ភ្នំពេញ៖ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមកដល់នេះ ក្រសួងសុខាភិបាលនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋត្រូវបង្កើននិងមានវិធានការការពារសុវត្ថិភាព សុខភាព ករណីជំងឺផ្តាសាយបក្សី ករណីពុលចំណីអាហារ និងពុលស្រា ជាមួយការបង្ការផ្សេងទៀតដើម្បីបញ្ជៀសហានីភ័យដែលអាចកើតមានជាយថាហេតុ។
វិធានការការពារ និងរក្សាសុខភាព សំខាន់ៗចំនួន៣ និងវិធានាបង្ការផ្សេងៗទៀតនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវបានក្រសួងសុខាភិបាល អំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពិសេសការបង្ការខ្លួនប្រាណពីករណីផ្តាសាយបក្សី ករណីពុលចំណីអាហារ និងពុលស្រា។
ក្រសួងសុខាភិបាលជំរុញឱ្យប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ឬប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប និងវត្ថុផ្សេងៗ ដែលអាចជា ប្រភពចម្លងរោគ ពិសេសគឺជំងឺផ្តាសាយបក្សី។ ក្នុងហេតុផលនេះ ក្រសួងសូមឱ្យពលរដ្ឋកុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ ឱ្យសោះ តែករណីជៀសមិនបាន គប្បីត្រូវពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់ កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម។
សេចក្តីប្រកាសរបស់ក្រសួង។
ករណីប្រយ័ត្នលើជំងឺផ្តាសាយបក្សីនេះដែរ ប្រសិនបើលោកអ្នកប្រទះឃើញមានមាន់ទាឈឺ ឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមាននរណាម្នាក់កើតអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដក ដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
ទាក់ទងករណីពុលចំណីអាហារវិញ ក្រសួងសុខាភិបាលក្រើនរំលឹកដល់ចុងភៅឬអ្នកចម្អិនអាហារ គប្បីត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។ ជាងនេះ ត្រូវសម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់សត្វបក្សី ស៊ុត និងអាហារសមុទ្រ។ ដោយឡែក ប្រសិនលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយការវេចខ្ចប់បានល្អ។ មួយទៀតដែរ ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព រក្សាសីតុណ្ហភាពត្រជាក់ត្រូវតិចជាង ៥ អង្សាសេ និងបើក្តៅ គឺ ត្រូវលើសពី ៦០អង្សាសេ និងកុំទទួលទានអាហារសល់យូរដែលផ្អូម ព្រោះអាចបណ្តាលឱ្យរាក ឈឺពោះ ក្អួតជាដើម។ សម្រាប់ការប្រើប្រាស់ទឹកវិញ ត្រូវប្រាដកថាទឹកស្អាត ពិសាទឹកឆ្អិនដាំពុះដែលមានអនាម័យ និងសុវត្ថិភាពល្អ។ ចំពោះអាហារវ៉ិចខ្ចប់វិញ ត្រូវពិនិត្យមើលកាលកំណត់ប្រើប្រាស់ កុំទទួលទានអាហារដែលហួសកាលកំណត់។
ងាកមកការទទួលទានសុរាវិញ ខណៈមានការជួបជុំនាឱកាសចូលឆ្នាំថ្មី ក្រសួងសូមផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ មិនត្រូវទទួលទានស្រា ស ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុលមកលាយធ្វើជាស្រា ស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។ ជាមួយគ្នានេះ គប្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដើម្បីសុវត្ថិភាពក្នុងពេលចូលឆ្នាំ។
ក្រៅពីចំណុចសំខាន់ៗដែលបានរៀបរាប់ខាងលើ ក្រសួងសុខាភិបាលក៏ស្នើឱ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យដោយពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬ បន្ទោបង់ពាសវាលពាសកាលនោះឡើយ។ ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។
ជាងនេះ ត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែងអាវដៃវែង ឱ្យបានជិត ដើម្បីបង្ការមូសខាំដែលអាចបង្កជាជំងឺគ្រុនឈាម។ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូលទុកដាក់របស់របរ និងសម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស។និងចុងក្រោយ គឺពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គីភ័យនៅតាមផ្ទះសម្បែងរៀងខ្លួន។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្រសួងក៏បានប្រកាសលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដើម្បីអាចឱ្យប្រជាពលរដ្ឋធ្វើការទាក់ទងសុំអន្តរាគមន៍បញ្ហាទាន់ពេលវេលា៕