ព្រះវិហារ៖ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែតភ្ជាប់ពីផ្លូវជាតិ៦២ ចូលមកភូមិអភិវឌ្ឍន៍ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ រងការខូចខាតយ៉ាងដំណំ ដោយអ្នកធ្វើដំណើរឆ្លងកាត់ត្រូវប្រឈមគ្រោះថ្នាក់ ខណៈផ្លូវមានជង្ហុកច្រើននិងទឹកហូរដាច់ផ្លូវដោយអន្លើ។ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបញ្ជាក់ថានឹងលើសំណើជួសជុលឆាប់ៗដើម្បីជួយដោះស្រាយការលំបាកជូនពលរដ្ឋ។
ផ្លូវក្រាលគ្រួសក្រហមតភ្ជាប់ពីផ្លូវជាតិ ៦២ ចូលមកភូមិអភិវឌ្ឍន៍ ត្រូវរងការខូចខាតយ៉ាងខ្លាំងដោយបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។រូបភាពពី មាន សុវណ្ណារិទ្ធ ។
ប្រជាពលរដ្ឋនិងគ្រួសារអតីតយុទ្ធជនប្រមាណជាង៣០០គ្រួសារស្ថិតនៅសង្កាត់ប៉ាលហាល បានអំពាវនាវទៅកាន់អាជ្ញាធរមូលដ្ឋានជួយជួសជុលផ្លូវឡើងវិញ ខណៈស្ថានភាពផ្លូវរងការខូចខាតយ៉ាងដំណំ ជាងនេះបើមិនជួសជុលទាន់ពេលនោះទេ នោះផ្លូវមួយខ្សែនេះនឹងកាន់តែខូចខ្លាំងទៅៗជាពុំខាន។
ប្រជាពលរដ្ឋភូមិអភិវឌ្ឍន៍ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយគិតគូរពីការកសាងផ្លូវខូចខណៈលំបាកធ្វើដំណើរយ៉ាងខ្លាំង។រូបភាពពី មាន សុវណ្ណារិទ្ធ ។
ផ្លូវមួយខ្សែដែលរងការខូចខាតនោះមានប្រវែងជាង២៥០០ម៉ែត្រតភ្ជាប់ពីផ្លូវជាតិ ៦២ ចូលមកភូមិអភិវឌ្ឍន៍ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ទៅដល់អន្លង់វិល ដោយបច្ចុប្បន្នមានជង្ហុកធំៗ និងកន្លែងខ្លះត្រូវទឹកហូរច្រោះដាច់ផ្លូវពិបាកធ្វើដំណើរ ជាពិសេសអ្នកដំណើរជាសិស្សសាលា ស្ត្រីមានផ្ទៃពោះ ជនពិការជាដើមត្រូវជួបប្រឈមបញ្ហាខ្លាំង។
ប្រជាពលរដ្ឋលើកឡើងថាមានករណីដួលម៉ូតូ និងកង់ពេលធ្វើដំណើរលើផ្លូវនេះ។ រូបភាពពី មាន សុវណ្ណារិទ្ធ ។
លោក ម៉ែន សារិន ជាអតីតគ្រួសារយុទ្ធជនរស់នៅភូមិអភិវឌ្ឍន៍ តំណាងឲ្យប្រជាពលរដ្ឋ ៣០០ ខ្នងផ្ទះខាងលើប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារថា កន្លងមកនេះផ្លូវមួយខ្សែភ្ជាប់ពីផ្លូវជាតិមកដល់អន្លង់វិលកាន់តែមានសភាពខូចខាតពីថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីភ្លៀងបន្តធ្លាក់ជាប់គ្នា។ លោកថា ស្ថានភាពផ្លូវបច្ចុប្បន្ននេះ ខូចខាតយ៉ាងខ្លាំងលំបាកធ្វើដំណើរ ព្រោះមានជង្ហុកធំៗ និងកន្លែងខ្លះត្រូវទឹកហូរដាច់ផ្លូវខូចដោយអន្លើៗ។ លោកបញ្ជាក់ថា ពេលប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវនេះម្តង ត្រូវប្រឈមបញ្ហាគ្រោះថ្នាក់ព្រោះផ្លូវមានសភាពរអិលខ្លាំងបង្កឱ្យអ្នកបើកបរដួល វេរចង្កូត ពេលខ្លះក៏មានករណីដួលម៉ូតូ និងកង់ផងដែរ។ ហើយអ្នកប្រឈមបញ្ហាជាងគេ គឺមានស្រ្តីមានផ្ទៃពោះ កុមារ និងជនពិការ ជាដើម។
លោក ម៉ែន សារិន ជាអតីតគ្រួសារយុទ្ធជនរស់នៅភូមិអភិវឌ្ឍន៍។រូបភាពពី មាន សុវណ្ណារិទ្ធ ។
