en     km
en     km

ពលរដ្ឋជាង ១០០គ្រួសារ ចាប់ផ្ដើមត្រឡប់ទៅលំនៅឋានវិញក្រោយជម្លៀសពីតំបន់ជម្លោះព្រំដែន

Share

ពលរដ្ឋជាង ១០០គ្រួសារ ដែលនៅរស់នៅភូមិតេជោមរកត និងភូមិសែនតេជៈ ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលត្រូវជម្លៀសចេញពីតំបន់ជម្លោះព្រំដែនជាមួយប្រទេសថៃ ចាប់ផ្ដើមចាកចេញពីមណ្ឌលសុវត្ថិភាពតាកឹង វិលត្រឡប់ទៅលំនៅឋានពួកគេវិញ ក្រោយសភាពការណ៍ព្រំដែនភាពមានល្អប្រសើរឡើងវិញ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ មានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា ជាមួយកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការប៉ះទង្គិចគ្នានេះ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។

បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នាហើយ ស្ថានភាពនៅកម្ពុជា មានការចល័តទ័ព និងអាវុធ ដឹកជញ្ជូនទៅតំបន់ព្រំដែន។ ក្នុងពេលជាមួយគ្នានោះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសារអំពាវនាវទៅកាន់សាធារណជនទាំងអស់ កុំមានការព្រួយបារម្ភ ពីបញ្ហាព្រំដែន និងជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ។

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៣០ ខែឧសភានេះថា តាំងពីថ្ងៃផ្ទុះអាវុធនៅតំបន់មុំបីមក ធ្វើឱ្យសភាពការណ៍នៅតំបន់ព្រំដែន មានភាពតានតឹងរវាងកម្ពុជា និងភាគីថៃ។ ភាពតានតឹងនេះ ក៏ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ព្រំដែននៅភូមិតេជោមរកត និងភូមិសែនតេជៈ ឃុំមរកត សម្ដែងក្ដីបារម្ភ និងបានបង្ខំចិត្តនាំគ្រួសារកូនចៅ ចាកចោលផ្ទះសម្បែង ដីស្រែចម្ការ និងរបររកស៊ីរបស់ពួកគេ មកស្នាក់នៅមណ្ឌលសុវត្ថិភាពតាកឹង ស្ថិតក្នុងស្រុកគូលែន។

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ។ រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះវិហារ។

លោក គឹម ចាន់បញ្ញា៖ «គាត់មកនេះក៏ដូចជារដ្ឋបាលខេត្ត និងកាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ណាស់ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានរៀបចំកន្លែងស្នាក់នៅឱ្យគាត់ ការផ្ដល់ជូនគ្រឿងឧបភោគបរិភោគមួយចំនួន ហើយនិងការដាក់ក្រុមគ្រូពេទ្យប្រចាំ ដើម្បីពិនិត្យ ព្យាបាលសុខភាពគាត់។ អ៊‌ីចឹងក្នុងនាមយើងជាអាជ្ញាធរខេត្ត​ យើងយកចិត្តទុកដាក់»។

បើតាមអភិបាលខេត្តរូបនេះ ចាប់ពីថ្ងៃទី២៨ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភានេះ មានប្រជាពលរដ្ឋ ១១៩គ្រួសារ ស្ម័គ្រចិត្តចាកចេញពីលំនៅឋានរបស់ពួកគេ មកមណ្ឌលសុវត្ថិភាពតាកឹង។ នៅព្រឹកថ្ងៃដដែលនេះ ក្រោយពីមានជំនួបចរចារវាងកម្ពុជា-ថៃ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២មក ស្ថានភាពព្រំដែនមានភាពល្អប្រសើរឡើងវិញ ជាហេតុធ្វើឱ្យពលរដ្ឋទាំងនោះ អាចត្រឡប់ទៅលំនៅឋានរបស់ពួកគេរៀងៗខ្លួនវិញបាន។

លោក គឹម ចាន់បញ្ញា៖ «ស្ថានភាពនេះគឺអំណោយផលសម្រាប់បងប្អូនដែលមកស្នាក់នៅតំបន់មណ្ឌលសុវត្ថិភាពនេះ អាចត្រឡ​ប់ទៅគេហដ្ឋានវិញ ធម្មតាទេការរស់នៅមណ្ឌលសុវត្ថិភាពយើងនេះ វាមិនស្រួលដូចនៅផ្ទះសម្បែងយើងទេ កូនៗក៏ពិបាក យើងក៏ពិបាក ទ្រព្យសម្បត្តិយើងនៅហ្នឹងទាំងអស់។ អ៊‌ីចឹងស្ថានភាពល្អប្រសើរ អាចឱ្យបងប្អូនប្រជាពលរដ្ឋ ១១៩គ្រួសារនេះ ត្រឡប់ទៅគេហដ្ឋានវិញរៀងៗខ្លួន ហើយឥលូវនេះបងប្អូនទាំង ១១៩ហ្នឹង គាត់បានចាកចេញពីមណ្ឌលសុវត្ថិភាពយើងអស់ហើយ អ៊‌ីចឹងមណ្ឌលយើងអត់មានបងប្អូន ជនដែលភៀសខ្លួន ឬក៏បងប្អូនប្រជាពលរដ្ឋណាផ្សេងទៀតទេ»។

រូបភាពពលរដ្ឋកំពុងប្រមូលរបស់របរត្រឡប់ទៅលំនៅឋានវិញ។

កាលពីថ្ងៃទី២៩ ខែឧសភានេះ លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងលោក ប៉ាណា គ្លូវឡាតុក(Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចាគ្នានៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២។ ជាលទ្ធផលនៃជំនួបចរចានេះ ភាគីទាំងពីរស្រុះស្រួលគ្នាលើបួនចំណុចសំខាន់ៗ។

ទី១. ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ទី២. ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC)។ ទី៣. ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ និងទី៤. ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ MOU ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។

ក្រៅពីជម្លោះព្រំដែនតំបន់មុំបី ថ្មីៗនេះកងទ័ពកម្ពុជា និងថៃ ឧស្សាហ៍មានជម្លោះនឹងគ្នានៅតាមខ្សែបន្ទាត់ព្រំដែនកន្លែងផ្សេងទៀត ដែលបញ្ហាចម្រូងចម្រាសរវាងភាគីទាំងពីរនេះ បានកើតឡើងនៅតាមតំបន់ព្រំដែនប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។

កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ កម្ពុជាក៏រងការឈ្លានពានបែបនេះពីប្រទេសថៃ ពាក់ព័ន្ធនឹងតំបន់ជុំវិញប្រាសាទព្រះវិហារ។ ជម្លោះព្រំដែននេះ ត្រូវបានបញ្ចប់ ក្រោយពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចប្រគល់ប្រាសាទព្រះវិហារទាំងអស់ឱ្យកម្ពុជា ហើយប្រទេសថៃមានកាតព្វកិច្ចដកទ័ពដែលឈរជើងនៅក្នុងតំបន់នោះ៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង