កំពង់ធំ៖ ចំណូលប្រហែល ១០ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទស្រុកស្រែគឺមិនមែនជារឿងធម្មតានោះទេ ហើយខ្ទង់ចំណូលនេះក៏មិនចាញ់អ្នករកស៊ីមួយចំនួននៅទីក្រុងដែរ។

លោក ហ៊ឹម វិជ្ជា និងប្រពន្ធឈ្មោះ ណាំ ណាវ ជាគ្រួសារកសិករមួយរស់នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រកបមុខរបរដកព្រលឹតស្រែលក់ជារៀងរាល់ថ្ងៃ ជាមួយចំណូលពី ៨ម៉ឺនដល់ ១៤ ម៉ឺនរៀលក្នុងមួយថ្ងៃ។
កំពុងចងព្រលឹតបណ្តើរប្តីប្រពន្ធទាំងពីរនាក់ ឆ្លៀតឆ្លើយសំនួរជាមួយលោក ហុក ដេប៉ូ យុវជនខេត្តកំពង់ធំថា លោកនិងភរិយា ត្រូវចេញដំណើរដោយម៉ូតូទៅដកព្រលឹតនៅម៉ោង ៨ ព្រឹក នឹងត្រូវបន្តដំណើរដោយទូកម៉ាស៊ីនទៅក្នុងបឹង និងត្រពាំងនានាដើម្បីស្វែងរកព្រលឹត។ អ្នកទាំងពីរត្រូវចំណាយពេលជាង ៧ ម៉ោង ទាំងធ្វើដំណើរទៅ មក និងការដកព្រលឹតលើផ្ទៃបឹង រហូតដល់ម៉ោងប្រមាណ ២ ឬ ៣ រសៀលទើបធ្វើដំណើរត្រឡប់មកផ្ទះវិញ។

ពេលធ្វើដំណើរមកដល់ផ្ទះ ការងារមិនទាន់ចប់នោះទេ លោក ហ៊ឹម វិជ្ជា ត្រូវជញ្ជូនព្រលឹតមកដាក់ក្នុងផ្ទះ ហើយប្តីប្រពន្ធទាំងពីរនាក់ត្រូវអង្គុយចងព្រលឹតទាំងនោះជាកងតូចៗត្រៀមយកទៅលក់ឱ្យម៉ូយ។
នៅម៉ោង ៣ ទៀបភ្លឺជាពេលដែលប្តីប្រពន្ធទាំងពីរត្រូវដឹកព្រលឹតដែលចងរួចយកទៅលក់បោះដុំបន្តឱ្យម៉ូយនៅផ្សារបារាយណ៍ និងផ្សាររំលង ដែលព្រលឹតមួយដុំតម្លៃ ៣០០រៀល ហើយក្នុងមួយថ្ងៃអាចលក់បានប្រាក់ពី៨ ម៉ឺនរៀលដល់ទៅ ១៤ម៉ឺនរៀល។ អ្នកស្រី ណាំ ណាវ ជាភរិយាប្រាប់ថា មុខរបរដកព្រលឹតលក់នេះ មិនលំបាកពេកទេ ហើយមិនចំណាយដើមទុនច្រើនឡើយ តែអាចរកប្រាក់ចំណូលបានច្រើនដែលអាចផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងការកូនរៀនសូត្ររបស់កូនៗបានប្រសើរ៕



អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។