en     km
en     km

មន្រ្តីអំពាវនាវជាថ្មីឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទោះបីកម្ពុជាមិនទាន់មានស្ថានភាពឆ្លងឡើងវិញក៏ដោយ

Share

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ពិសេសក្រុមមនុស្សមានវ័យចាស់ជរា អ្នកមានជំងឺប្រចាំកាយ និងអ្នកដែលមានប្រព័ន្ធការពារខ្សោយ សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទភីហ្វាយហ្សឺ(Pfizer) ដើម្បីការពារជាមុននូវការឈឺធ្ងន់ធ្ងរពីវីរុសកូវីដ-១៩ បំប្លែងថ្មីជេអ៊ិន.១(JN.1)។

សារអំពាវនាវនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលធ្វើឡើងតាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។រូបភាពពីហ្វេសប៊ុកលោកស្រី ឱ វណ្ណឌីន។

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបន្ថែមថា វីរុសកូវីដ-១៩បំប្លែងថ្មី ពពួកជេអ៊ិន.១(JN.1) និងប្រភេទផ្សេងទៀត បាននិងកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាង ក្នុងតំបន់និងនៅលើសាកលលោក។ ជាក់ស្តែង ប្រទេសថៃត្រូវបានរាយការណ៍មកថា មានការផ្ទុះឡើងវិញនូវករណីឆ្លងវីរុសកូវីដ-១៩ និងជាវីរុសបំប្លែងថ្មីប្រភេទជេអ៊ុន១ ដែលបង្កឱ្យមានអ្នកស្លាប់ចំនួន ៦នាក់ និងអ្នកឆ្លងមានរហូតដល់ជិត ២ ម៉ឺននាក់។

តាមរយៈស្ថានភាពនៃការផ្ទុះឡើងវិញនេះ មន្រ្តីក្រសួងសុខាភិបាលស្នើទៅកាន់ប្រជាពលរដ្ឋសូមទៅចាក់វ៉ាក់សាំងការពារនៅតាមមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដោយឥតគិតថ្លៃដើម្បីបង្ការជាមុននូវស្ថានភាពឈឺធ្ងន់ធ្ងរពីវីរុសនេះ។

ក្រៅពីសារអំពាវនាវឱ្យទៅទទួលវ៉ាក់សាំងដោយមិនចាំបាច់បង់ប្រាក់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏ក្រើនរំលឹកឱ្យបង្កើនការប្រុងប្រយ័ត្នដោយប្រកាន់ភ្ជាប់វិធានការ “៣ កុំ និង ៣ ការពារ” ដើម្បីអាចជួយកាត់បន្ថយជាអតិប្បរិមានូវបញ្ហាឈឺធ្ងន់ធ្ងរចូលសម្រាកក្នុងមន្ទីរពេទ្យ និងការស្លាប់ជាដើម។

រូបភាពពីហ្វេសប៊ុកលោកស្រី ឱ វណ្ណឌីន។

តាមរយៈ AKP ដដែលលោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមិនទាន់មានស្ថានភាពឆ្លងឡើងវិញនោះទេ ប៉ុន្តែលោកស្រីថា ការការពារប្រសើរជាងព្យាបាល ជាជម្រើសដ៏ល្អប្រសើរបំផុតសម្រាប់ពលរដ្ឋ។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា រោគសញ្ញារបស់ JN.1 នេះ មានភាពស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយធម្មតាដែរ ដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួតជាដើម។

យោងតាមទិន្នន័យស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥បានឱ្យដឹងថា កម្ពុជាមានអ្នកឆ្លងថ្មី ចំនួន២ នាក់ និងអ្នកជាសះស្បើយចំនួន២នាក់ ដោយគ្មានអ្នកបាត់បង់ជីវិតនោះទេ៕

Share

ព័ត៌មានទាក់ទង