en     km
en     km

លោក រ៉ុង ឈុន ស្នើតុលាការទម្លាក់បទចោទករណី«មិនរាងចាល»បន្ទាប់ពីតុលាការបញ្ចប់ការស៊ើបសួរ

Share

ភ្នំពេញ៖ តាមរយៈកិច្ចសម្ភាសជាមួយវិទ្យុស្រ្តីនៅថ្ងៃទី០៣ ខែធ្នូនេះ លោក រ៉ុង ឈុន ស្នើឱ្យតុលាការទម្លាក់ចោលបទចោទករណី «មិនរាងចាល» ដើម្បីឱ្យលោកមានសេរីភាពធ្វើនយោបាយឡើងវិញ។ ការស្នើនេះ បន្ទាប់ពីតុលាការភ្នំពេញទើបតែបិទបញ្ចប់នីតិវិធីស៊ើបសួរមកលើរូបលោកទាក់ទងការបំពានបម្រាមតុលាការដែលហាមមិនឱ្យធ្វើសកម្មភាពនយោបាយ។ យ៉ាងណាមន្រ្តីបក្សកាន់អំណាចអះអាងថា ករណីលោក រ៉ុង ឈុន ជាការអនុវត្តច្បាប់របស់តុលាការដោយមិនពាក់ព័ន្ធនឹងរឿងនយោបាយអ្វីឡើយ។

(កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍)

 

 

លិខិតមួយដែលចុះហត្ថលេខាដោយលោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅនេះ សរសេរថា ជនជាប់ចោទឈ្មោះ រ៉ុង ឈុន ត្រូវចោទពីបទ «ការ​មិន​រាងចាល​ក្នុង​បទ​មជ្ឈិម បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម និងលើបទ ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ចៅក្រមសម្រេសបិទបញ្ចប់ការស៊ើបសួរ។ នេះបើតាមលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលលោកទើបតែទទួលបានលិខិតនេះនៅថ្ងៃទី២ ខែធ្នូនេះ។

លោក រ៉ុង ឈុន ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៣ ខែធ្នូនេះថា ថ្វីត្បិតតែចៅក្រមបិទបញ្ចប់ការស៊ើបសួរ ប៉ុន្តែលោកថា ការចោទប្រកាន់ពីបទ មិនរាងចាល កន្លងមកនេះ ធ្វើឱ្យលោកជាប់ឃុំ ដោយសារប្រព្រឹត្តសកម្មភាពផ្ទុយនឹងវិធានការរបស់តុលាការ។ តែការពិតលោកអះអាងថា លោកគ្រាន់តែធ្វើសកម្មភាពដើម្បីសង្គម នយោបាយ និងជួយទៅដល់ប្រជាពលរដ្ឋទន់ខ្សោយ និងប្រជាពលរដ្ឋជួបបញ្ហាដីធ្លី ហើយនិងការបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនាចំណុចខ្វះខាតរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។

លោក រ៉ុង ឈុន៖ «ជាជំហរខ្ញុំគិតថាតុលាការត្រូវទម្លាក់ចោលនៅករណីនៃបទចោទដែលចោទខ្ញុំមិនរាងចាល។ វិធានបែបនេះវាអត់មានអីទៅចំណេញដល់រាជរដ្ឋាភិបាលទេ យើងមានតែវិធានការផ្លូវច្បាប់ណាមួយវាត្រូវតែសមហេតុសមផលដែលមានការទទួលស្គាល់ពីជាតិ និងអន្តរជាតិ ថាការអនុវត្តច្បាប់ហ្នឹងវាត្រឹមត្រូវ ប៉ុន្តែរាល់អ្វីដែលធ្វើវាមិនមាននូវការត្រឹមត្រូវគ្រាន់តែមានការប្រើប្រាស់សិទ្ធិមូលដ្ឋាន ហើយក្នុងន័យស្ថាបនា ហើយត្រូវបានប្រឈម អ៊‌ីចឹងហើយបានជាមតិអន្តរជាតិគេមើលឃើញថាកម្ពុជាយើងមិនបានអនុវត្តច្បាប់ វាជារឿងនយោបាយច្រើនជាង»។

