កំពង់ធំ៖ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល និងអាជ្ញាធរមូលដ្ឋានប្រមាណ៨០០នាក់កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានបើកយុទ្ធនាការមួយផ្សព្វផ្សាយជំរុញឱ្យកុមារគ្រប់អាយុចុះឈ្មោះសិក្សាសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ -២០២៥ នេះ។ យុទ្ធនាការនេះបានប្រារព្ធឡើងនៅក្នុងឃុំម្សាក្រង និងឃុំប្រឡាយ ស្ថិតក្នុង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសិស្សានុសិស្សចូលរួមបានដើរដង្ហែរផង ខ្លះជិះរ៉ឺម៉ក់ និងគោយន្តផង អបដោយបដាពាក្យស្លោកជាច្រើនដូចជា «ការឱ្យកូនចូលរៀនគឺដូចឱ្យទ្រព្យសម្បត្តិកូន»។
សកម្មភាពសិស្សានុសិស្សដង្ហែរក្បួនក្នុងយុទ្ធនាការជំរុញឱ្យអាណាព្យាបាលនាំកូនគ្រប់អាយុមកចុះឈ្មោះចូលរួមក្នុងឆ្នាំសិក្សាថ្មី។រូបភាព ប៉ាត ពណ្ណរាយ។
ជាងនេះទៀត យុទ្ធនាការក៏បានបន្តដំណើរតាមដងផ្លូវសាធារណៈ កាត់ទីប្រជុំជន ហើយសិស្សានុសិស្ស ចូលរួមបានលើកបដាតូចធំ ថែមទាំងស្រែកប្រកាសតាមឃោសនៈសព្ទ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចាប់ពីអាយុ ៤ ឆ្នាំ ដល់ ៦ ឆ្នាំត្រូវនាំកូនៗមកចុះឈ្មោះចូលរៀនក្នុងឱកាសឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះ។
សកម្មភាពសិស្សានុសិស្សដង្ហែរក្បួនក្នុងយុទ្ធនាការជំរុញឱ្យអាណាព្យាបាលនាំកូនគ្រប់អាយុមកចុះឈ្មោះចូលរួមក្នុងឆ្នាំសិក្សាថ្មី។រូបភាព ប៉ាត ពណ្ណរាយ។
លោក ញូង កង នាយកសាលាគន្ធានប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា ការបើកយុទ្ធនាការដើម្បីកៀកគរអាណាព្យាបាលដែលមានកូនដល់អាយុសិក្សា ត្រូវនាំកូនមកចុះឈ្មោះសិក្សា។ជាងនេះទៀត យុទ្ធនាការនេះ ក៏ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើវិស័យអប់រំ គិតគូរដល់អនាគតកុមារដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងនៃប្រទេសជាតិនាពេលអនាគតផងដែរ។
សកម្មភាពសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និមន្តដង្ហែរក្បួនក្នុងយុទ្ធនាការជំរុញឱ្យអាណាព្យាបាលនាំកូនគ្រប់អាយុមកចុះឈ្មោះចូលរួមក្នុងឆ្នាំសិក្សាថ្មី។រូបភាព ប៉ាត ពណ្ណរាយ។
