en     km
en     km

ពលរដ្ឋភាគច្រើនមិនសូវចាប់អារម្មណ៍ ការប្រើប្រាស់ហ្គាស ដែលជាមូលហេតុបង្កអគី្គភ័យ

Share

តាមការសង្កេតពីសំណាក់ប្រជាពលរដ្ឋមួយចំនួននៅភ្នំពេញ បានមើលឃើញថាមុខរបរលក់ហ្គាស ប្តូរហ្គាសនិងបញ្ចូលហ្គាសនៅតាមផ្ទះល្វែងភាគច្រើន មិនទាន់មានការគ្រប់គ្រងឱ្យបានល្អនោះឡើយ។ ការលើកឡើងបែបនេះដោយសារតែ ការប្រើប្រាស់កំប៉ុងហ្គាសតូចមានសភាពកំប៉ុងចាស់ៗ ច្រេះនិងជិតផុតសុពលភាព​ដែលវាងាយអាចផ្ទុះ សម្រាប់អ្នកបញ្ចូលខ្លួនឯងផង និងសម្រាប់អ្នកយកទៅប្រើប្រាស់នៅផ្ទះ។ បន្ថែមពីនេះ ដោយសារអាកាសធាតុក្តៅខ្លាំង ការទុកដាក់កំប៉ុងហ្គាសមិនបានល្អ ក៏អាចផ្ទុះ​បង្កជាអគី្គភ័យផងដែរ ព្រោះកន្លងមកក៏ធ្លាប់មានអគ្គីភ័យដែលបង្កឡើងដោយមូលហេតុផ្ទុះកំប៉ុងហ្គាសនោះ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

ជុំវិញការប្រកបមុខរបរលក់ហ្គាស ប្តូរហ្គាស បញ្ចូលហ្គាស នៅតាមផ្ទះនេះ អ្នកស្រី ស៊ីន សារ៉ស់  ម្ចាស់អាជីកម្មលក់ហ្គាស  បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ឱ្យដឹងអំពីបទពិសោធន៍ និងរបៀបទុកដាក់ ថែទាំលើមុខរបរមួយនេះដូចជា ទី១ត្រូវមានការប្រុងប្រយ័ត្នខ្លាំង ដោយមិនធ្វេសប្រហែស ពេលមានភ្ញៀវមកដូរឬបញ្ចូលហ្គាសនោះ  ហាមដាច់ខាតគឺ មិនឱ្យជក់បារី ​​និងការបញ្ចូលកំប៉ុងតូចៗត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយ និយាយរួមគឺប្រយ័ត្ន១០០ភាគរយ តែម្តង។

អ្នកស្រី ស៊ីន សារ៉ស់ ៖  « មុខរបរនេះត្រូវការប្រយ័ត្ន ពេលភ្ញៀវមកទិញ អត់ឱ្យគាត់ជក់បារី ហើយហាមឃាត់ការពារទាំងអស់គ្នា និងណែនាំភ្ញៀវ ណា​ដែលប្រើកំប៉ុងចាស់ កំប៉ុងធ្លាយ អត់ឱ្យប្រើ ការពារទាំងអស់គ្នា បង្រៀនគេអ្នកមកទិញយកទៅប្រើ  កូនខ្ញុំគាត់ទៅរៀននៅក្រសួងរ៉ែ និងថាមពល (ខាងហ្គាស) ​អត់ហ៊ានជួលមនុស្សមកធ្វើការងារទេ ធ្វើខ្លួនឯង ការពារណាស់ និងមានកំប៉ុងបាញ់ពន្លត់អគ្គីភ័យ មានច្រើនដាក់នៅជាប់ហូរហែរ ចេះទាំងអស់គ្នាក្នុងផ្ទះខ្ញុំមានការអីក្រឡុកបាញ់ »។

ប្រជាពលរដ្ឋមួយរូបដែលរស់នៅជិតខាងផ្ទះអាជីវករបញ្ចូលហ្គាស លោក អេង សុគា បានបង្ហាញពីចំណាប់អារម្មណ៍ជុំវិញ បញ្ហានេះថា ​ថ្វីត្បិតតែលោកមានការព្រួយបារម្ភ និងភ័យខ្លាចខ្លះអំពីការផ្ទុះហ្គាស ដែលជាហេតុបង្កឱ្យមានអគី្គភ័យកើតឡើង តែដោយសារតែលោករស់នៅជិតខាងគ្នាដូច្នេះចេះតែអនុគ្រោះឱ្យគ្នាទៅវិញទៅមក ម្យ៉ាងទៀតម្ចាស់គេក៏បានការពារដែរ។

លោក អេង សុគា ៖ « ខ្លាចចេះតែខ្លាច ហានិភ័យចេះតែមាន គេការពារទៅយើងក៏មិនសូវបារម្ភដែរ គេអ្នកលក់គេដឹងហើយ យើងអ្នកជិតខាងគ្នាយើងចេះតែអនុគ្រោះគ្នាទៅ គេដឹងថា អាចឹងៗវាហានិភ័យ គេការពារបានល្អដែរ វាអត់មានផលអីរំខានអីដល់យើងអីដែរ បើមានផលរំខានយើងក៏រស់នៅមិនកើតដែរ ខ្ញុំរស់នៅទីហ្នឹងជិត២០ឆ្នាំហើយ»។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកតាមដានបញ្ហាសង្គម និងជាអ្នកជំនាញទស្សនវិជ្ជា បានសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជា ការប្រកបមុខរបរ លក់ហ្គាស ដូរហ្គាស និងបញ្ចូលហ្គាសតាមផ្ទះ មើលទៅដូចជាមិនទាន់មានការគ្រប់គ្រងបានល្អនៅឡើយ ដោយសារកត្តាយល់ដឹងរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ខ្លួនឯង និងអ្នកប្រកបរបរនេះនៅមានកម្រិត ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងណែនាំបន្ថែមពីអ្នកជំនាញ ទៅលើការប្រើប្រាស់ធុងហ្គាស កំប៉ុងហ្គាស និងរបៀបនៃការទុកដាក់ហ្គាសឱ្យបានត្រឹមត្រូវជាដើម។

