en     km
en     km

ក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន ៨ ករណី

Share

ភ្នំពេញ៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលឱ្យដឹងថា មានករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៨ ករណីបន្ថែមទៀត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ។ នេះបើតាមសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា នេះ។

ស្របពេលនៃការផ្ទុះឡើងវិញនូវករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីជេអ៊ិន.១(JN.1)នៅតាមបណ្តាប្រទេសមួយចំនួន និងនៅប្រទេសថៃក្បែរខាងកម្ពុជា ក្រសួងសុខាភិបាល និងមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជារយៈពេលចុងក្រោយនេះ បានចេញសេចក្តីអំពាវនាវដល់សាធារណជនទាំងអស់ទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩នៅតាមមណ្ឌលសុខភាព និងមណ្ឌលពេទ្យដោយឥតគិតថ្លៃ។

សម្រាប់ក្រុមមនុស្សចាស់ជរា កុមារ អ្នកមានជំងឺប្រចាំកាយ និងអ្នកដែលមានប្រព័ន្ធការពារខ្សោយ ក្រសួងទទូចត្រូវតែប្រញាប់រូតរះមកទទួលវ៉ាក់សាំង ដើម្បីការពារជៀសវាងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដែលអាចឈានដល់ការបាត់បង់អាយុជីវិត។

សូមរំលឹកជូនថា វីរុសកូវីដ-១៩បំប្លែងថ្មី ពពួកជេអ៊ិន.១(JN.1) និងប្រភេទផ្សេងទៀត បាននិងកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាង ក្នុងតំបន់និងនៅលើសាកលលោក។ ជាក់ស្តែង ប្រទេសថៃត្រូវបានរាយការណ៍មកថា មានការផ្ទុះឡើងវិញនូវករណីឆ្លងវីរុសកូវីដ-១៩ និងជាវីរុសបំប្លែងថ្មីប្រភេទជេអ៊ុន១ ដែលបង្កឱ្យមានអ្នកស្លាប់ចំនួន ៦នាក់ និងអ្នកឆ្លងមានរហូតដល់ជិត ២ ម៉ឺននាក់។

ផ្អែកតាមក្រសួងសុខាភិបាលបញ្ជាក់ថា រោគសញ្ញារបស់ JN.1 នេះ មានភាពស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយធម្មតាដែរ ដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួតជាដើម៕

 

 

 

Share

ព័ត៌មានទាក់ទង