នៅក្នុងពិធីសំណេះសំណាលនេះដែរ អាជ្ញាធរមូលដ្ឋាន និងលោកគ្រូអ្នកគ្រូ បានមានមតិសំណេះសំណាល ចាត់ទុកអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រហៅកាត់ថា COFAP បានខិតខំរួមចំណែកគាំទ្រលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាននេះ។ ជាក់ស្ដែងនៅក្នុងពិធីបើកយុទ្ធនាការឱ្យកុមារចុះឈ្មោះចូលរៀននេះ អង្គការបានចូលរួមឧបត្ថម្ភ អាហារសម្រន់ដល់កុមារ និងសម្ភារៈមធ្យោបាយធ្វើដំណើរព្រមទាំងឧបករណ៍ សម្ភារៈផ្សព្វផ្សាយមួយចំនួនទៀតជាដើម។
សកម្មភាពសិស្សានុសិស្សដង្ហែរក្បួនក្នុងយុទ្ធនាការជំរុញឱ្យអាណាព្យាបាលនាំកូនគ្រប់អាយុមកចុះឈ្មោះចូលរួមក្នុងឆ្នាំសិក្សាថ្មី។រូបភាព ប៉ាត ពណ្ណរាយ។
សូមបញ្ជាក់ថា សារសំខាន់ៗ ដែលបានផ្សព្វផ្សាយនៅក្នុងយុទ្ធនាការនេះរួមមាន ១.បញ្ជូនកូនឱ្យទៅរៀន គឺ សន្សំលុយទុកឱ្យកូន។ ២.ចំណេះវិជ្ជាជាទ្រព្យគាប់ប្រសើរ។ ៣.រៀនថ្ងៃនេះ រៀនថ្ងៃបន្ទាប់ រៀនដើម្បីបំបាត់ភាពល្ងង់ខ្លៅ រៀនដើម្បីភាពថ្កុំថ្កើងទៅថ្ងៃអនាគត។ ៤.រៀនសូត្រនឹងរួមគ្នាប្រយុទ្ធដើម្បីបំបាត់ជំងឺក្នុងខ្លួនប្រាណ ភាពល្ងង់ខ្លៅក្នុងខួរក្បាល ភាពទីទាល់ក្រ ក្នុងជីវិត។
សកម្មភាពសិស្សានុសិស្សដង្ហែរក្បួនក្នុងយុទ្ធនាការជំរុញឱ្យអាណាព្យាបាលនាំកូនគ្រប់អាយុមកចុះឈ្មោះចូលរួមក្នុងឆ្នាំសិក្សាថ្មី។រូបភាព ប៉ាត ពណ្ណរាយ។
៥.ការបញ្ជូនបុត្រធីតាដែលដល់អាយុចូលសិក្សាជាករណីយកិច្ចរបស់មាតាបិតាឬអាណាព្យាបាល។ ៦.អរគុណពុកម៉ែដែលបញ្ជូនកូនទៅសាលារៀន។ ៧.វិជ្ជាជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបាន ចាយច្រើនរឹតតែកើន។ ៨.សាលារៀនជាថ្នាលបណ្ដុះចំណេះដឹង។ ៩.រៀនហើយរៀនទៀត រៀនមិនចេះចប់ រៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម។ ១០.ចំណេះជាយន្ត ជាស្ពានមាសប្រាក់។
សកម្មភាពសិស្សានុសិស្សដង្ហែរក្បួនជិះរ៉ុម៉កក្នុងយុទ្ធនាការជំរុញឱ្យអាណាព្យាបាលនាំកូនគ្រប់អាយុមកចុះឈ្មោះចូលរួមក្នុងឆ្នាំសិក្សាថ្មី។រូបភាព ប៉ាត ពណ្ណរាយ។
១១.ចេះមកពីរៀន មានមកពីរក។ ១២.កូនល្អស្ដាប់ម៉ែ សិស្សពូកែស្ដាប់គ្រូ។ ១៣.រៀនដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គម។ ១៤.ការបញ្ជូនកូនទៅរៀនជាកាតព្វកិច្ចរបស់ឪពុកម្ដាយ។១៥.ការចុះឈ្មោះចូលរៀន មិនបង់ប្រាក់ទេ កុមារគ្រប់រូបដែលមានអាយុចាប់ពី ៦ឆ្នាំ អាចចុះឈ្មោះនៅបឋមសិក្សា(កុមារគ្រប់រូបមានសិទ្ធិស្មើៗគ្នា)។និងទី១៦.នាំកូនមកចុះឈ្មោះចូលរៀន គឺ មិនយកថវិកាឡើយ៕
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។