en     km
en     km

ទិវាពលកម្មអន្តរជាតិខាងមុខនេះ សហជីពវិស័យនានា ស្នើឱ្យដោះស្រាយបញ្ហាសិទ្ធិសេរីភាពសហជីព និងកម្មករ

Share

 

សហជីពនានា ដែលធ្វើការលើកកម្ពស់សិទ្ធិ និងការពារផលប្រយោជន៍ជូនកម្មករ បង្ហាញពីក្ដីកង្វល់ និងបញ្ហាប្រឈមរបស់កម្មករក្នុងវិស័យរបស់ខ្លួននៅថ្ងៃប្រារព្វទិវាពលកម្មអន្តរជាតិខាងមុខ ដើម្បីទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រាក់ឈ្នួលគោល បញ្ហាប.ស.ស. និងបញ្ហាសហជីពដែលជាប់ក្នុងពន្ធនាគារជាដើម។ កញ្ញា យឿន ស្រីមុំ រាយការណ៍

 

 

ជារៀងរាលឆ្នាំ ស្ថាប័នរដ្ឋាភិបាល និងក្រុមសហជីព ហើយនិងអង្គការសង្គមស៊ីវិល តែងតែជួបជុំជាមួយកម្មករមកពីវិស័យនានា ដើម្បីប្រារព្វទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែឧសភា។ គិតមកដល់ឆ្នាំ២០២៥នេះ ជាការប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ។

លោក អាត់ ធន់ អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៥ ខែមេសានេះថា ក្នុងទិវាពលកម្មអន្តរជាតិខាងមុខ សហជីពវិស័យនានាគ្រោងរៀបចំទិវានេះក៏មិនខុសពីឆ្នាំមុនៗដែរ ក្នុងនោះពួកគេបានដាក់សំណើទៅកាន់ក្រសួងពាក់ព័ន្ធ ដើម្បីទាមទារឡើងប្រាក់ឈ្នួលគោលសមរម្យ ទាមទារឱ្យមានការពង្រឹងពង្រីកបេឡាជាតិរបបសន្តិសុខសង្គម និងទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈមរបស់សហជីព ដូចជាការចុះបញ្ជិកា ជាពិសេសដោះលែងសហជីពដែលជាប់ឃុំក្នុងពន្ធនាគារ ដោយសារការពារផលប្រយោជន៍កម្មករ។

ភ្ជាប់នឹងការប្រារព្វទិវានេះ លោកលើកឡើងពីសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យនាពេលបច្ចុប្បន្ននេះ ទាំងការបញ្ចេញមតិ និងការចុះបញ្ជិកាទទួលស្គាល់ពីក្រសួង មានភាពលំបាកជាងមុន។ ដូច្នេះបើធៀបនឹងឆ្នាំកន្លងមក សហជីពគ្រាន់តែលំបាកក្នុងធ្វើសកម្មភាពបាតុកម្ម កូដកម្ម និងការប្រមូលផ្ដុំគ្នាប៉ុណ្ណោះ តែឆ្នាំនេះ សហជីពត្រូវប្រឈមនឹងការចុះបញ្ជិកាបន្ថែម ដើម្បីទទួលបានភាពស្របច្បាប់ពីក្រសួង។

ថ្វីត្បិតតែសហជីពប្រឈមបញ្ហាទាំងនោះក្ដី តែលោកទទួលស្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ប្រាក់ឈ្នួលគោលរបស់កម្មករមានការប្រែប្រួល ហើយបញ្ហាប្រឈមរបស់កម្មករក្នុងវិស័យខ្លះ ក៏ត្រូវបានក្រសួងយកចិត្តទុកក្នុងការដោះសា្រយផងដែរ។

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា។

លោក អាត់ ធន់៖ «ពាក់ព័ន្ធសិទ្ធិសេរីភាពសហជីព ការធ្វើការងារដោយការងារធ្ងន់ធ្ងរឬក៏កិច្ចសន្យាការងារការបញ្ឈប់អីផ្សេងៗដូចជាមិនប្រសើរទេ ដូចនៅដដែល ហើយសូមបញ្ជាក់ដែរថា កាលណាសហជីពកម្មករហ្នឹងគឺពិបាកធ្វើសកម្មភាព ពិបាកធ្វើជាតំណាង ពិបាកនៅក្នុងការតវ៉ាទាមទារ មានន័យថាកម្មករ គឺសិទ្ធិរបស់គាត់ត្រូវបានធ្លាក់ចុះ ការទាមទារធ្លាក់ចុះ ការដាក់ទណ្ឌកម្មការងារ ឬក៏ការបង្កើនការងារធ្ងន់ធ្ងរកាន់តែច្រើនទៅៗ ហើយពេលខ្លះរឿងអយុត្តិធម៌វាច្រើន ប៉ុន្តែយើងមិនអាចបញ្ចេញមតិ ឬក៏ធ្វើការតវ៉ាអីកើត អ៊ីចឹងទៅគាត់ឈប់ទំាងអយុត្តិធម៌ ជួនកាលទៅគាត់ឈឺចាប់អ៊ីចឹងអត់មានការដោះស្រាយអីទេ»។

កាលពីឆ្នាំ២០២៤ លោក ម៉ម រិទ្ធី ប្រធានសហជីពវិស័យទេសចរណ៍ និងលោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) កំពុងជាប់ក្នុងពន្ធនាគារ ដោយសារសកម្មភាពតវ៉ាផលប្រយោជន៍ជូនកម្មករ។

ចំណែកលោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានឱ្យដឹងដែរថា ឆ្នាំនេះសហជីពលោកនឹងប្រារព្វទិវាពលកម្មអន្តរជាតិនេះជាមួយកម្មករនៅតាមបណ្ដាខេត្តផង និងចូលរួមប្រារព្វជាមួយសហជីព និងកម្មករមកពីវិស័យនានា ដែលជួបជុំគ្នានៅទីតាំង​​សួនច្បារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​ក្បែរ​វត្ត​ភ្នំ។ ទិវានេះ ជាឱកាសដែលកម្មករវិស័យនានា បង្ហាញក្ដីកង្វល់ និងបញ្ហាប្រឈមរបស់ពួកគេ ក្នុងនោះកម្មករវិស័យសំណង់លោក នៅតែប្រឈមនឹងការមិនទាន់កំណត់ប្រាក់ឈ្នួលគោល មិនទាន់ទទួលបានប្រព័ន្ធគាំពារសង្គម (ប័ណ្ណប.ស.ស.) និងបញ្ហាសុខភាព-សុវត្ថិភាព ដែលពួកគេធ្វើការក្រោមកម្ដៅថ្ងៃដ៏សែនក្ដៅ តែមិនទទួលបានការគិតគូរកន្លែងសម្រាកឱ្យល្អដូចវិស័យផ្សេងនៅឡើយ។

 

លោក សុខ គីន៖ «អ្វីដែលទាមទារទីមួយយើងស្នើឱ្យរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលគោលអប្បបរមាក្នុងវិស័យសំណង់ វិស័យឡឥដ្ឋ ទីពីរស្នើសុំឱ្យចេញប្រកាស ឬច្បាប់ស្ដីពីសុខភាព និងសុវត្ថិភាពសម្រាប់កម្មករសំណង់ វិស័យសំណង់ និងឡឥដ្ឋនេះឯង។ ទីបីសុំឱ្យរដ្ឋាភិបាល ជាពិសេសប.ស.ស.ហ្នឹងដាក់បញ្ជូលចុះបញ្ជីសមាជិកប.ស.ស.ទៅដល់កម្មករសំណង់ហ្នឹងឱ្យគាត់ទទួលបានកិច្ចគាំពារសង្គមដូចនឹងវិស័យផ្សេង ចំណុចទីបួន សុំឱ្យរដ្ឋាភិបាលហ្នឹងចេញច្បាប់ ឬការប្រកាស បញ្ឈប់ការប្រើប្រាស់សារធាតុអាសបេស្ដុសនៅកម្ពុជា ហើយសូមឱ្យដាក់បញ្ជូលជំងឺដែលប៉ះពាល់បណ្ដាលមកពីសារធាតុអាសបេស្ដុសហ្នឹង ចាត់ទុកក្នុងថាជាគ្រោះថ្នាក់ការងារឱ្យទទួលខុសត្រូវដោយប.ស.ស.ដែរ»។

ចំណុចដែលទាមទារទាំងនោះ លោកថា ប្រហាក់ប្រហែលទៅនឹងការប្រារព្ធទិវានេះដូចកាលពីឆ្នាំមុនដែរ ប៉ុន្តែអ្វីដែលថ្មីនោះ លោកបានទាមទារបន្ថែមលើបញ្ហាជំងឺរបស់កម្មករដែលបង្កឡើងដោយសារធាតុអាសបេស្ដុស ត្រូវដាក់បញ្ជូលឱ្យប.ស.ស.ទទួលខុសត្រូវ។ ទោះបីយ៉ាងណាកន្លងមក ការទាមទារនោះមិនបានលទ្ធផល ហើយក៏មិនស្របទៅតាមគោលនយោបាយ និងផែនការមេរបស់រដ្ឋាភិបាលក្ដី តែក្នុងនាមជាសហជីពតំណាងកម្មករសំណង់មិនបោះបង់ការទាមទារនោះឡើយ។

ជុំវិញរឿងនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់វិទ្យុស្ដ្រីតាមប្រព័ន្ធតេលេក្រាមថា ឆ្នាំនេះរាជរដ្ឋាភិបាល នឹងរៀបចំទិវានេះ នៅថ្ងៃទី២៧ ខែមេសាខាងមុខនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។

ស្របពេលដែលសហជីពវិស័យនានា គ្រោងប្រមូលផ្ដុំគ្នាជួបជុំក្នុងទិវានេះដែរ លោកណែនាំឱ្យសហជីព ឬសង្គមស៊ីវិលទាំងនោះ ដែលមានក្ដីកង្វល់ និងបានរកឃើញបញ្ហាប្រឈមណាមួយរបស់កម្មករនិយោជិត សូមយកករណីទាំងនោះដាក់ជូនក្រសួងការងារ ដើម្បីពិនិត្យដោះស្រាយជូនកម្មករនិយោជិត ដោយចៀសជាងយកករណីនេះជារបៀបវារៈផ្សេង ដែលមិនផ្តល់ប្រយោជន៍ពិតប្រាកដដល់កម្មករនិយោជិត។

កាលពីថ្ងៃទី២៤ ខែមេសា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញសារាចរស្ដីពីការរៀបចំទិវានេះផងដែរ។ ឆ្នាំនេះ ជាការប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់»។

ក្នុងសាចរនោះ សម្ដេច ណែនាំឱ្យក្រសួងការងារ សហការជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវរៀបចំប្រារព្ធទិវាពលកម្មអន្ដរជាតិនេះ ជាមួយកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធ។ ក្រៅពីប្រារព្វទិវាហើយ នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ត្រូវជ្រើសរើសទីតាំង ដើម្បីចងបដាពាក្យស្លោកនានាតាមខ្លឹមសារនៃទិវាពលកម្មអន្តរជាតិ៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង