ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានជម្លៀសពលរដ្ឋជាង ១០០ គ្រួសារទៅកាន់ទីទួលមានសុវត្ថិភាព បន្ទាប់ពីទឹកជំនន់បានហក់ឡើងខ្ពស់ជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យចុះផ្សាយនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២១។
ក្នុងចំណោមប្រជាពលរដ្ឋជាង ១០០គ្រួសារនោះ មាន ៤៩ គ្រួសារត្រូវជម្លៀសទៅទួលសុវត្ថិភាពសាលាកូរ៉េ និង ២៩ គ្រួសារជម្លៀសឱ្យស្នាក់នៅក្នុងវត្តបាលិលេយ្យដែលស្ថិតក្នុងសង្កាត់ប៉ោយប៉ែត។ ដោយឡែកក្នុងសង្កាត់ផ្សារកណ្តាលវិញ មានពលរដ្ឋ ២៧គ្រួសារត្រូវជម្លៀសទៅកាន់បូរីខេអិន និង១១ គ្រួសារផ្សេងទៀតត្រូវស្នាក់នៅតំបន់ទួលគោកស្បែង។

រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋនៅតែមានការជម្លៀសជាបន្តបន្ទាប់ ព្រោះទឹកអូរព្រំដែនមានសភាពហក់ឡើងមិនទាន់មានការថមថយនៅឡើយទេ។
ទាក់ទងបញ្ហាទឹកជំនន់នេះដែរ នៅខេត្តរតនគិរីវិញ ពលរដ្ឋចំនួនជាង ២ ០០០ គ្រួសារ រស់នៅស្រុកលំផាត់ និងស្រុកកូនមុំ កំពុងរងគ្រោះផលប៉ះពាល់ដោយជំនន់ទឹកទន្លេស្រែពក និងទន្លេសេសាន។ ក្នុងនោះពលរដ្ឋចំនួនជាង ២ រយគ្រួសារ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ចំណែកដីស្រែពលរដ្ឋសរុបចំនួនជិត ២ពាន់ហិកតា និងផ្ទៃដីចម្ការសរុបចំនួនជាង ៥ រយហិកតាទៀតត្រូវរងការខូចខាត។
ទាក់ទងរឿងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា មន្រ្តីពាក់ព័ន្ធបានត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងនោះកម្លាំងបានចល័តទូកសង្គ្រោះគ្រប់គោលដៅដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តរតនគិរី ដើម្បីត្រៀមលក្ខណៈសង្គ្រោះប្រជាជនករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង៕