រដ្ឋបាលខេត្តសៀមរាបច្រានចោលព័ត៌មានដែលថា ក្រសួងដែនដី ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងអង្គការយូណេស្កូ សម្រេចអនុញ្ញាតិឱ្យពលរដ្ឋនៅតំបន់អង្គរ ជួសជុល និងសាងសងផ្ទះថ្មី ដោយមិនមានការបណ្ដេញពលរដ្ឋចេញពីតំបន់អង្គរទៀតដែរ។ ការណ៍នេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកម្នាក់បង្ហោះកាលពីថ្ងៃទី១៩ ខែឧសភា ដោយអះអាងថា ខ្លួនលើកឡើងបែបនេះយោងទៅតាមលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ប៉ុណ្ណោះ។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ គណនីហ្វេសប៊ុកឈ្មោះ Lim Kimsor បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកក្នុងខ្លឹមសារដើមថា «ក្រសួងដែនដី ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ នឹងអង្គការយូណេស្កូ បានសម្រេចអនុញ្ញាតអោយពលរដ្ឋនៅតំបន់អង្គរ ជួសជុលនឹងសាងសងផ្ទះថ្មីហើយ ហើយក៏មិនមានការបណ្ដេញពលរដ្ឋចេញទៀតដែរ ដូច្នេះសូមមន្ដ្រីថ្នាក់ក្រោមស្ដាប់ថ្នាក់លើផង…»។ ការលើកឡើងយ៉ាងដូច្នេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាបបដិសេធ និងច្រានចោលនៅក្នុងថ្ងៃដដែលថា នេះជាការបំភ្លៃការពិត ដ្បិតបច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាបមិនទាន់មានគោលការណ៍ណែនាំថ្មីពីថ្នាក់ជាតិ និងពីរាជរដ្ឋាភិបាលជុំវិញការអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរជួសជុល ឬសាងសង់លំនៅដ្ឋានក្នុងបរិវេណតំបន់អង្គរនោះឡើយ។
ជុំវិញករណីនេះ អាជ្ញាធរខេត្តសៀមរាបយល់ថា ខ្លឹមសារនៃការបង្ហោះរបស់គណនី Lim Kimsor មានចេតនាបង្កឱ្យមានអសណ្តាប់ធ្នាប់សង្គម ដោយអះអាងថាការគ្រប់គ្រងនៅតំបន់រមណីដ្ឋានអង្គរ គឺអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាដូចការអនុវត្តកន្លងមក។
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ចំពោះគណនី Lim Kimsor បានបកស្រាយតបនឹងរដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៩ ខែឧសភាដដែល ដោយថា ខ្លួនយោងតាមការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណល់ សុទ្ធសាធ និងពុំមានចេតនាបំភ្លៃការពិតដូចការចោទប្រកាន់របស់រដ្ឋបាលខេត្តសៀមរាបនោះឡើយ។ អ្វីដែលយោងនោះគឺចេញពីប្រសាសន៍រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដែលលើកឡើងពីគម្រោងថ្មីសម្រាប់អភិវឌ្ឍទីជម្រករបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ ដោយសម្រេចបញ្ឈប់ការជម្លៀសនិងបន្តឱ្យពលរដ្ឋរស់នៅ ជួលជុលលំនៅដ្ឋាន និងរក្សាបាននូវជីវភាពសម្រាប់ពលរដ្ឋដែលជាម្ចាស់ស្រុកនៅទីតាំងនោះ។
បើយោងតាមវីដេអូចេញផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីដំណើរការរៀបចំដែនដី និងនគរូបនីយកម្មនៅតំបន់អង្គរ ដោយក្នុងនោះរួមបញ្ចូលទាំងការបញ្ចប់វិវាទដីធ្លីជាមួយប្រជាពលរដ្ឋនៅតំបន់អង្គរតាមការសន្ទនាស្របតាមគោលការណ៍ឈ្នះ-ឈ្នះ រៀបចំផ្លូវហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមរម្យសម្រាប់ឱ្យភ្ញៀវទេសចរនិងប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ បង្កើតគោលការណ៍រួមក្នុងការកសាងផ្ទះពលរដ្ឋបង្ហាញនូវភាពច្នៃប្រឌិតនិងបែបផែនរបស់អ្នកតំបន់អង្គរ និងផ្តល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋទាំងអ្នកនៅក្នុងតំបន់អង្គរនិងជនចំណាកស្រុកផ្សេងៗ។
សូមរំលឹកថា យោងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិចេញផ្សាយកាលពីឆ្នាំ២០២២ ឱ្យដឹងថា មានពលរដ្ឋប្រមាណ ១ម៉ឺនគ្រួសារ (១០.០០០) រស់នៅក្នុងតំបន់អង្គរ ត្រូវបានបណ្ដេញចេញដោយបង្ខំ។ ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ទទូចដល់រដ្ឋាភិបាលឱ្យគោរពសិទ្ធិពលរដ្ឋនៅតំបន់អង្គរ និងបញ្ឈប់ការបណ្ដេញដោយបង្ខំចេញពីលំនៅដ្ឋាន។ ពលរដ្ឋជាច្រើនគ្រួសារបានរស់នៅតំបន់អង្គរអស់ជាច្រើនជំនាន់មកហើយ។ ពលរដ្ឋទាំងនោះត្រូវបានអាជ្ញាធរប្រាប់ឱ្យចាកចេញពីលំនៅដ្ឋានបច្ចុប្បន្ន ហើយឱ្យទៅរស់នៅនៅតំបន់ថ្មី ដែលឆ្ងាយពីទីតាំងចាស់ ដែលតំបន់នោះបច្ចុប្បន្នគឺជាទីក្រុងរុនតាឯក ដែលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឱកាសការងារគ្រប់គ្រាន់នៅឡើយ។ ពលរដ្ឋមួយចំនួន បានចាកចេញទៅហើយ ចំណែកឯពលរដ្ឋមួយចំនួនទៀតមិនទាន់ចាកចេញនៅឡើយទេ ហើយកំពុងរងការគំរាមកំហែង រំលោភបំពាន និងករណីខ្លះរងនូវអំពើហិង្សាទៀតផង។ នេះបើយោងតាមខ្លឹមសាររបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូចុះផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤៕