ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមកូដករណាហ្គាវើលជិត៣០នាក់ នាំគ្នាមកក្រសួងការងារជាថ្មី ដើម្បីតាមដានលើពាក្យបណ្តឹងរបស់ពួកគេដែលបានដាក់ជាងមួយខែមកហើយ ខណ់ពុំទាន់មានការកោះហៅមកដំណោះស្រាយនៅឡើយ។ ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា ក្រសួងអស់សមត្ថកិច្ចដោះស្រាយក្នុងវិវាទនេះទៀតហើយ ដោយបង្វែរឱ្យកូដករប្តឹងទៅតុលាការ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ក្រុមកូដករនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល ជិត៣០នាក់ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានប្រមូលផ្តុំគ្នាជាថ្មីនៅមុខក្រសួងការងារ ដើម្បីតាមដានលើពាក្យបណ្តឹងរបស់ខ្លួនទាមទារបីចំណុចធំៗដែលពួកគេបានដាក់កាលពីខែមុន ។
ចំណុចទាមទារទាំងបីសំខាន់ៗនោះរួមមាន ទី១.ទាមទារក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ២៩នាក់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល (Naga Academy) ចូលធ្វើការវិញ និងគិតប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។
ទី២. ទាមទារក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ២៨១នាក់ និងផ្នែក ETPចំនួន ១១នាក់ ដែលបានចូលរួមធ្វើកូដកម្មចូលធ្វើការនៅកន្លែងដើមវិញ និងគិតប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។
និងទី៣. ទាមទារក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ៨៥នាក់ ដែលក្រុមហ៊ុនបញ្ឈប់ដោយខុសច្បាប់ចូលធ្វើការវិញ ដោយគិតប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។
សកម្មភាពមន្រ្តីក្រសួងការងារមកសម្របសម្រួលក្រុមកូដករក្នុងការដាក់ញត្តិ។
កញ្ញា មាស ស្រីអូន អតីតបុគ្គលិកណាហ្គាវើលម្នាក់និយាយ កញ្ញានិងអតីតបុគ្គលិកផ្សេងទៀតត្រូវការការដោះស្រាយឱ្យបានឆាប់រហ័ស ដើម្បីអាចចូលធ្វើការងារវិញមានប្រាក់បៀរវត្តន៍ទ្រទ្រង់ជីវភាពគ្រួសារ ខណៈវិវាទមួយនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ កញ្ញាចាត់ទុកការអូសបន្លាយពេលដោះស្រាយរបស់ក្រសួងការងារយូរបែបនេះ នាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតបុគ្គលិក ហើយក៏ស្តែងឱ្យឃើញថា ក្រសួងមានភាពកម្សោយបង្កប់នូវចរិតលម្អៀងទៅកាន់អ្នកមានលុយ មានអំណាច ពិសេសគឺថៅកែណាហ្គាវើលដ៍តែម្តង។
