en     km
en     km

បុគ្គលិកណាហ្គាវើលដ៍ទាមទារឱ្យដោះលែងតំណាងរបស់ខ្លួនទើបព្រមចូលតុចរចា

Share

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នៅតែរក្សាជំហរចេញតវ៉ាដដែល និងទាមទារឱ្យដោះលែងតំណាងរបស់ពួកគេមកវិញ ទើបពួកគេយល់ព្រមចូលតុចរចាតាមការអំពាវនាវរបស់ក្រសួងការងារ។ ការទាមទារនេះ ស្របពេលដែលនៅថ្ងៃទី១០​ខែមករា ឆ្នាំ២០២២នេះ ក្រុមបុគ្គលិកណាហ្គាវើលដ៍បានដាក់ញត្តិទាមទារលក្ខខ័ណ្ឌមួយចំនួនមុននឹងសម្រេចបញ្ឈប់ការធ្វើកូដកម្ម។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បុគ្គលិក កម្មករនិយោជិត និងសមាជិកសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍បានចេញសេចក្តីបំភ្លឺឆ្លើយតបទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីលទ្ធភាពមិនអាចចូលប្រជុំជាមួយក្រសួងការងារ ព្រោះតំណាងដែលត្រូវចេញមុខចរចាត្រូវបានចោទប្រកាន់និងឃុំខ្លួនជាបណ្តុះអាសន្ន។

លិខិតបំភ្លឺនិងឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារបានអញ្ជើញតំណាងនិងបុគ្គលិកណាហ្គាវើលដ៍ប្រជុំផ្ទៀងផ្ទាត់ទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។

សកម្មភាពធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។រូបភាពពីហ្វេសប៊ុកCCHR

 

អ្នកស្រី ណុប ទិត្យបូរ៉ាវី បុគ្គលិកផ្នែកភោជនីយដ្ឋាននៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ប្រាប់វិទ្យុស្រ្តីថា ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តចេញធ្វើកូដកម្មជានិច្ចរហូតដល់មានការដោះលែងតំណាងរបស់ខ្លួន និង ការដោះស្រាយលក្ខខ័ណ្ឌដែលក្រុមកម្មករទាមទារ។ អ្នកស្រីបន្តថា ខាងកម្មករបានបោះឆ្នោតប្រគល់សិទ្ធិដល់តំណាងរបស់ពួកគេ ដូច្នេះ ដើម្បីអាចឱ្យបុគ្គលិកណាហ្គាវើលដ៍អាចចូលចរចាបានលុះត្រាដោះលែងតំណាងពួកគេត្រឡប់មកវិញ។

 

 

ក្រសួងការងារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញតំណាង និងបុគ្គលិកណាហ្គាវើលដ៍មកប្រជុំផ្ទៀងផ្ទាត់ប្រាក់បំណាច់បំបញ្ចប់កិច្ចសន្យាការងារ។ ក្នុងខឹ្លមសារនៃលិខិតអញ្ជើញរបស់ក្រសួងការងារមានចំណុចស្នូរចំនួន ៤ ចំណុចក្នុងនោះ ដោះស្រាយប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក។ ទី២៖ប្រាក់បំណាច់ទូទាត់ជួលឱ្យដំណឹងមុន ក្នុងករណីដែលនិយោជកមិនបានជូនដំណឹងមុនតាមច្បាប់កំណត់។ ទី៣៖ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំដែលមិនទាន់បានទួទាត់។

កញ្ញា ម៉ែន សុទ្ធីវឌ្ឍនៈ បុគ្គលិកណាហ្គាវើលដ៍ដែលបានយកសេចក្តីបំភ្លឺទៅក្រសួងការងារបញ្ជាក់បន្ថែមថា ខាងក្រសួងបានទទួលលិខិតរួចរាល់ហើយ ដោយក្រសួងណែនាំឱ្យបុគ្គលិករកតំណាងចរចាឱ្យបានឆាប់រហ័ស។ កញ្ញាបន្តថា ខាងបុគ្គលិកណាហ្គាវើលដ៍សម្រេចមិនរកតំណាងចរចាថ្មីទៀតឡើយហើយសូមអំពាវនាវឱ្យដោះលែងតំណាងរបស់ពួកគេមកវិញដើម្បីមានឱកាសចរចាដោះស្រាយបញ្ចប់រឿង។

 

សូមរំលឹកថា តំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍បានចេញធ្វើកូដកម្មចាប់តាំងពីថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២១មក ពោលគឺមានរយៈពេលជាង ២០ថ្ងៃហើយ ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយណាមួយសមរម្យនៅឡើយ។ មិនត្រឹមតែមិនទាន់មានដំណោះស្រាយ តំណាងពួកគេចំនួន ៨ នាក់ក្នុងនោះមានកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពផង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤  និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

 

ក្រុម​អ្នកជំនាញអង្គការសិទ្ធិមនុស្សជាតិនិង​អន្តរជាតិ បានថ្កោលទោសជាបន្តបន្ទាប់ចំពោះការចាប់ខ្លួន និងការឃុំខ្លួនថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ដោយថា​ ការចាប់ខ្លួនធ្វើឡើងទាំងបំពានច្បាប់ និងរំលោភសិទ្ធិមនុស្ស ហើយពួកគេបានទាមទារឱ្យទម្លាក់ចោលការចោទប្រកាន់ជាបន្ទាន់ផងដែរ៕

Share

ព័ត៌មានទាក់ទង