ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបានបង្ហាញករណីថ្មីមួយបន្ថែមទៀតទាក់ទងការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកធម្មជាតិ ដែលបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋស្ថិតនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ ករណីនេះក្រសួងព្រមានបិទទ្វារក្រុមហ៊ុនតែម្តង បើសិននៅតែមិនរាងចាលបន្តបង្ហូរទឹកកខ្វក់ចូលប្រភពទឹកធម្មជាតិទៀតនោះ។
សកម្មភាពក្រុមការងារចុះពិនិត្យកន្លែងបង្ហូរទឹករបស់ក្រុមហ៊ុនព្រីន៤។រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន។
ផ្អែកតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារនៃក្រសួងបរិស្ថាន សហការជាមួយមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យសំណល់រាវ ដែលបង្ហូរចេញពីក្រុមហ៊ុនព្រីន ៤ ចាក់ចូលក្នុងព្រែកជីក៧២ ដោយលទ្ធផលបញ្ជាក់ថា កាកសំណល់រាវនោះមានភាពកខ្វក់បង្កផលប៉ះពាល់ប្រភពទឹកសាធារណៈនៅទីនោះ។
តាមលទ្ធផលពិនិត្យសំណាក់ប្រភពទឹកនៅទីតាំងបញ្ចេញចោលរបស់ក្រុមហ៊ុនដែលស្ថិតនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល បង្ហាញថា ក្រុមហ៊ុនខាងលើពុំបានរៀបចំអាងប្រព្រឹត្តិកម្ម សម្រាប់សម្អាតសំណល់រាវ និងទឹកកខ្វក់នោះទេ ទើបបណ្តាលឱ្យទឹកមានសភាពល្អក់ពណ៌ខ្មៅ។ នេះបើផ្អែកតាមរូបភាពដែលក្រុមមន្រ្តីចុះពិនិត្យនៅទីតាំងផ្ទាល់។
សភាពទឹកដែលបង្ហូរចេញពីរោងចក្រ។រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនព្រីន៤នេះ បានបើកដំណើរការនៅដើមឆ្នាំ២០២៥ និងបានសាងសង់អគារពាណិជ្ជកម្មចំនួន ៦អគារ ដោយប្រើប្រាស់ទឹកចំនួន ៧៥២ម៉ែត្រគូប/ថ្ងៃ ដែលទទួលបានពីប្រភពទឹកស្អាត តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនមានអាងសម្អាតសំណល់រាវ និងទឹកកខ្វក់នៅឡើយទេ។
ផ្អែកតាមលទ្ធផលចុះពិនិត្យស្ថានភាពទឹកព្រែក ៧២ ចាប់ពីខ្សែទឹកខាងលើ រហូតដល់ខ្សែទឹកខាងក្រោម ក្រសួងសម្រេចឱ្យក្រុមហ៊ុនត្រូវបញ្ឈប់សកម្មភាពបង្ហូរសំណល់រាវ ចូលព្រែក ៧២ ជាបណ្តោះអាសន្ន រហូតទទួលបានការអនុញ្ញាតជាថ្មីអនុលោមតាមមាត្រា ២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
សកម្មភាពក្រុមការងារប្រជុំជាមួយអ្នកពាក់ព័ន្ធករណីបង្ហូរទឹកកខ្វក់ចេញពីក្រុមហ៊ុន។រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន។
មួយទៀត ក្រុមហ៊ុនត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងទឹកកខ្វក់ អនុលោមតាមស្ដង់ដារដោយបំពាក់ឧបករណ៍ស្វ័យប្រវត្តិ ជាមួយការពិន័យអន្តរការណ៍តាមបទល្មើសជាក់ស្តែងផងដែរ។ ចំណែកប្រភពទឹកដែលត្រូវបំពុលនោះ ក្រសួងតម្រូវឱ្យក្រុមហ៊ុន ត្រូវសហការជាមួយក្រុមហ៊ុនជំនាញនិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបូមសម្អាតសំណល់រាវ និងទឹកកខ្វក់ចេញពីទីតាំងក្រុមហ៊ុន។
បន្ថែមពីលើនេះ ក្រសួងក៏តម្រូវក្រុមហ៊ុនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ផងដែរ បើសិនករណីក្រុមហ៊ុនមិនអនុវត្តតាម ឬបន្តបំពានទៀតនោះ នោះក្រសួងនឹងចាត់វិធានការច្បាប់ ដោយបិទទ្វារក្រុមហ៊ុនតែម្តង។
ទិដ្ឋភាពក្រុមហ៊ុនខាងលើ។រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន។
ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះក្រសួងបរិស្ថានបានអនុវត្តវិធានការយ៉ាងតឹងរឹងចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានបង្ហូរទឹកកខ្វក់ចូលទៅប្រភពទឹកធម្មជាតិ បណ្តាលឱ្យប៉ះពាល់បរិស្ថានជីវៈចម្រុះនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ វិធានការនេះ ក៏ស្របពេលនៃដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តគឺភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងខ្យល់។ ជាងនេះការដាក់ចេញយុទ្ធនាការភាពស្អាតក្នុងទឹកនេះ គឺមានបំណងជំរុញឱ្យមានសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យនៃការវិនិយោគ ជោគជ័យនៃការគ្រប់គ្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ៕
អត្ថបទឧបត្ថម្ភដោយ៖ ក្រុមហ៊ុនក្រដាសអនាម័យ ម៉ាក់ MG (ស្វិត ទន់ គុណភាពល្មម)