ភ្នំពេញ៖ ក្រុមកម្មករនិយោជិតនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ស្តារឡៃថ៍ភូមិសេ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលជាង ២ ពាន់នាក់នៅបាននិងកំពុងប្រមូលស្នាមមេដៃដើម្បីធ្វើញត្តិដាក់ជូនក្រសួងការងារជួយអន្តរាគមន៍ជួយដោះស្រាយបន្ត បន្ទាប់ពីលក្ខខណ្ឌសុំដកអ្នកគ្រប់គ្រងថ្មីនិងប្រធានរដ្ឋបាលមិនទាន់អាចសម្រេចបាន។ មន្រ្តីអាជ្ញាធរក្នុងមូលដ្ឋានឱ្យដឹងថា បញ្ហាអូសបន្លាយការដោះស្រាយជាង១០ថ្ងៃមកនេះ ដោយសារលក្ខខណ្ឌសុំដកអ្នកគ្រប់គ្រងនិងប្រធានរដ្ឋបាលត្រូវឆ្លងកាត់ការសម្រេចពីថៅកែដែលកំពុងនៅក្រៅបរទេសទើបធ្វើការដោះស្រាយប្រើពេលយូរ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ កម្មករកាត់ដេរសម្លៀកបំពាក់ស្តារឡៃថ៍ប្រមាណជាង ៣ ពាន់នាក់នៅតែបន្តការចេញតវ៉ាទាមទារលក្ខខណ្ឌការងារនៅពីមុខរោងចក្រដដែរ ស្ថិតនៅតំបន់ឧស្សាហកម្ម 7&Gឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
លោក រស់ សំបូរ អនុប្រធានសហជីពអំណាចយុវជនកម្ពុជាប្រាប់វិទ្យុស្រ្តីនៅព្រឹកនេះថា បច្ចុប្បន្នក្រុមកម្មករកំពុងប្រមូលស្នាមមេដៃដើម្បីឡើងមកដាក់ញត្តិជូនក្រសួងការងារនាពេលឆាប់ៗខាងមុខ បំណងចង់ឱ្យក្រសួងផ្តល់កិច្ចអន្តរាគមន៍ជួយដោះស្រាយឱ្យបានឆាប់រហ័ស។ លោកបញ្ជាក់ថា កន្លងមកនេះមានមន្រ្តីពាក់ពាក់ព័ន្ធមួយចំនួនដូចជាមន្រ្តីនៃមន្ទីរការងារខេត្ត មន្រ្តីអធិការកិច្ចក្រសួងការងារ អាជ្ញាធរស្រុកនិងខេត្តបានមកជួយសម្របសម្រួលដែរ តែហាក់គ្មានផលជាដុំកំភួនសោះជុំវិញលក្ខខណ្ឌចុងក្រោយដែលកម្មករចង់បាន។

ចំណុចមួយក្នុងចំណោមចំណុកទាំង៩ ដែលកម្មករបានទាមទារនឹងពុំទាន់មានការឆ្លើយតបនោះ គឺចំណុចទាមទារដកអ្នកគ្រប់គ្រងថ្មីនិងប្រធានរដ្ឋបាលរោងចក្រ។ លោក រស់ សំបូរ ឱ្យដឹងថា ប្រការដែលកម្មករចង់ឱ្យបញ្ឈប់បុគ្គលទាំងពីរនេះ ព្រោះការគ្រប់គ្រងការងាររបស់ពួកគេមានចរឹតបក្ខពួកនិយមនិងដាក់សម្ពាធការងារមកលើកម្មករ បើធៀបនឹងអ្នកគ្រប់គ្រងចាស់ដែលជាជនបរទេស។
លោក រស់ សំបូរ៖«ខ្ញុំឧទាហរណ៍មួយដូចតាមឡាញដេរកាលថៅកែចាស់គេគ្រប់គ្រង គឺកម្មករត្រូវប្រើ៣៥នាក់ចឹង ចឹងគឺចំនួនត្រូវយកតាមហ្នឹង ដល់ពេលឡើងមកគ្រប់គ្រងគាត់កាត់ចំនួនតាមឡាញដេរហ្នឹងពី៣៥មកសល់តែ៣០ឬ២៨នាក់តែចំនួនភាគរយគឺនៅខ្ពស់ដដែល អត់ចុះតាមចំនួនមនុស្សទេ»។
ជាងនេះទៀតលោកបន្ថែមថា បើសិនជាមិនបញ្ឈប់បុគ្គលទាំងពីរនេះចេញពីរោងចក្រទេ នោះកម្មករនឹងបាត់បង់ការងារធ្វើ ព្រោះចាប់តាំងពីអ្នកទាំងពីរមកគ្រប់គ្រងការងាររបស់កម្មករក៏ចាប់ផ្តើមមានកាន់តែតិចទៅៗនិងគ្មានការងារថែមម៉ោងដែលជាហេតុធ្វើការកម្មករគ្មានប្រាកចំណូលបន្ថែម។
