នៅមួយរយៈចុងក្រោយនេះ ជម្លោះព្រំដែននៅកម្ពុជា-ថៃនៅតែមានភាពតានតឹង ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួននាំគ្នាចុះទៅទស្សនាទីតាំងទាហាន ទោះបីមិនបានទៅដល់បន្ទាយក្តី តែពួកគេបាននាំយករបស់របរហូបចុកនិងថ្នាំសង្កូវជាច្រើនទៅជូនកងទ័ពទាហានដែលប្រចាំការនៅតាមបណ្តោយព្រំដែន។
(កញ្ញា កែវ សុជាតា រាយការណ៍)
សំឡេងលោក តាំ សុជាតិ៖ «ការរួមកម្លាំងរបស់ប្រជាជនគ្រប់ឋានៈ កុំគិតថាគាត់ជាកងទ័ព យើងជាអ្នករកស៊ី យើងជាកសិករ គឺសូមមានការរួបរួមគ្នាជាធ្លុងមួយ គេហៅថាជាចង្កឹះមួយបាច់។ នេះហើយគឺជាឧបសគ្គដ៏មហិមា ដែលទោះបីជាជនឈ្លានពាន ប្រទេសឈ្លានពានធំប៉ុណ្ណា ក៏មិនអាចឆ្លងនូវរបងប្រជាពលរដ្ឋរួបរួមគ្នា។»។
នេះគឺជាសម្រង់សម្តីដើមរបស់លោក តាំ សុជាតិ ប្រធានក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក (MG Pacific Company Limited) លើកឡើងប្រាប់វិទ្យុស្រ្តី នៅខណៈដែលប្រទេសកម្ពុជានិងថៃកំពុងមានវិវាទព្រំដែន។ ទោះលោកមិនមែនជាទាហានជួរមុខឈរតតាំងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនក្តី តែក្នុងនាមលោកជាពលរដ្ឋខ្មែរមួយរូបយល់ថា ការចេះជួយយកអាសារគ្នាក្នុងគ្រាប្រទេសមានបញ្ហា គឺជាការចូលរួមដ៏តម្លៃ និងមិនអាចកាត់ថ្លៃបាន។ សូម្បីតែជនដែលមានបំណងឈ្លានពាន ក៏លោកមើលឃើញថា ពួកគេត្រូវហែឆ្លងឆន្ទៈតស៊ូរបស់ពលរដ្ឋកម្ពុជា ការសាមគ្គីគ្នារវាងទាហាន ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជាជាមុនសិន។
រូបខាងស្តាំដៃជាលោក តាំ សុជាតិ ប្រធានក្រុមហ៊ុន អិមជី ផេស៊ីហ្វិក។ រូបភាព៖ MG Pacific Company Limited
កាលពីថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក (MG Pacific Company Limited) បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខទាហានខ្មែរដែលប្រចាំការនៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងដំណើរចុះទៅសួរទុក្ខនេះដែរ ក្រុមហ៊ុនដែលជាសិប្បកម្មក្នុងស្រុកនេះបាននាំយកនូវសម្ភារៈដូចជា សាច់ គ្រឿងកំប៉ុង ថ្នាំសង្កូវ តង់ទុកសម្រាក រួមទាំងថវិកាមួយចំនួនទុកគ្រាន់ទាហានអាចទិញបន្លែបង្ការបរិភោគនិងប្រើប្រាស់តាមជាក់ស្តែង។ របស់របរទាំងនេះបានមកពីទឹកចិត្តរបស់ពលរដ្ឋខ្មែរមួយចំនួនដែលខ្វល់ខ្វាយពីសុខទុក្ខរបស់ទាហាននៅតំបន់មុំបី បើទោះបីជាថវិកានោះមាចំនួនមិនច្រើនហូរហៀក៏ពិតមែន តែការចូលរួមបានផ្តល់ជាស្នាមញញឹមទៅដល់កងទាហាន។
