en     km
en     km

ក្រសួងបរិស្ថាននឹងរៀបចំផែនការសកម្មភាពជាតិកាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា

Share

ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលា​សម្ពោធគម្រោង និងប្រកាស​ដាក់​ឱ្យដំណើរការគម្រោង “គាំទ្រការរៀបចំផែនការសកម្មភាពជាតិ កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា”  ឆ្លើយតបចំពោះបញ្ហាបំពុលដោយប្លាស្ទិកនៅក្នុងសមុទ្រ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គនាយកដ្ឋានគោល​នយោបាយ និង​យុទ្ធសាស្ត្រ​ សហការជាមួយ IGES IDEA Consultant Inc. បានរៀបចំសិក្ខាសាលា​សម្ពោធគម្រោង និងប្រកាស​ដាក់​ឱ្យដំណើរការគម្រោង “គាំទ្រការរៀបចំផែនការសកម្មភាពជាតិ កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា” ដោយមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងរាជរដ្ឋាភិបាលជប៉ុន។ នេះបើយោងទៅតាមក្រសួងបរិស្ថានដែលផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ខណៈកម្មវិធីសិក្ខាសាលាបានធ្វើកាលពីថ្ងៃទី២០ ខែឧសភា។

តាមប្រភពដដែល បានបញ្ជាក់ថាសិក្ខាសាលាបានឯកភាពគ្នា ​រៀបចំផែនការសកម្ម​ភាពជាតិសម្រាប់កាត់​បន្ថាយ​សំរាមសមុទ្រ​ដោយ​មាន​សង្គតិភាព(គឺការរួបរួមគំនិត)ជាមួយផែនកា​រ ​យុទ្ធសាស្ត្រ​ជាតិដែលមានស្រាប់ដូចជា ក្របខណ្ឌគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ យុទ្ធសាស្ត្រជាតិសេដ្ឋកិច្ចចក្រា និង​ការរំពឹងទុក​នៃកិច្ចព្រមព្រៀងការ​បំពុល ​ពីប្លាស្ទិចដែលត្រូវចរចា​នៅឆ្នាំ២០២៤។

ក្រសួងបរិស្ថានថា ការរៀបចំផែនការ​សកម្មភាពនេះ​នឹងរំពឹងថា នឹងបានជាសេចក្តីព្រៀងចុងក្រោយ​សម្រាប់ដាក់ចូលក្នុងកិច្ចប្រជុំអាស៊ាន​នៅចុងឆ្នាំ២០២២​នេះ។

តែបើ ផ្អែកទៅតាមវិធានការចំបាច់ជាបន្ទាន់ដើម្បីឆ្លើយតបទៅបញ្ហាសំរាមប្លាស្ទិកក្នុងសមុទ្រ របស់UNDP ថាជារៀងរាល់ឆ្នាំត្រូវបានគេប៉ាន់ប្រមាណថា មានសំរាមហូរចូលសមុទ្រនៅទូទាំងពិភពលោកចំនួន១៣លានតោន។ របាយការណ៍ដដែលនេះបន្ថែមថា ថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាលបានរងការផលប៉ះពាល់ ឬបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ព្រោះតែសត្វទាំងនេះបានលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ដោយប្លាស្ទិក។

នៅកម្ពុជា ក្រសួងបរិស្ថានបានបញ្ចេញរបារការណ៍កាលពីឆ្នាំ២០២០ សំណល់ប្លាស្ទិក៤៨ភាគរយ បានហូរចូលទៅក្នុងសមុទ្រជាប្រចាំ និងសត្វសមុទ្រជាង១លានក្បាលបានស្លាប់ដោយបញ្ហាប្លាស្ទិកនេះ។

ចំពោះតំបន់ឆ្នេរ UNDP រំលេចឱ្យឃើញដែរថា សំណល់ប្លាស្ទិកបង្កផលប៉ះពាល់យ៉ាងច្រើនមកលើឧស្សាហកម្មទេសចរណ៍។ សំណល់ប្លាស្ទិកមានបរិមាណស្មើនឹង ៨០% នៃកម្ទេចកម្ទីដែលគេរកឃើញនៅតាមឆ្នេររបស់កម្ពុជា ដែលធ្វើឱ្យខូចដល់បរិស្ថានធម្មជាតិតំបន់ឆ្នេរ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសោភ័ណភាពឆ្នេរ។

បើក្រឡែកទៅមើលផែនការឆ្នាំ ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបចំពោះបញ្ហាបំពុលដោយប្លាស្ទិកគឺ បានជំរុញឱ្យមានការអនុវត្តតាមក្របខ័ណ្ឌ 4Rs គឺបដិសេធមិនប្រើប្រាស់ប្លាស្ទិក(Refuse) កាត់បន្ថយប្លាស្ទិក(Reduce) ប្រើប្រាស់ប្លាស្ទិកឡើងវិញ(Reuse) និងកែច្នៃប្លាស្ទិកឡើងវិញ( Recycle)។

សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលាសម្ពោធ និងដាក់ឱ្យអនុវត្ដគម្រោង “គាំទ្រការរៀបចំផែនការសកម្មភាពជាតិ កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា” ក៏មានការចូលរួមពីលោក មីកាមិ ម៉ាស្សាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសមញ្ញ និងបំពេញសតម្ថភាពជប៉ុន ប្រចាំកម្ពុជាផងដែរ។ ​រាជរដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយក្នុងទឹកប្រាក់ ៣ លានដុល្លារអាមេរិក ជាមួយនឹង UNDP ដើម្បីអនុវត្តគម្រោង ដែលគាំទ្រដល់ «ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា»។ នេះបើយោងទៅតាមរបាយការណ៍ពីUNDP ដដែល។

គួរជម្រាបដែរថា នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាបរិស្ថានដែលធ្វើឡើងនៅទីក្រុងណាយរ៉ូប៊ី ប្រទេសកេនយា កាលពីអំឡុងខែកុម្ភៈ និងមីនា ឆ្នាំ២០២២ ក៏បានលើកឡើងពីសំណុំរឿងផ្លាស្ទិកដែលមានក្នុងសមុទ្រសព្វថ្ងៃផងដែរ៕

Share

ព័ត៌មានទាក់ទង