en     km
en     km

គ.ជ.បអំពាវនាវឱ្យគណបក្សនយោបាយ និងអ្នកគាំទ្របក្សរក្សាក្រមសីលធម៌ អំឡុងឃោសនាបោះឆ្នោតព្រឹទ្ធសភា

Share

នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្ដីអំពាវនាវឱ្យគណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញត្តិ និងគោលការណ៍នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រមសីលធម៌ និងគោលការណ៍នានា ក្នុងអំឡុងការឃោសនាបោះឆ្នោតខាងមុខ។

ការអំពាវនាវរបស់គ.ជ.ប ធ្វើឡើងមុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ៣ថ្ងៃ។ លោកប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បញ្ជាក់ថា ការអំពាវនាវនេះ ដើម្បីធានាឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្ដិវិធី អហិង្សា មានសន្ដិសុខ និងសុវត្ថិភាព។

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល១៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ និងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោត។ គណបក្សនយោបាយចំនួន៤ ដែលចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ក្នុងនោះមានគណបក្សប្រជាជកម្ពុជា គណបក្សហ៊្វុន ស៊ិន ប៉ិច គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធភាពឆ្ពោះទៅមុខជាមួយគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិដែលជាគណបក្សទើបបង្កើតថ្មី។

ការ​បោះ​ឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា ​គឺជា​ការ​បោះ​ឆ្នោត​អសកល​ ដែល​ធ្វើ​ឡើង​រយៈ​ពេល​ ៦ ​ឆ្នាំ​ម្តង​ ហើយ​អ្នក​បោះ​ឆ្នោត ​និង​អង្គ​បោះឆ្នោត​ គឺ​តំណាង​រាស្ត្រ​ក្នុង​តំណែង ​ដែល​ជាប់​ឆ្នោត​ឆ្នាំ​ ២០២៣​ ដែល​មាន​ចំនួន​សរុប ​១២៥​នាក់ និងសមាជិក​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ទាំង​អស់​ក្នុង​តំណែង​ដែល​ជាប់​ឆ្នោត​ឆ្នាំ​ ២០២២ ​សរុប​ចំនួន ១ម៉ឺន ១ពាន់ ៦២២នាក់ (​១១៦២២​នាក់)។

សរុប​អង្គ​បោះ​ឆ្នោត​ទាំងអស់មាន​ចំនួន​ ១ម៉ឺន ១ពាន់ ៧៤៧នាក់ (១១៧៤៧​នាក់)​ នឹង​បោះ​ឆ្នោត​ក្នុង​ក្រប​ខណ្ឌ​នៃ​ភូមិ​ភាគ​នីមួយៗ​ ដែល​មណ្ឌល​បោះ​ឆ្នោត​បែង​ចែក​ជា​៨​ភូមិភាគ។​ ​បើ​យោង​តាម​បទ​បញ្ជា ​និង​នីតិវិធី​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ​ដែល​បោះ​ពុម្ព​ផ្សាយនា​ឆ្នាំ​២០២៣ ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតថា ការ​បោះ​ឆ្នោត​អសកល​នេះ​នឹង​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ​៦២​រូប​ ខណៈ​សមាជិក​ចំនួន​ ៥៨ ​រូប​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​អសកល​ និង​ជា​សម្ងាត់ ​តាម​រយៈ​អង្គ​បោះឆ្នោត។  ​​សមាជិក​ចំនួន​ ២​រូប ​ត្រូវ​ចាត់​តាំង​ដោយ​ព្រះ​មហា​ក្សត្រ​ និង​ ២រូប​ទៀត ​ត្រូវ​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា ​តាម​មតិ​ភាគ​ច្រើន។​ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយរដ្ឋមន្ដ្រី ធ្លាប់អះអាងថា សម្ដេចនឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា ក្នុងឆ្នាំ២០២៤នេះ។

យ៉ាងណា ក្រៅពីការអំពាវនាវដល់គណបក្សនយោបាយ គ.ជ.ប បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវគោលជំហអព្យាក្រឹត្យ ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗអាចអនុវត្ដកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយស្មើភាពគ្នាផងដែរ។ គ.ជ.ប សង្ឃឹមថា គណបក្សនយោបាយ និងអាជ្ញាធរ នឹងចូលរួមសហការតាមការអំពាវនាវ ដើម្បីធ្វើយ៉ាងណាឱ្យការឃោសនាដំណើរការលូន ធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕

Share

ព័ត៌មានទាក់ទង