លោក រស់ សំបូរ៖«កាលពីថ្នាក់ដឹកនាំបរទេសដែលថៅកែដាក់មកការងារសំបូរណាស់ តែត្រឹមគាត់ឡើងមកប៉ុន្មានខែចុងក្រោយហ្នឹង គឺគាត់មានការបង្កើតបក្ខពួក ពួកគាត់ធ្វើការក្នុងរោងចក្រមានតំណែងធំៗដែលជាហេតុធ្វើឱ្យថៅកែបាត់បង់ទំនុកចិត្ត អាចឱ្យថៅកែបង្វែរអីវ៉ាន់ហ្នឹងទៅឱ្យសាខានៅប្រទេសជាប់ៗហ្នឹងដូចជាបង់ក្លាដេស និងវៀតណាមធ្វើវិញ»។

រយៈពេលជាង១០ថ្ងៃមកនេះក្រុមកម្មករបានទាមទារនូវសំណូមពរចំនួន៩ ចំណុច ប៉ុន្តែមានចំណុចសះជាចំនួន ៨ ចំណុច នៅតែមួយចំណុចទៀតតែប៉ុណ្ណោះ។ ចំណុចមួយនេះជាចំណុចរសើប គឺក្រុមកម្មករសុំឱ្យបញ្ឈប់លោក ម៉េង សុជាតិ អ្នកគ្រប់គ្រងក្រុមហ៊ុនថ្មី ដែលពួកគេអះអាងថា មិនគិតគូរដល់ផលប្រយោជន៍រួមធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងការបិទទ្វារ និងលោក ស៊ុន វាសនា ប្រធានរដ្ឋបាលក្រុមហ៊ុន។
ទាក់ទងរឿងនេះវិទ្យុស្រ្តីពុំទាន់អាចសុំការបំភ្លឺពីអ្នកទាំងពីរបានទេនៅព្រឹកនេះដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
តែយ៉ាងណាលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលដែលបានចូលរួមជួយអន្តរាគមន៍សម្របសម្រួលដោះស្រាយជម្លោះនេះប្រាប់ឱ្យដឹងថា បញ្ហាការស្នើសុំដកអ្នកគ្រប់គ្រងថ្មីនិងប្រធានរដ្ឋបាលដែលកម្មករទាមទារនេះ ត្រូវការពេលវេលាដោះស្រាយបន្ថែមទៀត ខណៈការសម្រេចដកឬមិនដកត្រូវឆ្លងកាត់ការសម្រេចពីថៅកែដែលកំពុងនៅបរទេស។
លោក ចេង ឌីណា៖«យើងដោះស្រាយបានចំនួន៩ចំណុចនៅសល់មួយចុងក្រោយគឺគាត់ស្នើទាមទារដកប្រធានគ្រប់គ្រងនិងប្រធានរដ្ឋបាលរោងចក្រ ហើយការដកពីរនាក់ហ្នឹងត្រូវការការសម្រេចពីម្ចាស់ក្រុមហ៊ុនរបស់គេ ចឹងបានជាអត់សះជាង។»។
ក្នុងរឿងនេះកម្មករចេញតវ៉ាដែលភាគច្រើនជាស្រ្តីបានត្អូញត្អែរប្រាប់អ្នកសារព័ត៌មានពេលចេញតវ៉ាថា កម្មករមួយចំនួនត្រូវបានប្រធានរដ្ឋបាលនិងអ្នកគ្រប់គ្រងថ្មីគាបសង្កត់ឱ្យធ្វើការងារច្រើនជាងមុនដោយគ្មានប្រាក់រង្វាន់អ្វីនោះទេ។ជាងនេះកម្មករខ្វះត្រូវអ្នកទាំងពីរព្យួរការងារនិងបញ្ឈប់ពីការងារដោយយកលេសថា អស់សូវមានការងារធ្វើ។
យ៉ាងណាវិវាទការងារនេះធ្លាប់ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្ដាល ចេញបញ្ជាឱ្យក្រុមកម្មករនយោជិតផ្អាក ធ្វើកូដកម្មជាបន្ទាន់និងចូលធ្វើការងារជាបណ្តុះអាសន្ន រង់ចាំរហូតដល់នីតិវិធីនៃអាជ្ញាកណ្ដាល ត្រូវបានបញ្ចប់សព្វគ្រប់។ ប៉ុន្តែកម្មករដែលតវ៉ាខាងលើ អះអាងថា ក្រោយពេលពួកគេចូលធ្វើការមិនមានភាគីណាចូលដោះសា្រយនោះទេ ទើបធ្វើឱ្យកម្មករចេញតវ៉ា។
សូមបញ្ជាក់ថាក្រុមហ៊ុនស្ដារឡៃថ៍ អឹតែរិល មេនូហ្វេកឆឺរីង ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានកម្មករនយោជិតសរុប ៤០០៦នាក់ ក្នុងនោះមានស្ត្រី៣៣៩១នាក់។ លោក រស់ សំបូរ អះអាងថា កន្លងមកក្រោយមាននាយកថ្មី ក្រុមហ៊ុនបញ្ឈប់កម្មករអស់ជាង៣០០នាក់ ហើយក្នុងការតវ៉ានេះ ក្រុមហ៊ុនគ្រោងនឹងបញ្ឈប់កម្មករនិយាជិត១៥០នាក់បន្ថែមទៀត៕