ខេត្តកំពង់ធំ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ទឹកទន្លេកាន់តែតូចទៅៗ ប្រភពត្រីធម្មជាតិក៏កាន់តែខ្សត់បន្តិចម្តងៗស្ទើររាល់ឆ្នាំ មិនអាចផ្គត់ផ្គង់តម្រូវការហូបចុករបស់ពលរដ្ឋក្នុងសហគមន៍បានគ្រប់គ្រាន់នោះទេ។ នេះជាការត្អូញត្អែររបស់លោក អឹម គន ពលរដ្ឋមួយរូបរស់នៅក្នុងភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលធ្លាប់ពឹងផ្អែកលើរបបនេសាទត្រីនិងស្រែចំការ។

ភ្នែកទាំងគូសម្លឹងទៅស្រះត្រីលោក អឹម គន កំពង់ពូតកន្ទក់ដែលស្ងោររួចជាដុំតូចៗបាចចូលក្នុងស្រះ ជាសកម្មភាពផ្តល់ចំណីត្រីប្រចាំថ្ងៃរបស់លោក។ លោក អឹម គន ប្រាប់ក្រុមការងារយុវជនបង្គោលប្រចាំស្រុកបារាយណ៍ថា ការជ្រើសរើសរបរចិញ្ចឹមត្រីនេះ គឺដើម្បីផ្គត់ផ្គង់ការហូបចុកក្នុងក្រុមគ្រួសារ និងលក់ទៅកាន់ទីផ្សារដើម្បីទទួលបានប្រាក់ចំណូលផងដែរ។

បុរសជាអ្នកចិញ្ចឹមត្រីរូបនេះបន្តថា សព្វថ្ងៃលោកចិញ្ចឹមត្រីឆ្ពិនប្រហែល ៥ ពាន់ក្បាល ហើយការប្រមូលផលលក់ទៅលើទីផ្សារគឺបានតម្លៃសមរម្យ។

ទាក់ទងចំណង់ចំណូលចិត្តការទទួលទានត្រីចិញ្ចឹមវិញ លោកបញ្ជាក់ថា ពីមុនប្រជាពលរដ្ឋរើសអើងមិនសូវចូលចិត្តបរិភោគត្រីចិញ្ចឹមនោះទេ សូម្បីតែគ្រួសាររបស់លោក។ តែលោកថា បច្ចុប្បន្ននេះគ្រួសាររបស់លោកងាកមកទទួលទានត្រីចិញ្ចឹមវិញ ព្រោះការចិញ្ចឹមនិងការផ្តល់ចំណីគឺតាមបែបធម្មជាតិ។

អ្វីដែលជំរុញឱ្យលោកងាកមកចាប់អារម្មណ៍របរចិញ្ចឹមត្រីជាសំខាន់នោះ គឺត្រីធម្មជាតិដែលលោកធ្លាប់រកបានតាមស្រែបានងាយស្រួល ឥឡូវពិបាករកណាស់ ព្រោះត្រីតាមស្រែកាន់តែខ្សត់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ៕
អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។