នេះជាការគូសបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១នេះ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
លោក ឆាយ គឹមឃឿន ប្រាប់វិទ្យុស្រ្តីថា ស្រ្តីសកម្មជនអតីតគណបក្សសង្គ្រោះជាតិគឺអ្នកស្រី ឡាញ់ ថាវរី ត្រូវបានអាជ្ញាធរនៃប្រទេសថៃបានបណ្តេញចេញពីប្រទេស ព្រោះស្រ្តីរូបនេះមានពាក់ព័ន្ធករណីផ្លូវច្បាប់អន្តោប្រវេសន៍របស់ប្រទេសថៃ។ ដោយឡែកការចាប់ខ្លួនស្រ្តីរូបនេះដោយអាជ្ញាធរកម្ពុជា ព្រោះស្រ្តីរូបនេះមានដីកាចាប់ខ្លួនជាយូរណាស់មកហើយពីបទរួមគំនិតក្បត់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បញ្ជាក់បន្ថែមថា បច្ចុប្បន្នស្រ្តីរូបនេះត្រូវបានតុលាការរាធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្តុះអាសន្ននៅពន្ធនាគារ។

អ្នកស្រី ឡាញ់ ថាវរី ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននិងបណ្តេញចេញកាលពីថ្ងៃទី១៩ខែវិច្ឆិកា និងបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា។
ការចាប់ខ្លួនអ្នកស្រី ឡាញ់ ថាវរី បន្ទាប់ពីស្រ្តីរូបនេះបានធ្វើសកម្មភាពដើរប្រមូលស្នាមមេដៃពលករនៅម្ដុំផ្ទះជួលរបស់គាត់ក្នុងប្រទេសថៃ ដើម្បីប្រឆាំងនឹងការលក់ឡៃឡុងទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះ។
ស្រ្តីរូបនេះ ជាអតីតមេឃុំជាប់ឆ្នោតគណបក្សប្រឆាំងនៅឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៧។ អ្នកស្រី ឡាញ់ ថាវរី បានរស់នៅភៀសខ្លួនក្នុងប្រទេសថៃជាង ៤ឆ្នាំ និងត្រូវបានទទួលស្គាល់ឋានៈជាជនភៀសខ្លួនដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)ប្រចាំនៅប្រទេសថៃផងដែរ។
ទាក់ទងរឿងនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch -HRW) ស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវការចាប់បញ្ជូន ជនភៀសខ្លួននៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ ដោយចាត់ទុកករណីនេះថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch)ប្រចាំតំបន់អាស៊ី បានសរសេរសារនៅលើបណ្តាញសង្គមធ្វីតធ័ររបស់លោកនៅចុងសប្តាហ៍នេះថា ជនភៀសខ្លួនខ្មែរ អ្នកស្រី ឡាញ់ ថាវរី ដែលទទួលស្គាល់ដោយអង្គការ UNHCR ត្រូវប្រឈមនឹងជាប់ពន្ធនាគារ ដោយសារតែអាជ្ញាធរអន្តោប្រវេសន៍ថៃចាប់បញ្ជូនខ្លួនអ្នកស្រីត្រឡប់មកកម្ពុជាវិញ។ លោកថាសកម្មភាពរបស់អាជ្ញាធរថៃ និងកម្ពុជានេះ បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សូមរំលឹកថា អ្នកស្រី ឡាញ់ ថាវរី ធ្លាប់ចូលរួមសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ ជាពិសេសគាំទ្រមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលឆ្នាំ២០១៩។ ស្រី្តរូបនេះ ត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿង រួមគំនិតក្បត់ ជាមួយថ្នាក់ដឹងនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជាង ១ រយនាក់ផ្សេងទៀត។
ស្រ្តីសកម្មជនបក្សប្រឆាំងរូបនេះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននិងបណ្តេញចេញកាលពីថ្ងៃទី១៩ ខែវិច្ឆិកា និងបានបញ្ជូនទៅកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយអាជ្ញាធរថៃទើបតែបានចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីរនាក់ផ្សេងទៀត ដែលមានឋានៈជាជនភៀសខ្លួន គឺលោក វឿង សំណាង និងលោក វឿន វាសនា ហៅគ្រញូងព្រៃឡង់ បញ្ជូនទៅឱ្យអាជ្ញាធរកម្ពុជា៕