en     km
en     km

ក្រសួងការងារ៖ មិនទាន់រកឃើញពលករខ្មែរស្លាប់បន្តទៀតក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅថៃទេ

Share

ក្រសួងការងារ និងបណ្ដុះបណ្ដាល បញ្ជាក់ថា មកដល់ពេលនេះ មិនទាន់រកឃើញករណីស្លាប់ថ្មីលើពលករខ្មែរនៅឡើយទេ បន្ទាប់ពីរកឃើញមានពលករម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសបាក់ជើង ដោយសារជួបគ្រោះរញ្ជួយដីនៅប្រទេសថៃ។ យ៉ាងណាអង្គការដែលធ្វើការលើកកម្ពស់សិទ្ធិពលករ ក៏នៅមិនទាន់មានទិន្នន័យជាក់លាក់ថាពលករខ្មែររងគ្រោះក្នុងអគារនោះប៉ុន្មានរូបនោះដែរ។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី០១ ខែមេសានេះថា មកដល់ពេលនេះ ក្រសួងមានតែទិន្នន័យពលករខ្មែរម្នាក់នៅខេត្តបន្ទាយមានជ័យស្លាប់បាត់បង់ជីវិត និងពលការិនីម្នាក់នៅខេត្តកំពង់ធំ រងរបួសជើង។ ដូច្នេះក្រសួងមិនទាន់មានព័ត៌មានជនរងគ្រោះពលករខ្មែរផ្សេងទៀតនៅឡើយទេ ដោយត្រូវរង់ចាំអាជ្ញាធរថៃកំណត់អត្តសញ្ញាណជនរងគ្រោះដែលរកឃើញជាមុនសិន។

លោក កត្តា អ៊ន៖ «ក្រុមការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សហការឧបត្ថម្ភគាំទ្រទៅដល់ពិធីបុណ្យសពនេះឱ្យសាកសមទៅតាមប្រពៃណីសាសនារបស់យើង។ ចំណែកឯក្រុមការងារមួយក្រុមទៀតរបស់ក្រសួងការងារ ​និងស្ថានទូតកម្ពុជា កំពុងតែសម្របសម្រួល ដើម្បីធានាឱ្យភាគីនិយោជកនៅប្រទេសថៃនោះផ្ដល់សំណង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់គ្រួសារសពផងដែរ»។

កាលពីថ្ងៃទី៣១ ខែមីនា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្ដីប្រកាសព័ត៌មានថា មានពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចបញ្ជូនសពមកស្រុកកំណើតវិញ ក្រោយបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ។

ពិធីបុណ្យសពរបស់ពលកររូបនេះ មានការជួយគាំទ្រ និងឧបត្ថម្ភដោយក្រសួងការងារ ហើយរដ្ឋាភិបាល ក៏បានផ្ដល់កញ្ចប់ថវិកាចំនួន ១ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រួសារសពដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនាកន្លងមក។

ក្រៅពីជួយឧបត្ថម្ភដល់គ្រួសារសពពលករដែលបាត់បង់ជីវិត ក្នុងនោះក្រសួងការងារ ក៏បានចាត់មន្រ្តីរបស់ខ្លួន សហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម និងអាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក ចុះទៅជួយឧបត្ថម្ភ និងផ្ដល់ថវិកាគាំទ្រ ហើយនិងធានាព្យាបាលរបួសជើងជូនពលការិនីម្នាក់ឈ្មោះ សឿន សំណាង ដែលរួចផុតជីវិតបន្ទាប់ពីជួបគ្រោះថ្នាក់បាក់រលំអគារ ដោយសាររញ្ជួយដីនៅប្រទេសថៃ។

ជុំវិញរឿងនេះ លោក លឹម សុផុន មន្ត្រីគម្រោងទទួលបន្ទុកពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ ប្រចាំនៅប្រទេសថៃ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១ ខែមេសានេះថា មកពេលនេះ ការរុករក និងការស្វែងរកអ្នកដែលបានបាត់ខ្លួនកន្លងមកនេះ មានភាពស្មុគស្មាញ ហើយអ្នកដែលបាត់បង់ជីវិត ​និងអ្នកដែលរងគ្រោះ ក៏នៅមិនទាន់កំណត់អត្តសញ្ញាណច្បាស់លាស់ឡើយ។ មួយវិញទៀត អ្នកដែលគរនៅក្នុងគំនរអគារនោះ លោកថា មិនទាន់ដឹងថាមានចំនួនជនជាតិខ្មែរប៉ុន្មាននាក់នៅឡើយ ប៉ុន្តែតាមអ្នកដែលជួយសង្គ្រោះ សន្និដ្ឋានថា ក្នុងគំនរអគារនោះ មានទាំងពលករថៃ និងពលករបរទេស ប្រមាណជា ៧០នាក់។

រូបភាពពីអង្គការសង់ត្រាល់។

លោក លឹម សុផុន៖ «ពលករបរទេស ពលករថៃទាំងអស់ហ្នឹង ខ្ទង់ជាង ៧០នាក់ ដែលនៅក្នុងគំនរអគារមិនទាន់បានចាកចេញពីគំនរអគារនោះ តែយើងមិនទាន់បានដឹងថាគាត់នៅមានជីវិត ឬក៏រស់រានមានជីវិតយ៉ាងម៉េចយើងមិនទាន់ដឹងច្បាស់នោះទេបាទ!»។

ចំពោះសំណងវិញលោក លឹម សុផុន ប្រាប់ថា តាមច្បាប់ការងារថៃចែងថា អ្នករងគ្រោះក្នុងម៉ោងការងារទោះបីត្រូវរបួសប៉ះពាល់រាងកាយ និងផ្លូវចិត្តក្តីសុទ្ធតែទទួលបានប្រាក់សំណងដូចគ្នាផងដែរ។ ក្រៅពីនេះ លោកក៏ឃើញមានអង្គការជាតិ និងអន្តរជាតិនៅក្នុងប្រទេសថៃ អំពាវនាវឱ្យរដ្ឋាភិបាលផ្ដល់សំណងជាកញ្ចប់ ឬក៏ជួយគាំពារទៅដល់ជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារនោះ។

លោក លឹម សុផុន៖ «យើងផ្ទៀងផ្ទាត់ហើយអ្នកធ្វើបុណ្យនៅខេត្តបន្ទាយមានជ័យដែលឈ្មោះមាស សាវ៉ាង គឺគាត់ហ្នឹងហើយដែលបាត់ខ្លួនបាត់បង់ជីវិត ហើយដឹយកមកធ្វើបុណ្យកាលពីម្សិលមិញហ្នឹងដែរ ហើយអ្នកផ្សេងទៀតកំពុងតែរង់ចាំដែលបានមកចុះឈ្មោះ និងប្រាប់ដំណឹងថាពួកគាត់បាត់ខ្លួនដទៃផ្សេងទៀតហ្នឹងអត់ទាន់បានដំណឹងនៅឡើយទេ ហើយមកដល់ពេលនេះក្រុមគ្រួសារ និងមិត្តភក្ដិពួកគាត់ហ្នឹងកំពុងតែរង់ចាំព័ត៌មាន ជាពិសេសគាត់បានទាក់ទងទៅស្ថានទូតខ្មែរយើង ដើម្បីឱ្យជួយតាមដានស្វែងរកបងប្អូនពួកគាត់។ ថ្ងៃនេះទី១ ខែ៤ហើយ យើងដឹងថាកន្លែងបាក់អគារហ្នឹងឆ្លងចូល ៧២ម៉ោង ហើយមកដល់ពេលនេះអ្នកដែលរង់ចាំបងប្អូនមួយចំនួនទៀតហ្នឹង គឺគាត់ទាន់ដឹងដំណឹងច្បាស់នៅឡើយទេ»។

យោងសមត្ថកិច្ចថៃបញ្ជាក់ប្រាប់កាសែតបាងកកប៉ុស្ដិ៍ចុះផ្សាយនៅថ្ងៃទី០១ ខែមេសានេះឱ្យដឹងថា នៅម៉ោង ៨ព្រឹកនេះ អ្នកស្លាប់ក្នុងហេតុការណ៍បាក់រលំអគារដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា រកឃើញចំនួន ១៣នាក់ ក្នុងនោះអ្នករបួសចំនួន ១៩នាក់ ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀតនៅជាប់ក្នុងគំនរអគារនៅឡើយ។ កាសែតបាងកកប៉ុស្តិ៍សរសេរបញ្ជាក់ទៀតថា តាមរយៈម៉ាស៊ីនស្កេន ដែលគាំទ្រដោយយោធាអាមេរិក បានរកឃើញសញ្ញាចំនួន ៧០ ដែលបង្ហាញថា ជាសញ្ញាមនុស្សនៅជាប់ក្នុងគំនរបាក់បែកនៃអគារការិយាល័យសវនកម្មរដ្ឋដែលបានដួលរលំនៅក្នុងទីក្រុងបាងកក៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង