en     km
en     km

គណបក្សកម្លាំងជាតិ ស្នើរដ្ឋាភិបាល ដោះស្រាយបញ្ហា នៃវិបត្តិបំណុល ពលរដ្ឋដែលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

Share

គណបក្ស កម្លាំងជាតិ កាលពីថ្ងៃទី១៣ ខែ ធ្នូ  ឆ្នាំ២០២៣  បានដាក់សំណើមួយ ជូនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា  ស្នើសុំពិនិត្យលើលទ្ធភាពដោះស្រាយបញ្ហា នៃវិបត្តិបំណុលវ័ណ្ឌក ក្នុងចំណោមប្រជាពលរដ្ឋដែលបាន ខ្ចីប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនក្នុងស្រុក។ ក៏ប៉ុន្តែមន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលបដិសេធ មិនទាន់អាចអត្ថាធិប្បាយអី្វបានទេជុំវិញសំណើនេះ។

(លោកអ៊ុក ដែន សូមជូននូវសេចក្តីរាយការណ៍)

មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលនិយាយថា មិនទាន់អាចអត្ថាធិប្បាយអី្វបានទេ  ជុំវិញសំណើរបស់ គណបក្ស កម្លាំងជាតិ បានដាក់លិខិតសំណើមួយច្បាប់ជូន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីថ្ងៃទី១៣ ខែ ធ្នូ  ឆ្នាំ២០២៣ ដែលស្នើសុំពិនិត្យលទ្ធភាពដោះស្រាយវិបត្តិបំណុលវ័ណ្ឌ ក ក្នុងចំណោមប្រជាពលរដ្ឋដែលបាន ខ្ចីប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនក្នុងស្រុក។ សំណើនោះបានលើកឡើងថា៖

  «ផ្អែកតាមរបាយការណ៍ ស្រាវជ្រាវជាច្រើនបង្ហាញថា គិតមកដល់ឆ្នាំ២០២៣នេះ មានគ្រួសារជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន កើនឡើងរហូតដល់ជាង ៣លានគ្រួសារ ស្មើនឹង ប្រមាណ ៧៣% នៃគ្រួសារសរុបជាង ៤លានគ្រួសារ ដែលមានទំហំបំណុលលើសពាក់កណ្តាលនៃផលិតផលសរុបក្នុងស្រុក (GDP)”។ ការណ៍នេះ គ្រួសារដែលកំពុងជំពាក់បំណុលវ័ណ្ឌក ប្រឈមនឹងការបង្ខំរឹបអូសទ្រព្យសកម្មរបស់ពួកគាត់ដើម្បីទូទាត់បំណុល ពីព្រោះគ្រប់ប្រភេទនៃគម្រោងប្រាក់កម្ចី គឺសុទ្ធតែដាក់តម្កល់នូវប្លង់រឹងបញ្ជាក់ពីកម្មសិទ្ធិទ្រព្យសកម្មនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន ដូចជា ប្លង់ផ្ទះ និងប្លង់ដីធ្លីស្រែចំការជាដើម»

នៅក្នុងសំណើនោះ គណបក្សកម្លាំងជាតិបានឆ្លៀតផ្ដល់អនុសាសន៍របស់ខ្លួនថា រាជរដ្ឋាភិបាល គួរប្រើប្រាស់បំណុលសាធារណៈរបស់រដ្ឋ (Public Debts) ដើម្បីយកទៅដោះស្រាយវិបត្តិបំណុលវ័ណ្ឌករបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារកសិករ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល គួរបង្កើតគោលនយោបាយស្តីពីការអនុគ្រោះបញ្ចុះអត្រាការប្រាក់ រួមទាំងការ ពន្យារពេលសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន យ៉ាងហោចណាស់ចំនួន ២ (ពីរ)ឆ្នាំ ចំពោះ ប្រជាពលរដ្ឋដែលជំពាក់បំណុលវ័ណ្ឌក។ បន្ថែមលើនេះ គណបក្សប្រឆាំងនេះណែនាំរាជរដ្ឋាភិបាល គួរជំរុញឱ្យធនាគារអភិវឌ្ឍន៍ជនបទ និង (កសិកម្ម (ADB) ដែលជាសហគ្រាសសាធារណៈរបស់រដ្ឋ រៀបចំគម្រោងផ្តល់ហិរញ្ញប្បទានបៃតង មួយផ្នែកទុកសម្រាប់ផ្តល់ជូនគ្រួសារកសិករដែលកំពុងជំពាក់បំណុលវ័ណ្ឌក ដើម្បីបានខ្ចីប្រាក់កម្ចីដែលមានអត្រាការប្រាក់ ទាបបំផុត»។

 ជុំវិញរឿងនេះ​ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបប្រាប់វិទ្យុស្ត្រី តាមប្រព័ន្ធ វ៉តស្អាប (WHATSAPP) ដោយបដិសេធមិនផ្ដល់ប្រិតិកម្មអ្វីឡើយ។

លោកបានសំណេថា៖ «ខ្ញុំអត់មានអត្ថាធិប្បាយអីទេ  បើមានព័ត៌មានអីថ្មី   ចាំខ្ញុំជម្រាបជូន   សូមអរគុណ»
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

នៅក្នុងរឿងនេះតាមរយៈការផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុស្ត្រី អ្នកតាមដានការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី យល់ថា   ការលើកឡើងពីពលរដ្ឋភាគច្រើនវ័ណ្ឌ ក នឹងបំណុលនោះ មិនខុសទេ ដ្បិតពលរដ្ឋខ្មែរប្រមាណ ៨០-៩០ ភាគរយ ដែលជំពាក់បំណុល ។  តែលោកយល់ថាបច្ចុប្បន្នទំនងរដ្ឋាភិបាលក៏មិនអាចមានលទ្ធភាពដោះស្រាយបញ្ហានេះបានដែរ ព្រោះបញ្ហាសេដ្ឋកិច្ច ហើយលោកផ្ដល់ការវិភាគថា ដើម្បីជួយមិនឱ្យកូនបំណុលបង់ប្រាក់ វាមិនមែនជារឿងធម្មតាទេ លុះត្រាតែរដ្ឋាភិបាលមានលុយច្រើនណាស់ទើបអាចធ្វើទៅបាន ។

 «ខ្ញុំមិនរំពឹងថារដ្ឋនិងមានលទ្ធភាពធ្វើយ៉ាងម៉េចបាន យើងដឹងហើយថា ការកាត់បំណុលឬជួយមិនឱ្យសងបំណុលអីនេះ វាមិនមែនជារឿងធម្មតា ដែលគ្រាន់តែយកលុយឬក៏ប្រាប់ទៅធនាគាឱ្យឈប់សងបាននោះទេ ធនាគារ ហើយនឹងស្ថាប័ន្ថប្រាក់កម្ចី វាក៏ជាសសៃរឈាមសេដ្ឋកិច្ចជាតិដែរបាទ។  ឧទាហរណ៍ថារាស្ត្រឈប់បង់​ តើរដ្ឋមានលទ្ធភាពអីជួយទប់ដល់ស្ថាប័ន្ថ ប្រាក់កម្ចីទាំងអស់និងដើម្បីឱ្យគេរស់បានដែរបាទ  ស្ថាប័ន្ថប្រាក់កម្ចីទាំងអស់ហ្នឹង មែនទែនទៅ ក៏គេមានភាគហ៊ុនឬក៏ខ្ចីពីខាងក្រៅមកដែរ  បើផ្តួលគេខាងក្នុង គ្នាហ្នឹងក៏មិនមានលទ្ធភាពអីសងគេទៅម្ចាស់ជំនួយឬម្ចាស់ភាគហ៊ុនដែលគេដាក់ហ៊ុនមកពីខាងក្រៅ ឬក៏កម្ចីដែលគេខ្ចីមកពីខាងក្រៅដែរ វាពាក់ព័ន្ធគ្នាអញ្ចឹង បានតែថា វាទាល់តែរដ្ឋាភិបាលនិងមានលទ្ធភាព បានអាចធ្វើទៅកើត»
លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍន៍សង្គម

ពលកម្ម​កុមារ​ ​និង​កុមារ​បោះបង់​ការសិក្សា​ដោយសារ​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​គឺ​កើតឡើង​ញឹកញាប់​ខ្លាំង​ ​។​ ​ប្រមាណ​ជា​ ​៣​%​នៃ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ ​បាន​ឱ្យ​កូន​បោះបង់​ការសិក្សា​ ​ដោយសារតែ​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​ដោយ​កុមារ​ជាច្រើន​ត្រូវ​ទៅ​ធ្វើការ​ជួយ​រក​ប្រាក់​ ​ដើម្បី​បង់​សង​ក​ម្ចី​ទាំងនោះ​វិញ​ ​។ នេះបើតាមរបាយការណ៍របស់អង្គការ​សមធម៌​កម្ពុជា​ ​និង​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​(លី​កា​ដូ) ដែលបានចេញផ្សាយនៅខែសីហា ឆ្នាំ២០២៣។ របាយការណ៍​នេះបានសិក្សាស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់ជំពាក់​ក​ម្ចី​ខ្នាត​តូច​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ ​បង្ហាញ​ពី​ការ​រក​ឃើញ​នៅ​ក្នុង​ការស្ទង់មតិ​មួយ​ទៅលើ​ប្រជាពលរដ្ឋ​ចំនួន​ ​៧​១​៧​ខ្នង​ផ្ទះ​​។​ ការ​សិក្សាស្រាវជ្រាវ​នេះ​ ​បង្ហាញ​ថា​ ​ការ​រីក​រាលដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើនលើស​លប់​ ​បាន​នាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន​ ​រួម​មាន​ភាព​អត់ឃ្លាន​ ​ពលកម្ម​កុមារ​ ​និង​កា​រលក់​ដី​ដោយបង្ខំ​ជាដើម​ ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​៕

អត្ថបទ៖អ៊ុក ដែន

 

 

Share

ព័ត៌មានទាក់ទង