ភ្នំពេញ៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)បានស្នើឱ្យមានការបង្កើតស្ថាប័នឯករាជ្យមួយ ខណៈសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានលើកយកមកពិភាក្សា នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍
លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានលើកឡើងថាទន្ទឹមនឹងការបង្កើតឱ្យមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា លោកក៏ចង់ឱ្យមានការបង្កើតឡើងនូវស្ថាប័នឯករាជ្យមួយដើម្បីពិនិត្យតាមដានការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ហើយស្ថាប័នឯករាជ្យ នឹងដើរតួនាទីធ្វើការត្រួតពិនិត្យ និងធ្វើការដាក់ពិន័យទៅលើ អ្នកសារព័ត៌មានដែលមិនអនុវត្តន៍តាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននោះគឺជាការសម្រេចចិត្តរបស់ពួកគាត់ ដើម្បីធានាថា ការលូកដៃ ឬក៏ជ្រៀតជ្រែកពីស្ថាប័ននីតិប្រតិបត្តិទៅលើកិច្ចការងាររបស់អ្នកសារព័ត៌មាន ត្រូវបានកាត់បន្ថយច្រើនតាមដែរអាចធ្វើទៅបាន។
លោក ណុប វី ៖ «ព្រោះខ្ញុំគិតថា ស្ថាប័នឯករាជ្យដែលដើរតួនាទីឃ្លាំមើលកិច្ចការ ការងារអនុវត្តន៍ អ្នកសារព័ត៌មានគួរតែជាអ្នកដែលមានជំនាញ អ្នកមានឯកទេសផ្នែកសារព័ត៌មាន គួរតែជាសាស្រ្តាចារ្យពីសាកលវិទ្យាល័យដែលគាត់ធ្លាប់មានជំនាញពីផ្នែកហ្នឹង គាត់ធ្លាប់បង្រៀន ហើយគាត់អាចពិនិត្យតាមដាន ផ្ទៀងផ្ទាត់វាយតម្លៃចំពោះការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ហើយគាត់អាចធានាថាធម្មនុញ្ញវិជ្ជាវីជៈសារព័ត៌មានរបស់ស្ថាប័ន និងសមាគមសារព័ត៌មាននឹងអាចត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព»។
ជាមួយគ្នានេះ លោក ណុប វី ក៏បានសាទរចំពោះសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលខ្លឹមសារជាច្រើនមានលោកចាត់ទុកថាចំណុចល្អច្រើន។
ក្រសួងព័ត៌មានបានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់បន្តលើសេចក្ដីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នៅទីស្តីការក្រសួងព័ត៌មានដោយមានលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ការរៀបចំសិក្ខាសាលានេះបានបើកឱ្យមានការចូលរួមពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងដំណើរការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលបច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលពិគ្រោះ យោបល់បន្ត បន្ទាប់ពីសិក្ខាសាលាតម្រង់ទិសនិងប្រមូលធាតុចូលលើក្រមសីលធម៌ ដែលត្រូវបានរៀបចំនៅក្នុងខែមេសា ឆ្នាំ២០២៤ កន្លងទៅរួចមក។
ក្រសួងព័ត៌មានរំពឹងថា ក្រោយពេលអនុម័តរួច «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះនឹងក្លាយជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ គោរព និងប្រតិបត្តិតាម ដើម្បីធានាការលើកកម្ពស់ គុណភាពការងារអាជីព សីលធម៌សង្គម និងតម្លៃវិជ្ជាជីវៈសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា។
តាមរយៈការចូលរួមយ៉ាងផុលផុសពីអ្នកសារព័ត៌មាន តំណាងអង្គការ UNESCO អង្គភាពសារព័ត៌មាន និង សមាគមអ្នកសារព័ត៌មាន អង្គសិក្ខាសាលាបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវចំណាប់អារម្មណ៍ទាំងអស់ ការលើកឡើង ជាយោបល់ សំណូមពរនានា និងការពិភាក្សាប្រកបដោយខ្លឹមសាររួមចំណែកផ្ដល់ជាធាតុចូលបន្ថែមដល់ការរៀបចំ «ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា។ សេចក្តីព្រាងធម្មនុញ្ញនេះ មាន១២ ទំព័រ, ៦ ជំពូក, ២៩ ប្រការ។ ក្រៅពីការពិគ្រោះនិង ប្រមូលធាតុចូលដែលបានរៀបរាប់ខាងលើ ដំណើរការរៀបចំទាំងមូលបានបញ្ចូលផងដែរការស្រាវជ្រាវផ្នែកសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម ផ្អែកលើមូលដ្ឋានច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការពិគ្រោះជាមួយ ករណីអនុវត្តជាក់ស្តែង ក្នុងវិស័យព័ត៌មាន អ្នកជំនាញផ្នែកក្រមសីលធម៌ អ្នកជំនាញផ្នែកច្បាប់ និងអ្នកមានបទពិសោធន៍ចាស់ទុំក្នុងវិស័យព័ត៌មាន ដែលសុទ្ធសឹងជាធាតុចាំបាច់ក្នុងដំណើរការរៀបចំ។
បន្ទាប់ពីសិក្ខាសាលានេះ ក្រសួងព័ត៌មាននឹងបន្តសម្របសម្រួលប្រមូលធាតុចូលទាំងឡាយពីអ្នកពាក់ព័ន្ធ ដែលអាច ផ្តល់យោបល់ និងធាតុចូលចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ រហូតដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី រំពឹងទុកថា ធម្មនុញ្ញនេះជាមូលដ្ឋានក្នុងការរៀបចំក្រមសីលធម៌សម្រាប់ គ្រប់អង្គភាពសារព័ត៌មាន ៕