en     km
en     km

ក្រសួងអប់រំ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះដំណើរការល្អទោះមានឧបសគ្គតិចតួច

Share

បើទោះបីជាមានឧបសគ្គបន្តិចបន្តួចកើតឡើងចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤យ៉ាងណាក៏ដោយ តែការប្រឡងឆ្នាំននេះ នៅតែដំណើរការប្រព្រឹត្តិទៅល្អប្រសើរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡាដែលបានចេញផ្សាយនូវថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលវិទ្យុស្រ្តីទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា  ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ​ចាប់ពីថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ មានភាពល្អប្រសើរច្រើន។ តែទោះបែបនេះក្តី ក៏នៅមានបញ្ហាប្រឈមមួយចំនួនកើតឡើងផងដែរ ពោលមានបេក្ខជនអវត្តមាន បេក្ខជនខ្លះមានបញ្ហាសុខភាព និងខ្លះត្រូវរងគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរមកប្រឡង។

សម្រាប់ក្រសួងអប់រំឧបសគ្គតិចតួចបែបនេះ ពុំអាចមករារាំងដំណើរការប្រឡងក្នុងឆ្នាំនេះនោះឡើយ ដ្បិតក្រសួងវាយតម្លៃថា ការប្រឡងឆ្នាំនេះគឺប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាម គោលការណ៍ “អ្នកចេះគឺជាប់”។

តាមក្រសួងអប់រំដដែល ឆ្នាំសិក្សានេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧.០៤០នាក់ ស្រី ៧៤.៨៨២នាក់ ដោយមានមណ្ឌលប្រឡងសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់។ ចំនួនបេក្ខជនអវត្តមានសរុប ២.៤០៦នាក់ ស្រី ៩១៥នាក់ ត្រូវជា ១.៧៦ភាគរយនៃចំនួនបេក្ខជនសរុប។ រីឯ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១.៩៩០នាក់ ស្រី ៧៣៨នាក់ ត្រូវជា ៨២,៧១ភាគរយ នៃបេក្ខជនអវត្តមានសរុប។

ចំនួនបេក្ខជនមានបញ្ហាសុខភាពសរុប ១៣៦ នាក់ ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពហើយមិនអាចបន្តការ ប្រឡងបានមានចំនួន ១០នាក់។ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែកមានចំនួន ២២នាក់ បេក្ខជនជួបគ្រោះថ្នាក់ ចរាចរណ៍មានចំនួន ៧ នាក់។ គណៈកម្មការប្រឡង អនុរក្ស អប្បមាទ និងជំនួយការ ដែលមានបញ្ហាសុខភាព និងមិនអាច បន្តភារកិច្ចបានមានចំនួន ៤៦នាក់។

ជាការកត់សម្គាល់របស់ក្រសួងអប់រំ នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបាន អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជានៅតាមបណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ក៏ដោយប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។

ដោយឡែក មណ្ឌលប្រឡងមួយចំនួននៅ ខេត្តកោះកុង និងខេត្តស្ទឹងត្រែង ជួបប្រទះបញ្ហាភ្លៀងខ្លាំង និងដាច់ចរន្តអគ្គិសនីមួយរយៈខ្លី នៅរសៀលថ្ងៃទី១ ប៉ុន្តែបាន បន្តដំណើរការវិញដោយប្រក្រតី។ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន្ត រាជធានីភ្នំពេញ បានជួបប្រទះបញ្ហាទឹកលិច និងបានផ្លាស់ប្តូរបន្ទប់ប្រឡងនៅថ្ងៃទី២។

តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh៕

រូបភាពឯកសារ ក្រសួងអប់រំយុវជន និងកីឡា

Share

ព័ត៌មានទាក់ទង