កញ្ញា មាស ស្រីអូន៖«ភាគច្រើនបើយើងមើលឱ្យជាក់ស្តែង គឺកាន់ជើងខាងចៅកែជានិច្ច គាត់មិនបានគិតពីទុក្ខលំបាកកម្មករខែ្មរទេ ដូចបងដឹងស្រាប់ហើយថា យើងជាកម្មករយើងអត់មានទាមទារអីទេ ហើយយើងក៏ទាមទារយកមកទិញផ្ទះ ទិញឡានអីដែល យើងគ្រាន់តែចង់បានអាហារបីពេល ហើយចង់បានលុយទិញអាហារហូបគ្រប់គ្រាន់មានកម្លាំងដើម្បីបន្តការងារ»។
កញ្ញា មាស ស្រីអូន អតីតបុគ្គលិកណាហ្គាវើល។
ដោយឡែកអ្នកស្រី ឆន ចន្ថា អតីតអ្នកគ្រប់គ្រងបុគ្គលិកផ្នែកចែកសន្លឹកបៀនិយាយថា ក្រុមកូដករដែលនៅមានវត្តមាននោតែប្តេជ្ញាចិត្តចេញតវ៉ា និងសុំអន្តរាគមន៍ពីស្ថានប័នពាក់ព័ន្ធដើម្បីរកយុត្តិធម៌ជូនពួកគេ។ អ្នកស្រីបន្តថា ការទាមទារឱ្យបានចូលធ្វើការងារវិញនេះ ជាសកម្មភាពមួយបង្ហាញឱ្យថៅកែគោរពសិទ្ធិការងារលើបុគ្គលិក កម្មករនិយោជិត និងគោរពសិទ្ធិសហជីពផងដែរ។
អ្នកស្រី ឆន ចន្ថា៖«ពួកខ្ញុំនឹងនៅតែបន្តការតស៊ូមិនបះបង់ទេ ព្រោះយើងមានរឿងអយុត្តិធម៌រួមគ្នានៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ដែលយើងត្រូវបន្តតស៊ូធ្វើការដោះស្រាយ។បើយើងចេញពីកន្លែងធ្វើការហ្នឹងហើយទៅកន្លែងផ្សេងក៏មិនមានដំណោះស្រាយដូចគ្នាដែរ បើយើងជួបបញ្ហាយើងមិនដោះស្រាយទៅកន្លែងផ្សេងក៏នៅតែមានភាពអយុត្តិធម៌ហ្នឹងដដែរ ចឹងយើងតស៊ូចាំចូលធ្វើការនៅកន្លែងហ្នឹងដដែរ »។
អ្នកស្រី ឆន ចន្ថា អតីតអ្នកគ្រប់គ្រងបុគ្គលិកផ្នែកចែកសន្លឹកបៀ។
ការដាក់ញត្តិដានតាមលើពាក្យបណ្តឹងរបស់ក្រុមកូដករណាហ្គានេះ ត្រូវបានមន្រ្តីនៃក្រសួងការងារចេញមកទទួល និងបានចូលជួបមន្រ្តីផ្នែកដោះស្រាយវិវាទនេះ។ តែយ៉ាងណា លទ្ធផលពីមន្រ្តីបានត្រឹមតែបញ្ជាក់ប្រាប់ក្រុមកូដករវិញថា ក្រសួងនឹងពិនិត្យញត្តិនេះហើយជូនដំណឹងដល់កូដករនាពេលក្រោយ។
តំណាងកម្មករមួយរូបដែលបានចូលទៅដាក់ញត្តិនៅព្រឹកនេះ គឺលោក ណាំ ធីវ័ន រំពឹងថា ក្រសួងនឹងអាចជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះ ដើម្បីជីវភាពកូដករបានល្អប្រសើរឡើងវិញ។ មួយវិញទៀត បើសិនជាក្រសួងអាចដោះស្រាយបញ្ចប់បញ្ហានេះបាន នោះអាចសរបញ្ជាក់ឱ្យឃើញពីសមត្ថភាពរបស់ក្រសួង ហើយក៏ជាសារព្រមានទៅកាន់ថៅកែផ្សេងៗទៀត កុំឱ្យបំពានលើសិទ្ធិកម្មករដូចថៅកែណាហ្គាវើលដ៍នេះតទៅទៀត។
លោក ណាំ ធីវ័ន៖«សូមឱ្យរដ្ឋមន្រ្តីក្រសួងការងារ ជាពិសេសឯកឧត្តម ហេង សួរ នៅពេលដែលគាត់បានទទួលញត្តិយើងហើយ សូមឱ្យគាត់ជួយជំរុញដល់ថៅកែ ណាហ្គាវើលដ៍ផង ។ហើយយើងសូមបញ្ជាក់ហើយបញ្ជាក់ទៀតថា ការធ្វើមិនដឹងមិនលឺរបស់ក្រសួងការងារ គឺជាការបណ្តែតបណ្តោយឱ្យថៅកែណាហ្គាវើលដ៍ជាន់ឈ្លីលើកម្មករបន្តទៀត»។
លោក ណាំ ធីវ័ន អតីតបុគ្គលិកណាហ្គាវើលដ៍។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា(CATU)ដែលបានចូលរួមតាមដានសកម្មភាពនៅព្រឹកនេះ លើកឡើងថា អ្នកស្រីចង់ឃើញឱ្យអ្នកមានសមត្ថកិច្ចដោះស្រាយលើរឿងនេះ តួយ៉ាងក្រសួងការងារត្រូវប្រឹងប្រែងសម្របសម្រួលវិវាទមួយនេះ ឈរលើគោលការណ៍អព្យាក្រឹត្យ យុត្តិធម៌ ព្រោះថា ភាគីកម្មករ និងថៅកែ ហាក់នៅខ្វែងគំនិតគ្នានឹងប្រកាន់ជំហររៀងៗខ្លួនដែលលំបាកដល់ការដោះស្រាយ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖«ខ្ញុំមើលឃើញកម្មករចូលរួមធ្វើកូដកម្មកន្លងមក Agenda [របៀបវារៈ]របស់គាត់ច្បាស់លាស់ តែការដោះស្រាយហាក់ដូចមិនច្បាស់ហើយការដោះស្រាយដូចចង់ឱ្យកម្មករព្រមទទួលយកសំណាងបញ្ចប់កិច្ចសន្យាការងារ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា(CATU)។
ជុំវិញរឿងនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារប្រាប់វិទ្យុស្រ្តីថា កន្លងមកក្រសួងបានខ្នះខ្នែងប្រើកិច្ចអន្តរាគមន៍ដោះស្រាយគ្រប់យន្តការ ដោយមានកម្មករភាគច្រើនយល់ព្រមទទួលប្រាក់បញ្ចប់កិច្ចសន្យាការងារ តែនៅសល់កូដករមួយក្តាប់តូចតែប៉ុណ្ណោះដែលពុំព្រមទទួលយកគោលការណ៍ដោះស្រាយហើយបន្តចេញតវ៉ា។ ករណីអ្នកនៅសេសសល់ចេញតវ៉ានេះ លោក កត្តា អ៊ន បញ្ជាក់ថា ក្រសួងអស់សមត្ថកិច្ចដោះស្រាយហើយ គឺកូដករត្រូវទៅប្តឹងទៅតុលាការដោយខ្លួនឯង។
លោក កត្តា អ៊ន៖«បើភាគីមិនពេញចិត្តត្រូវប្តឹងទៅតុលាការជានីតិវិធីចុងក្រោយនៃការបញ្ចប់វិវាទនេះ។ កន្លងមកក្នុងចំណោមបុគ្គលិកណាហ្គាវើលដ៍ចំនួន៣៧៣នាក់ ក្នុងនោះមាន២៧៣នាក់បានយល់ព្រមទទួលយកដំណោះស្រាយទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ច ដូច្នេះនៅសល់តែប្រហែល៨០នាក់តែប៉ុណ្ណោះដែលមិនព្រមទទួលយក ហើយក្នុងចំណោមនោះកូដករមួយចំនួនធំក៏មានការងារធ្វើហើយនៅតែប្រមាណ២០នាក់តែប៉ុណ្ណោះដែលនៅតែចេញតវ៉ា។ ដូច្នេះអ្វីដែលសំខាន់បងប្អូនបានយល់ដឹងហើយពីនីតិវិធីដោះស្រាយ ចឹងមិនអាចវិលមកតវ៉ាទៀតទេ គឺមានតែបន្តដោះស្រាយទៅមុខគឺប្តឹងទៅតុលាការតែម្តង»។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះ ចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមកូដករ ទាមទារយុត្តិធម៌ ការពារសិទ្ធិការងារ និងសំឡេងសហជីពឯករាជ្យ ព្រោះថៅកែក្រុមហ៊ុនបានរើសអើង និងព្យាយាមរំលាយចោល ដោយប្រការនេះបានរំលោភលើច្បាប់ការងាររបស់កម្ពុជា៕