លោក រ៉ុង ឈុន ។ រូបភាពពីហ្វេសប៊ុកគណបក្សកម្លាំងជាតិ។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត កន្លងមកបាន​​កោះហៅ​លោក រ៉ុង ឈុន ឱ្យ​ចូល​បំភ្លឺជុំវិញ​បទ​ចោទនេះ ដែលបទចោទនេះពាក់ព័ន្ធទីប្រឹក្សារូបនេះផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីទាក់ទងរឿងនាយករដ្ឋមន្ត្រីចុះទៅតំបន់ព្រំដែន និងសកម្មភាពលោកចុះទៅសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដីធ្លីនៅបឹងតាមោក ហើយនិងនៅព្រលានយន្តហោះថ្មី។ ក្រៅពីនេះ ក៏ពាក់ព័ន្ធនឹងសកម្មភាពសម្ពោធស្នាក់ការថ្មីរបស់គណបក្សកម្លាំងជាតិនៅស្រុកកោះធំផងដែរ។

បន្ទាប់ពីការបំភ្លឺហើយ ចៅក្រមបានសម្រេចផ្ដល់សេរីភាពឱ្យលោក រ៉ុង ឈុន នៅក្រៅឃុំ ដោយដាក់វិធានការតុលាការហាមចំនួន ៥ចំណុច គឺទី១. មិនឱ្យលោកចេញទៅក្រៅប្រទេស ទី២. ការផ្លាស់ប្ដូរទីលំនៅត្រូវជូនដំណឹងមកអាជ្ញាធរ ទី៣. ត្រូវមកបង្ហាញខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជារៀងរាល់ខែ។ និងទី៤. ត្រូវមកបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ហើយនិងទី៥. ហាមលោកមិនជួបជុំ ឬក៏ធ្វើនយោបាយឡើយ ដូច្នេះប្រសិនជាលោកល្មើសបំរាមទាំងនេះ នឹងត្រូវឃុំខ្លួនហើយ។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់វិទ្យុស្ដ្រីដោយយល់ឃើញថា បើលោក រ៉ុង ឈុន មិនមានពិរុទ្ធភាព នោះតុលាការនឹងមិនអាចចោទប្រកាន់បានឡើយ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ សង្កេតឃើញថាអ្នកនយោបាយមួយ នៅពេលតុលាការចោទប្រកាន់ពីបទល្មើស ពួកគេតែងចាត់ទុកថាជារឿងនយោបាយទៅវិញ។

លោក សុខ ឥសាន៖ «និយាយរឿងអីក៏ដោយគាត់ធ្វើខុសច្បាប់គាត់ថារឿងនយោបាយ គាត់ធ្វើមានពិរុណភាពផ្លូវច្បាប់គាត់ថារឿងនយោបាយ តែការពិតគាត់ហ្នឹងជាអ្នកនយោបាយគាត់ធ្វើខុសច្បាប់។ អ៊‌ីចឹងកុំឱ្យមានការយល់ច្រឡំថាជាការចោទប្រកាន់ជារឿងនយោបាយ ក៏ប៉ុន្តែគាត់នេះជាអ្នកនយោបាយធ្វើឱ្យខុសច្បាប់ បានឱ្យមានការចោទប្រកាន់ វាមានបញ្ហាពាក់ព័ន្ធនឹងតុលាការហ្នឹងឯង»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកម្លាំងជាតិ។ រូបភាពពីហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា។

ចំណែកលោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ចៅក្រមស៊ើបសួរគ្រាន់តែបិទបញ្ចប់ការស៊ើបសួរលើលោក រ៉ុង ឈុន ប៉ុន្តែនីតិវិធីបន្តទៀតយ៉ាងណានោះ គឺលោកត្រូវការពេលសួរទៅចៅក្រមជាមុនសិន។

ជុំវិញរឿងនេះ លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលជាអ្នកឃ្លាំមើលករណីលោក រ៉ុង ឈុន បញ្ជាក់ដែរថា ការចោទប្រកាន់មកលើលោក រ៉ុង ឈុន រួមទាំងបទល្មើសមួយទៀត ដែលជាបទមិនរាងចាលនេះ គឺជាអ្វីដែលតុលាការមិនអាចលើកលែងបានទេ។ មួយវិញទៀតបទចោទចុងក្រោយនេះ លោកថា ពាក់ព័ន្ធនឹងសកម្មភាពលោក រ៉ុង ឈុន អនុវត្តសិទ្ធិបញ្ចេញមតិ  ចុះជួបប្រជាពលរដ្ឋដែលរងគ្រោះដីធ្លី ហើយថែមទាំងជាអ្នកនយោបាយក្នុងបក្សកម្លាំងជាតិ ដូច្នេះលម្ហសេរីភាពនៃសិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុន ត្រូវរឹតត្បិត ក្រោមសម្ពាធរបស់តុលាការ។

លោក យី សុខសាន្ត៖ «ជីវិតនយោបាយរបស់គាត់សឹងតែមួយជីវិតគឺអស់ហើយ ហើយអ្វីដែលយើងមើលឃើញគាត់មានការលះបង់ច្រើនទៅលើរឿងជួយដល់សង្គមជាតិ បើយើងនិយាយទៅគាត់មានឆន្ទៈខ្ពស់ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ប៉ុន្តែគាត់អត់ឱកាស ឱកាសនេះត្រង់ថាតុលាការមិនផ្ដល់យុត្តិធម៌ឱ្យគាត់បានចូលរួមអភិវឌ្ឍន័សង្គមជាតិ។ អ្វីដែលយើងកត់សម្គាល់កាលដែលចោទប្រកាន់ពីបទមិនរាងចាលហ្នឹងឯង ដូច្នេះខ្ញុំមិនសង្ឃឹមថាតុលាការឱ្យគាត់រួចខ្លួនទេ ក៏ប៉ុន្តែក្នុងនាមយើងធ្វើការងារក្នុងវិស័យសិទ្ធិមនុស្ស យើងយល់ថាតុលាការគួរតែទម្លាក់ចោលការចោទប្រកាន់មកលើរូបគាត់ ដើម្បីផ្ដល់សិទ្ធិ និងសេរីភាព និងបើកលំហរសេរីភាពខាងនយោបាយ ដើម្បី​ឱ្យគាត់បានចូលរួមសកម្មភាពនយោបាយ»។

លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក។

លោកបន្ថែមទៀតថា ការទម្លាក់ចោលបទចោទមកលើលោក រ៉ុង ឈុន ជាផលចំណេញមួយដែលបញ្ចៀសឱ្យកម្ពុជាគេចផុតការដាក់ទណ្ឌកម្មពីបណ្ដាប្រទេសអន្តរជាតិ ហើយក៏ធ្វើឱ្យកម្ពុជា ទាក់ទាញអ្នកវិនិយោគស្របច្បាប់ចូលមកធ្វើអាជីវកម្មផងដែរ។

លោក រ៉ុង ឈុន បញ្ជាក់ថា ចៅក្រមគ្រាន់តែបិទបញ្ចប់ការស៊ើបសួរប៉ុណ្ណោះ ដូច្នេះសំណុំរឿងនេះ មានន័យថាគឺនៅដដែលដោយតុលាការមិនទម្លាក់ចោលបទចោទមកលើលោកឡើយ ហើយលោកក៏មិនហ៊ានសន្និដ្ឋានថា ការបិទបញ្ចប់ស៊ើបសួរនេះ ជាជំហានដែលឈានឱ្យតុលាការទម្លាក់ចោលបទចោទនោះដែរ។ ដោយឡែកចំពោះនីតិវិធីផ្លូវច្បាប់បន្តទៀតលើសំណុំរឿងនេះ លោកថា តុលាការមិនទាន់ជូនដំណឹងមកទេ ហើយលោកក៏មិនទាន់មាននីតិវិធីអ្វីបន្តទៅមុខដែរ។

លោក រ៉ុង ឈុន៖ «ពេលដែលសំណុំរឿងហ្នឹងទម្លាក់ចោល ហើយដូចអ្វីដែលខ្ញុំបានដាក់ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី១៣កន្លងទៅហ្នឹង ពេលហ្នឹងប់បានផ្ដល់នីតិសម្បទា ហើយសំណុំដែលចោទថាពីបទ មិនរាងចាល ដោយទម្លាក់ចោល ពេលហ្នឹងយើងឃើញខ្ញុំមានសេរីភាពពេញលេញក្នុងការធ្វើកិច្ចការនយោបាយ ក៏ដូចជាសង្គមហើយបាទ!»។

សូមរំលឹកជូនថា កាលពីឆ្នាំ២០២១ លោក រ៉ុង ឈុន ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ទាក់ទងនឹងសកម្មភាពរបស់លោករិះគន់បញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ ហើយលោកត្រូវបានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ឃុំត្រឹមតែ ១៥ខែ ១១ថ្ងៃ និងត្រូវព្យួរទោស ៥ខែ ១៩ថ្ងៃ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង