កំពង់ធំ៖ កាលពីពេលថ្មីៗនេះមន្រ្តីនៃមន្ទីរធនធានទឹកខេត្តកំពង់ធំ បានជួបប្រជុំជាមួយអាជ្ញាធរឃុំឈូកខ្សាច់ ដោយបានស្នើឱ្យមានសមាភាពស្រ្តីធ្វើជាគណ:កម្មការទ្រទ្រង់ក្នុងការសាងសង់ប្រឡាយទឹកអូរតាស៊ូង។ ការស្នើនេះ បន្ទាប់ពីអាជ្ញាធរបានចុះហត្ថលេខាសម្រេចកាយប្រឡាយអូរតាស៊ូង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានទឹកស្រោចស្រពដំណាំ ធ្វើស្រែ និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ការស្នើឱ្យមានសមាភាពស្រ្តីជាគណៈកម្មការ ដើម្បីជំរុញឱ្យមានការពីស្រ្តីក្នុងសកម្មភាពអភិវឌ្ឍន៍សហគមន៍កាន់តែច្រើន។
ជាការព្រមព្រៀងអាជ្ញាធរបានសម្រេចជ្រើសរើសអ្នកស្រី ទឹម ឡាំងសាត ជាគណ:កម្មការទ្រទ្រង់ក្នុងការសាងសង់ប្រឡាយទឹកអូរតាស៊ូងនេះ ដែលមានភារកិច្ចដើរត្រួតពិនិត្យមើលលើការសាងសង់ប្រឡាយនេះ។

អ្នកស្រី ទឹម ឡាំងសាត ប្តេជ្ញាចិត្តថា បំពេញតួនាទីនិងភារកិច្ចឲ្យបានល្អប្រសើរ និងលើកកម្ពស់ឲ្យស្រ្ដីទាំងអស់ការចូលរួមរាល់សកម្មភាពដែលមាននៅក្នុងឃុំ។
លោក ប៉ែន ប៉ាច រស់នៅក្នុងភូមិក្ដាមហាបានរៀបរាប់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋពេលមិនមានទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រពដំណាំផ្សេងៗ និងបង្ហូរចូលស្រែ។ យ៉ាងណាលោកសម្តែងក្តីត្រេកអរដែលអាជ្ញាធរមានគម្រោងកាយប្រឡាយអូរតាស៊ូងដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹក។
សូមបញ្ជាក់ថា ប្រឡាយទឹកអូរតាស៊ូង ស្ថិតនៅខាងត្បូងភូមិក្ដាមហា ដែលប្រជាពលរដ្ឋភូមិក្ដាមហា ភូមិប្រាសាទ និងភូមិឆ្ពេន កំពុងទទួលផលប្រយោជន៍ពីប្រឡាយមួយនេះ៕
អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។