រូបភាពៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញ៖ ជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យខេត្តចំនួន១០រងផលប៉ះពាល់ ក្នុងនោះមានប្រជាពលរដ្ឋជិត៣ពាន់គ្រួសារងផលប៉ះពាល់។ គ្រោះមហន្តរាយនេះ ធ្វើឱ្យផ្ទះពលរដ្ឋ សាលារៀន វត្តអារាម និងមណ្ឌលសុខភាព មួយចំនួនត្រូវលិចទឹក។ ផលប៉ះពាល់ចម្បងនោះគឺដំណាំស្រូវរបស់កសិករ ដែលផ្លែរៀបនឹងទទួលបានផលទៅហើយ ប៉ុន្តែទឹកលិចធ្វើឱ្យខូចទាំងអស់។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍
លោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៦ខែកក្កដឆ្នាំ២០២៤នេះថា ជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តចំនួន១០បានរងនូវផលប៉ះពាល់ដូចជា ទឹកហូរកាត់ផ្លូវ ធ្វើឱ្យខូចខាតផ្លូវ គ្រួសក្រហមជនបទ និងបាក់ស្រ៊ុតផ្លូវមួយចំនួន បណ្តាលឱ្យទឹកហូរចូលផ្ទះប្រជាពលរដ្ឋ ជាពិសេសនោះបានធ្វើឱ្យប៉ះពាល់ទៅលើដំណាំស្រូវ។
លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងទៀតថាខេត្តចំនួន១០ ដែលបានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនោះ រួមមានខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ សៀមរាប រតនគីរី មណ្ឌលគីរី កំពង់ធំ ឧត្តរមានជ័យ បាត់ដំបង និងកំពង់ស្ពឺ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២,៧៩០ គ្រួសារមានប្រមាណ១១,១៦០នាក់ ផ្ទះលិចទឹក៧៨ខ្នង សាលារៀន១០កន្លែង វត្តអារាម ៣កន្លែង និងមណ្ឌលសុខភាព១កន្លែង ។ក្នុងនោះអាជ្ញាធរមូលដ្ឋានក៏បានជន្លៀសប្រជាជនចំនួន៥គ្រួសារទៅកាន់ទីទួលសុវត្ថិភាព និងសត្វពាហនៈ១៣ក្បាល ពិសេសប៉ះពាល់ដល់ដំណាំស្រូវលិចទឹកចំនួន២៩១៣ហិកតា និងដំណាំរួមផ្សំលិចទឹកចំនួន១២៥៧ហិកតា ផងដែរ។
លោក សុទ្ធ គឹមកុលមុនី
លោក សុទ្ធ គឹមកុលមុនី ៖« ក្នុងចំណោម១០ខេត្ត គឺខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំប៉ះពាល់ធ្ងន់ជាងគេ ជាពិសេសទៅលើដំណាំស្រូវ ឆ្លើយតប នូវនឹងសភាពការណ៍ពីគ្រោះមហន្តរាយពីជំនន់ទឹកភ្លៀងនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធបានជួយអន្តរាគម បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដែលមិនបណ្តាលឱ្យប្រជាពលរដ្ឋយើងណាម្នាក់បាត់បង់ជីវិតឡើយ»។
លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងបន្ថែមថា ចំពោះការស្តារឡើងវិញរាជរដ្ឋាភិបាលក៏បានគិតគូរត្រៀមលក្ខណៈរួចជាស្រេច ទាំងស្បៀង ទាំងពូជ ដំណាំ ពូជស្រូវ គ្រាន់តែការផ្តល់ពូជស្រូវ ពូជដំណាំផ្សេងៗគឺអាស្រ័យលើស្ថានភាពជាក់ស្តែង និងមូលដ្ឋាននោះអាចស្តារឡើងវិញបាន។
ដោយឡែកគិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងបានលិចលង់ដំណាំនៅក្នុងខេត្តចំនួន៧ គឺខេត្តកំពង់ធំ ព្រះវិហារ បាត់ដំបង ក្រចេះ កំពង់ស្ពឺ សៀមរាប និងខេត្តត្បូងឃ្មុំ ក្នុងនោះ លិចលង់ដំណាំស្រូវសរុបចំនួន ៦,២៦៣ ហិកតា បណ្តាលឱ្យខូចខាតចំនួន ១,១១៦ ហិកតា និងលិចលង់ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មចំនួន ៣៤០ហិកតា។
លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា ស្រូវដែលខូចខាត គឺជាស្រូវដែលបានចេញផ្លែរៀបនឹងទទួលបានផលទៅហើយ ប៉ុន្តែទឹកលិចធ្វើឱ្យស្រូវស្អុយ និងខូចទាំងអស់៕
រូបភាពៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