ភ្នំពេញ៖ ព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា សម្ដេច គង់ សំអុល ឧបនាយកករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង បានស្នើដល់ព្រះមហាក្សត្រីកសាងព្រះរាជដំណាក់ថ្មីផងដែរ ក្នុងពេលឆាប់ៗនេះ។
ព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិដែលបានរំលែកការសោកស្ដាយ ក្រោយអគ្គិភ័យលេបត្របាក់ព្រះរាជដំណាក់តូចនៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ ខែមីនា។
ព្រះរាជសារចេញពីទីក្រុងប៉េកាំង ខណៈទ្រង់បានកំពុងមានវត្តមាននៅទីនោះ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ដ្រីក្រសួងព្រះបរមរាជវាំង កងកម្លាំងសមត្ថកិច្ច និងអភិបាលនៃគណអភិបាលខេត្តសៀមរាបផងដែរ ដែលបានអន្តរាគមន៍ពន្លត់ការឆាបឆេះនោះភ្លាមៗ។
សូមរម្លឹកថា កាលពីវេលាប្រហែលម៉ោង ២២យប់ ថ្ងៃទី១២ ខែមីនា មានករណីភ្លើងឆាបឆេះព្រះរាជដំណាក់នៅក្បែរបូជនីយដ្ឋានព្រះអង្គចេកព្រះអង្គចម ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្ដាញសង្គម។
ក្រសួងព្រះបរមរាជវាំងបានចេញសេក្ដីប្រកាសព័ត៌មានថា ករណីឆាបឆេះព្រះរាជវាំងតូចនៅខេត្តសៀមរាប បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី(ទុស្សេខ្សែភ្លើង)៕