លោកបណ្ឌិត ឈត ប៊ុនថង ៖« ជាដំណោះស្រាយទី១ប្រជាពលរដ្ឋឬ អ្នកប្រើប្រាស់ខ្លួនឯងមិនមានជំនាញ តែអាចសង្កេតក្នុងកម្រិតធម្មតា ថាតើកំប៉ុងហ្គាស ធុងហ្គាសណាដែលយើងអាចប្រើប្រាស់ទៅវាមិនងាយផ្ទុះ អ៊ីចឹងអ្នកប្រើប្រាស់ខ្លួនឯងគួរពិនិត្យមើល។ទី២ អ្នកបញ្ចូលហ្គាស អ្នកលក់ហ្គាសខ្លួនឯងក៏ត្រូវតែមានវិជ្ជាជីវៈ ត្រូវមានសីលធម៌ដែរ បើសិនជាគាត់មានបទពិសោធន៍ច្រើនជាងអ្នកប្រើប្រាស់ បើកំប៉ុងហ្គាស ឬធុងហ្គាសណាដែលគាត់ដឹងថាអត់មានសុវត្ថិភាពទេកុំគិតតែប្រាក់ចំណេញ គាត់គួរតែបញ្ឈប់ការប្រើប្រាស់ ឈប់បញ្ចូលដើម្បីលក់ឱ្យគេដូរ ហើយប្រើថ្មី។ទី៣ ក្រសួងអាណាព្យាបាល ក្រសួងរ៉ែ និងថាមពល ឬអ្នកដែលត្រូវត្រួតពិនិត្យរឿងហ្នឹង ទៅពិនិត្យមើលថាតើមានកិច្ចសន្យា មានគោលការណ៍ មានច្បាប់គ្រប់គ្រងរឿងហ្នឹងដែរឬទេ បើសិនជាអត់មានគួរតែរឹតបណ្តឹង ត្រួតពិនិត្យជាបន្តបន្ទាប់ដើម្បីកុំឱ្យរឿងហ្នឹងវាកើតឡើងហើយទើបមានវិធានការជាក្រោយ»។

ជុំវិញបញ្ហាការប្រកបរបរលក់ហ្គាស ដូរហ្គាស និងបញ្ចូលហ្គាស តាមផ្ទះល្វែងនេះ  លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់ អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា កន្លងមកមានការអប់រំឱ្យមានវិធានការបង្ការ អគី្គភ័យដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរនេះ រួមទាំងមានគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការបង្ការ និងពន្លត់អគ្គីភ័យផងដែរ។

លោក នេត វន្ថា ៖ « ជំនាញអប់រំ ឱ្យមានវិធានការណ៍បង្ការ លើសពី៣០០០ម៉ែតការ៉េឡើងទៅ ទីតាំងដែលប្រកបអាជីវកម្ម ឬសណ្ឋាគារ ឬក៏ផ្ទះសំណាក់ ត្រូវតែមានប្រព័ន្ធបញ្ជាក់បង្ការអគ្គីភ័យ។ តែបើផ្ទះលំនៅដ្ឋានធម្មតាមិនបាច់ទេ តែត្រូវការអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃរបស់រាជរដ្ឋាភិបាលស្តីពីការបង្ការនិងពន្លត់អគ្គីភ័យ ២ ត្រូវមានឧបករណ៍ប្រឆំាង​ពន្លត់នឹងភ្លើងបឋម និងទី៣ពាក់ព័ន្ធគោលការណ៍ ច្បាប់ផ្ទះល្វែង ផ្ទះថ្ម ផ្ទះឈើលើ ថ្មក្រោមនៅក្នុងទីប្រជុំជន មិនអនុញ្ញាតឱ្យប្រើប្រាស់ស្តុក ចែកចាយហ្គាសទេ ឬក៏សារធាតុងាយឆេះ និងផ្ទុះឆេះ»។

លោកបណ្ឌិត​ ឈត ប៊ុនថា សង្ឃឹមថានៅថ្ងៃអនាគតប្រទេសកម្ពុជា នឹងអាចឈប់ប្រើធុងបញ្ចូលហ្គាស ដូចនៅបណ្តាប្រទេសជឿនលឿន នៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងនៅអឺរ៉ុប  ដែរបច្ចុប្បន្ននេះ គេបើកក្បាលរ៉ូប៊ីណេ ចេញហ្គាសចូលចង្ក្រានប្រើតែម្តង​។ លោកបន្តថា ផែនការយូរអង្វែងទៅថ្ងៃមុខអាចទៅដល់ចំណុចនេះ តែឥឡូវនេះយើងមានទឹកស្អាត មានភ្លើងបើកបានប្រើ តែនៅហ្គាសមិនទាន់បើកបានទេ ដូច្នេះនៅឡើយ។ លោកសង្ឃឹមថាទៅថ្ងៃអនាគតកម្ពុជាអាចនឹងមានលទ្ធភាពធ្វើបានបែបនេះ ដែលជាដំណោះស្រាយដ៏ល្អប្រសើរ៕

 

Share

ព័ត៌មានទាក់ទង