កំពង់ធំ៖ ផ្លូវបេតុងខ្វែងខ្វាត់បាននិងកំពុងលេចចេញជារូបរាងបន្តបន្ទាប់ ក្រោយពីអាជ្ញាធរឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានខ្នះខ្នែងប្រើប្រាស់ថវិកាមូលនិធិឃុំក្នុងការសាងសង់ផ្លូវជូនប្រជាពលរដ្ឋតបតាមការសន្យានិងការចង់បានរបស់ពលរដ្ឋ។
សកម្មភាពគ្រឿងចក្រចាកស៊ីម៉ង់សាងសងផ្លូវបេតុងជូនពលរដ្ឋ។រូបភាព ឆេងក្រឹម។
ការសាងសង់ផ្លូវបេតុងជាច្រើនខ្សែសរុបប្រវែងជាង ១,៣០០ម៉ែត្រ នៅក្នុងមូលដ្ឋានឃុំកំពង់ចិនត្បូងនេះ គឺដើម្បីឆ្លើយតបសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដ្បិតស្ថានភាពផ្លូវលំបាកធ្វើដំណើរ ពោលនៅរដូវធ្លាក់មានសភាពរអិល ដោយសារភក់និងជង្ហុក។ រីឯរដូវប្រាំង ផ្លូវមានសភាពហុយធូលី។ នេះបើតាមការបញ្ជាក់ពីលោក រស់ សារ៉ាត់ ជំទប់ទីមួយឃុំកំពង់ចិនត្បូង និងប្រជាពលរដ្ឋរស់នៅមូលដ្ឋាននោះ។
ស្ថានភាពផ្លូវមុនសាងសង់គឺមានដីហុយនៅរដូវប្រាំង និងមានសភាពរអិលនៅរដូវវស្សា។រូបភាព ឆេងក្រឹម។
លោក ឡៃ សុឌីណា ប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង សម្តែងការសាទរជាមួយនឹងសមិទ្ធផលថ្មីផ្លូវបេតុងដែលសាងសង់នៅមុខផ្ទះរបស់លោក។ លោកបន្តថា នៅពេលមានផ្លូវថ្មីនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានងាយស្រួលដំណើរប្រកបដោយសុវត្ថិភាព និងឆាប់រហ័សជាងមុន។ អ្វីជាពិសេសជាងនេះ គឺស្ថានភាពផ្លូវលែងមានដីហុយ ឬបែកភក់ ជាប់ផុងដូចមុនទៀតហើយ។
រូបភាពផ្លូវបេតុងក្នុងភូមិដែលក្រុមអ្នកសាងសង់កំពុងសាងសង់។រូបភាព ឆេងក្រឹម។
ទាក់ទងរឿងនេះលោក រស់ សារ៉ាត់ ជំទប់ទីមួយ ឃុំកំពង់ចិនត្បូង ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា សមិទ្ធផលផ្លូវបេតុងជាច្រើនក្នុងឃុំដែលបាននិងកំពុងសាងសង់នេះ ជាថវិកាមូលនិធិឃុំសម្រាប់ឆ្នាំ២០២៤ ។ កិច្ចខិតខំប្រឹងប្រែងនេះ ជាផ្នែកមួយនៃការឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋផងដែរ៕
អត្ថបទខ្លីសរសេរដោយ ឆុង ឆេងក្រឹម សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។