កំពង់ធំ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នឹងមានការរៀបចំកម្មវិធីប្រណាំងទូកផ្កាចារដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។ ទីតាំងប្រកួតធ្វើតាមបណ្តោយប្រឡាយឈូកខ្សាច់ត្រង់តំបន់អូរកាច់ ស្ថិតនៅភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ញឹក ទិតហេង គណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងទូកផ្កាចារនេះនិយាយថា ទូកដែលចូលរួមប្រណាំងឆ្នាំនេះ មកពីភូមិឃុំផ្សេងៗគ្នាក្នុងនោះមកពីភូមិ ចតុលោកចំនួន ៣ទូក ភូមិពោធិ៍ពីរមាន ៣ទូកក្នុងនោះមានទូកនារីមួយ ភូមិបារាយណ៍ធំចំនួន ២ ទូក ភូមិបារាយណ៍តូចមាន ២ ទូក ភូមិបាណកមាន ១ទូកភូមិថ្នល់ថ្មីមាន ២ទូក ភូមិអូរសួស្តីមាន ១ទូក ភូមិសំរោងមាន ១ ទូក ភូមិថ្នល់ជាតិមាន ១ទូកនិងទូកមកពីឃុំឈូកខ្សាច់មាន ២ទូក។
លោក ទិតហេង បន្តថាការរៀបចំពិធីប្រណាំងទូកនេះឡើង ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិស្រុកមានសាមគ្គីភាព កិច្ចសហការល្អ ចេះជួយគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា ថវិកាសម្រាប់ដំណើរការកម្មវិធីប្រណាំងទូកផ្កាចារនេះ ទទួលបានពីទឹកចិត្តបងប្អូនប្រជាពលរដ្ឋក្នុងភូមិស្រុកដែលបានរៃអង្កាសតាមលទ្ធភាព។ ចំណែកជ័យលាភី នឹងទទួលបានថវិកាតាមទំហំសាច់ប្រាក់ដែលគណៈកម្មការរៀបចំកម្មវិធីរៃអង្កាសបានពីប្រជាពលរដ្ឋក្នុងភូមិស្រុក។
យ៉ាងណាគណៈកម្មការរៀបចំកម្មវិធីប្រណាំងទូក សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬសប្បុរសជនដែលមានទឹកចិត្តចង់ឃើញ និងថែរក្សាល្បែងកំសាន្តរបស់ខ្មែរទុកសម្រាប់កូនចៅជំនាន់ក្រោយ អាចឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគមកកាន់គណៈកម្មការរៀបចំកម្មវិធីបាន៕

អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្រ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌ មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។