en     km
en     km

ម្តាយកុមារីអាយុ៥ឆ្នាំដែលមានជំងឺមហារីកគ្រាប់ឈាម ស្វែងរកជំនួយដើម្បីអាចសង្គ្រោះជីវិតកូនស្រី

Share

កុមារីអាយុ៥ឆ្នាំម្នាក់ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានកើតជំងឺមហារីកគ្រាប់ឈាម ហើយត្រូវបានអាណាព្យាបាលនាំយកទៅព្យាបាលរយៈពេលជាង៥ខែមកហើយ ប៉ុន្តែរហូតដល់ពេលនេះស្ថានភាពនៅតែក្នុងកម្រិតធ្ងន់ធ្ងរ។

ដោយការបារម្ភ និងក្ដីស្រាឡាញ់ចំពោះកូន អ្នកស្រី ញ៉ឹល ស៊ីនី និងស្វាមីឈ្មោះ សាំង សុខា ដែលជាឪពុកម្ដាយ កុមារីខាងលើ បានខិតខំស្វះស្វែងរកថវិកា ដើម្បីព្យាបាលកូនស្រីរបស់ខ្លួន ដែលមានជំងឺមហារីកគ្រាប់ឈាម ទើបតែអាយុ៥ឆ្នាំ។

អ្នកស្រីស៊ីនីបានឱ្យដឹងថា កូនស្រីរបស់ខ្លួន មានជំងឺមហារីកគ្រាប់ឈាមប្រភេទ AML ដែលជាជំងឺពិបាកព្យាបាល ហើយចាប់ផ្តើមព្យាបាលចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចេញទៅព្យាបាលនៅប្រទេសថៃ និងបានចាក់គីមីចំនួន ៣វគ្គនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាពនោះទេ ដោយរយៈពេលនៃការព្យាបាល៥ខែមកនេះចំណាយអស់ប្រហែលជិត៥ម៉ឺនដុល្លារអាមេរិក។

អ្នកស្រីស៊ីនី បន្តទៀតថា «ការព្យាបាលនៅប្រទេសថៃ ពេទ្យថៃប្រាប់ថា ត្រូវការផ្សាំខួរឆ្អឹងខ្នងទើបកូនមានប្រសិទ្ធភាពអាចព្យាបាលជា តែការផ្សាំខួរឆ្អឹងខ្នងមានតម្លៃថ្លៃពេក ដោយគេឲ្យត្រៀមយ៉ាងតិចជាង ១០ម៉ឺនដុល្លារ។ ដោយពួកខ្ញុំគ្មានលុយ​គ្រប់គ្រាន់ ហើយក៏បាននាំកូនមកពិនិត្យនៅពេទ្យវៀតណាម។ ដើម្បីសាកសួរពីតម្លៃការផ្សាំខួរឆ្អឹងខ្នង ឮថាគេមានតម្លៃធូរជាងនៅថៃ។»

ចំណែកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ខ្លួនទើបតែទទួលបានលទ្ធផលការធ្វើតេស្តខួរឆ្អឹងខ្នង ពីប្រទេសថៃបញ្ជាក់ថា ខួរឆ្អឹងរបស់គាត់មិនមានជំងឺមហារីកទៀតទេ ក៏ប៉ុន្តែនៅក្នុងក្រូម៉ូហ្សូនកូនស្រីរបស់គាត់មានជំងឺមហារី ៧%ទៀត។ ប៉ុន្តែនៅពេទ្យវៀតណាម គ្រូពេទ្យបានបញ្ជាក់ថា ការធ្វើគីមីនៅប្រទេសថៃមិនទទួលបានជោគជ័យនោះទេ។ ដូច្នេះហើយតម្រូវធ្វើការព្យាបាលសារជាថ្មី នៅប្រទេសវៀតណាម។

សម្រាប់ការព្យាបាលនៅប្រទេសវៀតណាម គឺត្រូវការថវិកាប្រហែល ៣ម៉ឺនដុល្លារទៀត។ ដោយសារតែថវិការបស់អ្នកស្រីនៅតិចតួចមិនអាចគ្រប់គ្រងចំណាយនៃការព្យាបាលបាន អ្នកស្រី និងស្វាមីបានអំបាវនាវដល់សប្បុរសជន ជួយកូនស្រីរបស់អ្នកផងតាមរយៈការជួយឧបត្ថម្ភដល់ថ្លៃព្យាបាល ដោយអ្នកស្រីមានលេខទូរស័ព្ទ៖ 069 654 182៕

 

Share

ព័ត៌មានទាក់ទង