en     km
en     km

មន្ត្រីក្រសួងធនធានទឹក៖ ជំនន់ទឹកភ្លៀងឆ្នាំនេះ កើតឡើង ក្រោមបាតុភូតLa Nina

Share

ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅលិចផ្ទះប្រជាពលរដ្ឋមួយចំនួនខណៈភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៥យ៉ាងខ្លាំង។ រូបភាព៖ លោក មាន សុវណ្ណារិទ្ធ សិក្ខាកាមWMC។

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថារដូវវស្សា ឆ្នាំ២០២៤នេះកម្ពុជា ទទួលរងនៅឥទ្ធិពលបាតុភូត La Nina ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ច្រើន ជាពិសេសនឹងអាចមានជំនន់ទឹកភ្លៀងនៅតាមបណ្ដារាជធានី ខេត្ត តំបន់ភ្នំ និងតំបន់ទំនាបអមសងខាងផ្លូវទឹកជាដើម។

(កញ្ញា សៃ ចន្ធី រាយការណ៍)

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ថា កត្តាដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះដោយសារជាធម្មជាតិនៅរដូវវស្សា និងព្រោះតែមានវិសម្ពាធមួយដែលបានកើតឡើងនៅសមុទ្រចិនខាងត្បូង ហើយមកដល់ពេលនេះវាបានធ្វើដំណើរដល់ប្រទេសវៀតណាមភាគកណ្ដាល ប៉ុន្តែមិនមានឥទ្ធិពលទៀតឡើយ។

លោក ចាន់ យុត្ថា បន្ថែមថា ក្នុងពេលវិសម្ពាធមួយដែលកកើតឡើងធ្វើឱ្យមានភ្លៀង ខ្យល់ កំពុងធ្វើដំណើរ គឺបានធ្វើដំណើរស្របទៅតាមឆ្នេរភាគកណ្ដាល បានបង្កឱ្យមានភ្លៀងធ្លាក់ច្រើន និងបង្កឱ្យមានជំនន់ទឹកភ្លៀង នៅស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មានជំនន់លិចរយៈពេលពីរថ្ងៃ មកដល់ពេលនេះបានស្រកទៅវិញហើយ។

លោកបានបញ្ជាក់ថា​ នៅស្រុកថាឡានរិវាត់ ខេត្តស្ទឹងត្រែង តំបន់ដែលមានទឹកជំនន់លិចមុនគេគឺនៅផ្នែកខាងលើ ប៉ុន្តែទឹកបានហូរស្រកចូលអូរអស់ ហើយផ្នែកកណ្ដាលទឹកចាប់ផ្ដើមស្រកបានធូរស្រាលច្រើន និងសម្រាប់ផ្នែកខាងក្រោមត្រូវការពេលវេលាមួយថ្ងៃទៀតទើបស្រកអស់។

វត្តអារាមមួយរងផលប៉ះពាល់ពីំជំនន់ទឹកភ្លៀង។ រូបភាព៖ មាន សុវណ្ណារិទ្ធ សិក្ខាកាមWMC។

ដោយឡែក នៅស្រុកឆែប ខេត្តព្រះវិហារគឺមិនមានទឹកជំនន់ទៀតទេកាលពីថ្ងៃទី១៥ ខែកក្កដា ប៉ុន្តែនៅឯស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា នេះគឺមានទឹកហូរកាត់ផ្លូវជាតិលេខ៤ ហើយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានយកគ្រឿងចក្រទៅកាយដើម្បីបើកផ្លូវទឹកថ្មីផងដែរ។

«ចឹងទេខេត្តដែលមានប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងរយៈពេល២-៣ថ្ងៃនេះណា គឺនៅស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ស្រុកឆែប របស់ខេត្តព្រះវិហារ និងបន្តិចបន្ទួចគឺនៅឯស្រុកព្រៃនប់ របស់ខេត្តព្រះសីហនុ។ ទឹកភ្លៀងក្នុងក្របខណ្ឌជាទូទៅគឺនៅតែមានធ្លាក់រាយប៉ាយ គ្រាន់តែមិនគំហុកទេ លើកលែងតែនៅតំបន់មាត់សមុទ្រដែលអាចនៅមានភ្លៀងច្រើនបន្តទៀតណា៎។»

លោក ចាន់ យុត្ថា បានបញ្ជាក់បន្ថែមថា ដោយសារតែស្ថិតនៅក្នុងរដូវវស្សាផង ហើយក្នុងឆ្នាំនេះមានទទួលរងឥទ្ធិពលបាតុភូត La Nina ដែលជាឥទ្ធិពលមួយធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន ហើយខាងក្រសួងធនធានទឹកនិងឧតុនិយមនឹងបន្តតាមដានបន្ថែមទៀត។ តាមការបញ្ជាក់របស់លោក ចាន់ យុត្ថា បាតុភូត La Nina នេះធ្លាប់កើតមានញឺកញាប់នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយកើតឡើងឆ្លាស់គ្នាទៅវិញទៅមករវាង បាតុភូត La Nina(ត្រជាក់) និង បាតុភូត El Nino (ក្ដៅ)កាលពីឆ្នាំ២០២៣ ហើយពេលខ្លះស្ថិតនៅក្នុងដំណាក់កាលអន្តរកាល ដែលយើងហៅថា ENSO ជាបាតុភូតកើតនៅចន្លោះ​បាតុភូត La Nina និង បាតុភុត El Nino៕

ត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង