en     km
en     km

គណបក្សកម្លាំងជាតិអំពាវនាវឱ្យក្រសួងមហាផ្ទៃកុំផ្លាស់ប្ដូរសមាជិកឃុំ-សង្កាត់បក្សភ្លើងទៀន ខណៈរកឃើញការរំលោភសិទ្ធិមួយចំនួន

Share

គណបក្សកម្លាំងជាតិ ដែលទើបបោះជំហានក្នុងឆាកនយោបាយ និងបានចាត់ទុកគណបក្សភ្លើងទៀន ជាគណបក្សដើមរបស់ថ្នាក់ដឹកនាំគណបក្សខ្លួន បានអំពាវនាវឱ្យក្រសួងមហាផ្ទៃ កុំទទួលចាត់ការនូវរាល់សំណុំឯកសារ នៃការស្នើសុំផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលស្នើដោយគណបក្សភ្លើងទៀន។ គណបក្សកម្លាំងជាតិបញ្ជាក់ថា ការស្នើឱ្យផ្លាស់ប្ដូរនេះ គឺជាទង្វើរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធនយោបាយ និងរំលោភសិទ្ធិពលរដ្ឋម្ចាស់ឆ្នោត។

គណបក្សភ្លើងទៀន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានស្នើឱ្យក្រសួងមហាផ្ទៃពន្លឿនការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនសរុបប្រមាណ ៣០រូប ទូទាំងប្រទេស ខណៈសមាជិកខ្លះបានលាលែងពីបក្សភ្លើងទៀន ខ្លះទទួលអនិច្ចកម្ម និងខ្លះទៀតត្រូវបានបក្សភ្លើងទៀនបញ្ចប់សមាជិកភាពជាដើម។ ផ្អែតតាមគណបក្សកម្លាំងជាតិ ថាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ គណបក្សភ្លើងទៀនបានបណ្ដេញចេញពីតួនាទីសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត ចំនួន៥រូប បន្ថែមទៀត នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ការបណ្ដេញចេញនូវសមាជិកភាពបែបនេះ គណបក្សកម្លាំងជាតិចាត់ទុកថា ជាទង្វើផ្ដាច់ការមួយ ក្នុងចំណោមទង្វើផ្ដាច់ការជាច្រើនទូទាំងប្រទេស ដែលអនុវត្តដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀន ទៅលើសកម្មជនតស៊ូ លះបង់ ស្មោះត្រង់។  គណបក្សថ្មីនេះបន្ដថា ទង្វើនេះក៏បានបង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុត ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត។

ទាក់ទិនរឿងនេះ វិទ្យុស្ដ្រីមិនទាន់អាចសុំការឆ្លើយតបពីលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានទេ ដោយទូរសព្ទមិនអាចទាក់ទងបាន។ ជាមួយគ្នា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានលើកឡើងថា ក្រសួងមហាផ្ទៃនឹងផ្អែកតាមគោលការណ៍រដ្ឋបាល និងគោលការណ៍ច្បាប់ដែលនឹងជាធរមាន។ ចំណែកគណបក្សទាំងពីរលោកថា ក្នុងសមភូមិនយោបាយភាគីទាំងពីរអាចជជែកគ្នា ក្នុងកម្រិតណាមួយឱ្យតែសមស្របតាមផ្លូវច្បាប់។

យ៉ាងណាគណបក្សកម្លាំងជាតិថា ត្រូវតែចេញមុខការពារយុត្តិធម៌ជូនអ្នកដែលកំពុងរងគ្រោះដោយទង្វើផ្ដាច់ការ និងជំរុញឱ្យក្រុមមេដឹកនាំគណបក្សភ្លើងទៀន ងាកមកអនុវត្តតាមគន្លងគោលការណ៍ប្រជាធិបតេយ្យ សេរីឡើងវិញ ស្របតាមស្មារតីដើមរបស់អតីតស្ថាបនិកគណបក្សភ្លើងទៀន៕

Share

ព័ត៌មានទាក់ទង