en     km
en     km

អ្នកនាំពាក្យក្រសួងកសិកម្ម៖ការប្រែប្រួលអាកាសធាតុធ្វើឱ្យទិន្នផលស្វាយចន្ទីឆ្នាំនេះធ្លាក់ចុះតែតម្លៃបានខ្ពស់ល្អ

Share

រូបភាពឯកសារ

ភ្នំពេញ៖ កត្តាប្រែប្រួលអាកាសធាតុ ធ្វើឱ្យទិន្នផលស្វាយចន្ទីក្នុងរដូវប្រមូលផលឆ្នាំនេះធ្លាក់ចុះខ្លំាង។ ប៉ុន្តែប្រជាកសិករ ក៏ដូចជាអ្នកកែច្នៃគ្រាប់ស្វាយចន្ទី បែរជាទទួលបានតម្លៃខ្ពស់ជាងមុនទៅវិញបើធៀបទៅនឹងឆ្នាំមុន នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍

តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ៦ខែ ដើមឆ្នាំ២០២៤នេះ ការនាំចេញស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារបរទេសបានធ្លាក់ចុះខ្លាំងបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់អ្នកសារព័ត៌មាន តាមបណ្តាញទំនាក់ទំនងតេឡេក្រាម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នំាំ២០២៤ បន្ថែមថា នៅក្នុងរដូវប្រមូលផលស្វាយចន្ទីឆ្នាំនេះ ទទួលបានទិន្នផលទាបជាងមុន ដោយសារការប្រែប្រួលអាកាសធាតុ។ អ្នកនាំពាក្យក្រសួងកសិកម្មបន្តថា បើទោះបីជាទិន្នផលធ្លាក់ចុះបន្តិចមែន តែប្រជាកសិករ និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីនៅតែទទួលបានតម្លៃខ្ពស់ជាងមុនទៅវិញ ដោយសារស្វាយចន្ទីជាតម្រូវការទីផ្សារ ហើយអ្នកផ្គត់ផ្គង់នៅមានកម្រិត ដូច្នេះអ្នកលក់ អាចលក់គ្រាប់ស្វាយចន្ទី ទាំងស្រស់ និងកែច្នៃបានក្នុងតម្លៃមួយខ្ពស់ជាងរាល់ឆ្នាំ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ

ជាមួយគ្នានេះកញ្ញា អ៊ឹម រចនា សង្កាត់ធ្ងន់ថា កត្តាប្រែប្រួលអាកាសធាតុមិនត្រឹមតែជះឥទ្ធិពលលើដំណាំចន្ទីតែមួយនោះទេ ពោលគឺដំណាំដទៃទៀតក៏រងផលប៉ះពាល់ដែរ។ « ការប្រែប្រួលអាកាសធាតុមិនមែនជះឥទ្ធិពលទៅលើតែដំណាំស្វាយចន្ទី តែមួយមុខទេ ដំណាំសឹងតែគ្រប់ប្រភេទតែម្តង ក៏រងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ អ្វីដែលក្រសួងបានពិនិត្យឃើញ និងកំណត់បញ្ហាយើងកំពុងតែស្វែងរកវិធានការណ៍ដោះស្រាយតាមរយៈការស្រាវជ្រាវ រកពូជថ្មីៗ ជាពិសេស ស្វាយចន្ទីនេះធ្វើម៉េចឱ្យវាធននឹងអាកាសធាតុ ហើយអាចបានទទួលទិន្នផលខ្ពស់»។

អ្នកនាំពាក្យរូបនោះបន្តថា ទន្ទឹមគ្នានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងព្យាយាមទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសឱ្យដាក់ទុនវិនិយោគឱ្យច្រើនបើករោងចក្រកែច្នៃស្វាយចន្ទីនៅក្នុងស្រុក ដើម្បីឱ្យអ្នកវិនិយោគ ព្រមទាំងប្រជាកសិករដាំស្វាយចន្ទី ទទួលបានតម្លៃបន្ថែមច្រើនជាងមុន ហើយអាចនាំចេញដោយផ្ទាល់លើផលិតផលកែច្នៃរួចទៅកាន់ទីផ្សារបរទេស។

បន្ថែមពីលើនេះ កញ្ញា អ៊ឹម រចនា បញ្ជាក់ថា ក្រសួងកំពុងរៀបចំឱ្យមានសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទី ដែលក្រសួងគាំទ្រទាំងទុន និងបច្ចេកទេស ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង និងស្វែងរកទីផ្សារសម្រាប់សហគមន៍ស្វាយចន្ទីឱ្យបានមុនពេលផលិត។ កញ្ញា អ៊ឹម រចនា «យើងលក់មុនពេលយើងផលិត ពេលនោះយើងអាច ធានាបានការផ្គត់ផ្គង់ និងតម្រូវការមានសមាមាត្រគ្នា យើងអាចធានាបាននូវស្ថេរភាពតម្លៃជូនទាំងប្រជាកសិករ និងអ្នកកែច្នៃ កាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារបរទេស»។

តាមរបាយការណ៍រាយការណ៍ដោយកញ្ញា អ៊ឹម រចនា បញ្ជាក់ថា  ការនាំចេញស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារបរទេសមានការថយចុះរយៈពេល ៦ខែដើម ឆ្នាំ២០២៤នេះ ក៏ដោយសារតែកំណើននៃការកែច្នៃស្វាយចន្ទីក្នុងស្រុក ហើយកំណើនកែច្នៃគ្រាប់ស្វាយចន្ទីពីគ្រាប់ស្រស់ ទៅជាផលិតផលកែច្នៃនោះវាមានតម្លៃខ្លាំងសម្រាប់វិស័យកសិកម្មកម្ពុជា ផ្តល់ផលចំណេញ និងតម្លៃបន្ថែមខ្ពស់មកដល់កសិករ ក៏ដូចជាសហគា្រសកែច្នៃ ដែលនេះគឺជារឿងល្អ៕

ប្រភពរូបភាព៖ ឯកសារ

Share

ព័ត៌មានទាក់ទង