ភ្នំពេញ៖នៅថ្ងៃទី២១និងទី២២ខែមិថុនាឆ្នាំ២០២៣ខាងមុខនេះ ក្រសួងបរិស្ថាននិងដៃគូពាក់ព័ន្ធនឹងបើកយុទ្ធនាការអន្ទាក់សូន្យវគ្គទី ២ នៅខេត្តបាត់ដំបង។ យុទ្ធនាការនេះជាផ្នែកមួយដែលអ្នកពាក់ព័ន្ធកំពុងជំរុញការបញ្ឈប់ទាំងស្រុងនូវការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិទាំងអស់ក្នុងប្រទេសកម្ពុជា។
តាមការបញ្ជាក់ពីលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យនៅបាត់ដំបងលើកនេះ ក្រុមការងារនឹងផ្តោតសំខាន់នៅទីតាំងសំខាន់ៗមួយចំនួនដែលជាសមទិដ្ឋផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងខេត្តបាត់ដំបង។
ក្នុងនោះមានដំណើរទស្សនកិច្ចនៅសហគមន៍សំឡូត ដំណើរទស្សនាចរទឹកសំឡូត ទស្សនកិច្ចការចិញ្ចឹមឃ្មុំរបស់ប្រជាសហគមន៍ ការទស្សនាពិពណ៌អន្ទាក់សូន្យ ដំណើរទស្សនកិច្ចស្ថានីយផលិតទឹកស្អាតនៅសាលាមានជ័យ និងការដាំកូនឈើក្នុងសហគមន៍ផងដែរ។

យោងតាមឯកសារទស្សនទានយុទ្ធនាការអន្ទាក់សូន្យខេត្តបាត់ដំបងបានបង្ហាញចក្ខុវិស័យជាកម្មវត្ថុនៃយុទ្ធនាការអន្ទាក់សូន្យថា យុទ្ធនាការបង្កើតឡើងដើម្បីអនុម័តជាផ្លូវការនូវប្រកាសស្តីពីការគ្រប់គ្រងឧបករណ៍ប្រមាញ់សត្វព្រៃក្នុងតំបន់ការពារ និងការកំណត់ទោសទណ្ឌចំពោះជនប្រព្រឹត្តិ ព្រមទាំងការទទួលបន្ទុកការប្រឆាំងបទល្មើសតាមរយៈការចុះពិនិត្យនិងបង្រ្កាបជាដើម។ ក្នុងនោះផងដែរ យុទ្ធនាការក៏ពិនិត្យលើវិធានការបង្ការជំងឺទាំងឡាយដែលកើតឡើងដោយសារការបរិភោគសាច់សត្វព្រៃដែលមានចែងក្នុងលិខិតណែនាំរបស់អង្គការសហប្រជាជាតិ។ និងចុងក្រោយគឺការលើកទឹកចិត្តដល់មហាជនប្តូរឥរិយាបថបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។
សូមជម្រាបជូនថា យុទ្ធនាការអន្ទាក់សូន្យត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថានកាលពីឆ្នាំ២០២២ដោយអនុវត្តសកម្មភាពនៅតាមបណ្តាខេត្តនានានៅភាគឥសាន្តប្រទេស៕