ពលរដ្ឋកម្ពុជាជិត១ម៉ឺន៤ពាន់នាក់ស្លាប់ដោយសារជំងឺមហារីកក្នុងមួយឆ្នាំ ដោយក្នុងនោះមានមនុស្សម្នាក់ស្លាប់រៀងរាល់៤០នាទីម្ដង។ រដ្ឋមន្ត្រីសុខាភិបាលព្រមានថា អត្រាមរណដោយសារជំងឺមហារីកនេះមានកម្រិតខ្ពស់ដល់ទៅ៧០% ដែលទាមទារឱ្យមានវិធានការដោះស្រាយ។
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយ នៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋជិត១ម៉ឺន៤ពាន់នាក់ស្លាប់បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។ លោកថ្លែងបែបនេះក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។
«អត្រាមរណៈដែលបង្កឡើងដោយជំងឺមហារីក៖ មនុស្សស្លាប់ជិត ១៤ ០០០នាក់ ក្នុងមួយឆ្នាំ ស្មើនឹងអត្រាខ្ពស់លើស ៧០% ពីព្រោះអត្រាជាមធ្យមនៅលើពិភពលោកគឺ ៤៨%។ អត្រាមរណៈដោយសារជំងឺមហារីកនេះ មានន័យថា មានមនុស្សស្លាប់ម្នាក់ដោយសារជំងឺមហារីក រៀងរាល់ ៤០នាទីម្តងនៅកម្ពុជា ឬប្រមាណ ៣៨នាក់ក្នុងមួយថ្ងៃ ធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ទៅក្នុងទុក្ខលំបាក បន្សល់ទុក នូវកូនកំព្រា បុរសពោះម៉ាយ ឬស្ត្រីមេម៉ាយទុរគត»។
លោករដ្ឋមន្ត្រីសុខាភិបាលបានសង្កត់ធ្ងន់ថា ករណីជំងឺមហារីកនេះ ក៏កើតមានចំពោះកុមារ ផងដែរ ហើយការព្យាបាលនៅកម្ពុជាអត្រាព្យាបាលជាសះស្បើយនៅក្នុងកម្រិតទាប បើធៀបនឹងពិភពលោកទាំងមូល។
«កាន់តែគួរឱ្យសោកសង្រេងទៅទៀតនោះ គឺសោកនាដកម្មនេះកើតមានលើកុមារផងដែរ ដែលក្នុងមួយឆ្នាំ មានប្រមាណ ៦០០ករណីនៅកម្ពុជា។ នៅទូទាំងពិភពលោក ជំងឺមហារីកកុមារអាចព្យាបាលជាសះស្បើយ ៨០% ប៉ុន្តែនៅកម្ពុជា អត្រានេះមានទាបជាង ២០%ប៉ុណ្ណោះ។ ប្រសិនបើស្ថានភាពនៅតែដដែល ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ ២១០ ០០០នាក់ ទាំងក្មេង និងចាស់ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ ចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជនខេត្តស្ទឹងត្រែង ឬខេត្តកែប និងខេត្តប៉ៃលិនរួមបញ្ចូលគ្នា ឬជិតស្មើនឹងចំនួនប្រជាជននៅក្រុងសៀមរាប»។
របាយការណ៍របស់ក្រសួងសុខាភិបាល កាលពីដើមខែមីនា ឆ្នាំ២០២៥នេះ បានឲ្យឹងថា កាលពីឆ្នាំ២០២៤ ជំងឺមហារីកដែលកត់ត្រានៅកម្ពុជាមានរហូតដល់ទៅជាង ៣សែននាក់ កើនឡើងដល់ទៅ៨៧,៤ភាគរយ ។ នៅក្នុងនោះគេកត់ត្រាថា ជំងឺមហារីកសុដន់ច្រើនជាងគេ គឺចូលជាង២០ភាគរយ បន្ទាប់មក គឺមហារីកមាត់ស្បូនដែលមានជាង ១១ភាគរយ ។ នៅក្នុងចំណោមអ្នកជំងឺទាំងអស់នោះ មានអ្នកដែលស្លាប់ដោយសារតែជំងឺនេះមាន១២៧នាក់ហើយ។
បើតាមលោក ឈាង រ៉ា ជំងឺមហារីក មិនត្រឹមតែជាទម្ងន់នៃការឈឺចាប់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងខាតបង់កម្លាំងដ៏សំខាន់សម្រាប់ជាតិផងដែរ។ ឆ្លើយតបនឹងការកើនឡើងនៃជំងឺមហារីកនេះ ក្រសួងសុខាភិបាល បានដាក់យុទ្ធសាស្ត្រ៦ចំណុច ដើម្បីទប់ទល់ ដោយរួមបញ្ចូលការលើកកំពស់ការបង្ការបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានា ដើម្បីកាត់បន្ថយកត្តាប្រឈមនៃជំងឺមហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថាន និងការពង្រឹងអភិបាលកិច្ច។
ដើម្បីចាប់ផ្តើ