ចំពោះមុខបញ្ហាប្រឈមនេះ លោក ម៉ែន សារិន សំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធជួយជួសជុលផ្លូវឡើងវិញឆាប់ៗនេះ ដើម្បីប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឆ្លងកាត់ កាត់បន្ថយអត្រាគ្រោះថ្នាក់ពេលបើកបរ។
ស្ថានភាពផ្លូវពិបាកធ្វើដំណើរយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។រូបភាពពី មាន សុវណ្ណារិទ្ធ ។
រីឯអ្នកស្រី នឿន រីន ប្រជាពលរដ្ឋរស់នៅភូមិអភិវឌ្ឍន៍មួយរូបទៀតនិយាយថា ផ្លូវនេះរងការខូចខាតយូរឆ្នាំណាស់មកហើយ ក៏ប៉ុន្តែឆ្នាំនេះផ្លូវមួយខ្សែនេះកាន់តែមានសភាពខូចខ្លាំងពិបាកធ្វើដំណើរ។ អ្នកស្រីសម្តែងក្តីព្រួយបារម្ភបើសិនជាផ្លូវនេះមិនត្រូវបានជួលជុលទាន់ពេលទេនោះ នោះនឹងអាចធ្វើឱ្យផ្លូវកាន់តែខូចខាតខ្លាំង ហើយសិស្សានុសិស្សទៅសិក្សាយឺតពេល និងអ្នកជំងឺឬស្រ្តីមានផ្ទៃពោះអាចជួបគ្រោះថ្នាក់ពេលធ្វើដំណើរទៅមន្ទីរពេទ្យ។
អ្នកស្រី នឿន រីន ប្រជាពលរដ្ឋរស់នៅភូមិអភិវឌ្ឍន៍អំពាវនាវដល់អាជ្ញាធរមូលដ្ឋានជួយជួសជុលផ្លូវឡើងវិញជៀសវាងកាន់តែខូចខាត។រូបភាពពី មាន សុវណ្ណារិទ្ធ ។
ជុំវិញផ្លូវខូចនេះលោក ឆាត់ ឈួន ចៅសង្កាត់ប៉ាលហាលប្រាប់ឱ្យដឹងថា គម្រោងជួសជុលផ្លូវខាងលើនេះ មិនមែនជាគម្រោងមូលនិធិឃុំសង្កាត់នោះទេ គឺជាគម្រោងថ្នាក់ក្រោមជាតិអ្នកទទួលបន្ទុក។
ស្ថានភាពផ្លូវពិបាកធ្វើដំណើរយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។រូបភាពពី មាន សុវណ្ណារិទ្ធ ។
ដោយឡែកលោក ណន សុខនៅ ប្រធានអង្គភាពលទ្ធកម្មខេត្តព្រះវិហារបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវភ្ជាប់ពីផ្លូវជាតិលេខ ៦២ ទៅអន្លង់វិលក្នុងភូមិអភិវឌ្ឍន៍នេះ ស្ថិតនៅក្នុងគម្រោងរបស់ថ្នាក់ក្រោមជាតិដែលបានដាក់ស្នើសុំកសាងក្នុងឆ្នាំ២០២៤នេះ។ លោកបន្ថែម ឆ្នាំ២០២៤នេះមានសំណើទៅថ្នាក់ជាតិចំនួន ១២គម្រោង តែបច្ចុប្បន្នគម្រោងធ្លាក់មកបានតែ ៣ ប៉ុណ្ណោះ ហើយផ្លូវដែលពលរដ្ឋភូមិអភិវឌ្ឍន៍អំពាវនាវនេះមិនស្ថិតក្នុងគម្រោងទាំងបីដែលធ្លាក់មកនោះទេ ទើបធ្វើឱ្យមានការយឺតយ៉ាវក្នុងការជួសជុល។
ប្រជាពលរដ្ឋលើកឡើងថាមានករណីដួលម៉ូតូ និងកង់ពេលធ្វើដំណើរលើផ្លូវនេះ។ រូបភាពពី មាន សុវណ្ណារិទ្ធ ។
តែលោកបញ្ជាក់ថា លោកនឹងនាំយកក្តីកង្វល់នេះទៅរាយការណ៍ទៅអង្គភាពពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពសំណើនៅចុងខែវិច្ឆិកានេះ ករណីប្រសិនបើ គម្រោងផ្លូវមួយខ្សែនេះមិនអាចធ្វើមកចុងឆ្នាំនេះទេ លោកនឹងធ្វើសំណើបន្តទៀតសម្រាប់ដើមឆ្នាំ២០២៥។ លោកប្រធានអង្គភាពលទ្ធកម្មខេត្តព្រះវិហារអះអាងថា ដូចនាមលោកជាថ្នាក់ដឹកនាំ លោកក៏មានការព្រួយបារម្ភមិនចាញ់ប្រជាពលរដ្ឋនោះទេ ពោលគឺទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ៕
អត្ថបទខ្លីសរសេរដោយ មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។