តាមបទពិសោធចុះទៅផ្ទាល់នេះ លោក តាំ សុជាតិ មើលឃើញថា ការហូបចុកសម្រាប់ទាហានខ្មែរហាក់ពុំសូវមានជាតិប្រូតេអ៊ីនឬជាតិសាច់គ្រប់គ្រាន់ឡើយ ដ្បិតទាហាននៅច្រកព្រំដែនតំបន់មុំបីភាគច្រើនបរិភោគគ្រឿងកំប៉ុងដូចជាមី និងត្រីខជាដើមនោះ។ អាហារទាំងនេះផ្តល់ភាពងាយស្រួលទាំងការរកទិញនៅទីផ្សារ ទាំងការទុកដាក់ និងងាយចម្អិនបរិភាគភ្លាមៗ ផ្ទុយពីសាច់សត្វគឺពិបាករកទិញ និងងាយខូចគុណភាពពេលចូលទៅក្នុងព្រៃរយៈពេលយូរ។
លោក តាំ សុជាតិ៖«មូលហេតុដែលជំរុញទឹកចិត្តឱ្យចុះទៅផ្ទាល់ គឺដោយសារយើងឃើញប្រទេសយើងជាប្រទេសតូច រងការឈ្លានពានជាច្រើនមកហើយ អ៊ីចឹងហើយបានជាមានទឹកចិត្តថាធ្វើម៉េចត្រូវតែចេះជួយគ្នា។ សំណូមពរដែលគួរតែនាំយកទៅសាច់ស្រស់អីខ្លះ ព្រោះអីគាត់(ទាហាន)ហូបរបស់ក្រៀមច្រើន របស់កំប៉ុងច្រើន។ ដូចខ្ញុំលើកឡើងពីដើមអ៊ីចឹង កុំចាំបាច់តែអ្នកធំ កុំបាច់ចាំតែអ្នកមាន ព្រោះអីប្រទេសយើងទាំងអស់គ្នា។»។
រូបភាព៖ MG Pacific Company Limited
ជាមួយគ្នានេះដែរ លោកលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលពុំទាន់បានទៅទស្សនាប្រាសាទតាមាន់ធំដែលស្ថិតនៅខេត្តព្រះវិហារ អាចធ្វើដំណើរទៅលេងកម្សាន្តបាន ខណៈពេលដែលពលរដ្ឋអាចសិក្សាស្ថានភាពទាហានដែលប្រចាំការនៅទីនោះ។ លោកបញ្ជាក់យ៉ាងច្បាស់ថា ចរាចរណ៍នៅទីនោះហាក់មមាញឹក ក៏ប៉ុន្តែផ្លូវធ្វើដំណើរគឺងាយស្រួល។ ដើម្បីជំរុញស្មារតីទាហាននៅតាមទល់ដែន លោក សុជាតិ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បន្តរួបរួមសាមគ្គីគ្នា ដ្បិតកម្ពុជាជាប្រទេសតូចក្តី តែមានទឹកចិត្តធំ មានការសហការគ្នាតតាំងនឹងឧបសគ្គ។
លោក តាំ សុជាតិ៖«ខ្ញុំទទូចដដែលថា សូមឱ្យបងប្អូនយើងទៅមើល ទៅឱ្យឃើញ ហើយមករួមគ្នាគិត កុំគិតតែស្មាន អ្នកខ្លះមិនដឹងថាប្រាសាទតាមាន់នៅខេត្តណាផង ខ្ញុំសុំហើយ។ ទៅមើលផ្ទាល់សិនៗ នេះជាទឹកចិត្តខ្ញុំ។ ចម្លើយខ្ញុំគឺទៅៗ។»។
ផ្សាភ្ជាប់នឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃនេះទៀតសោត បានជះផលប៉ះពាល់ទៅដល់ទំនិញនាំចេញរបស់ភាគថៃ ដែលជានិច្ចកាលតែងនាំចូលមកកាន់កម្ពុជា។ តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង១.១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង៥.២ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤.១ពាន់លានដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញទៅថៃជាង២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង១.៥ពាន់លានដុល្លារ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន ប្រធានរដ្ឋសភាកម្ពុជាចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងនាមលោក តាំ សុជាតិ ជាប្រធានក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក ដែលជាសិប្បកម្មផលិតដោយដៃកូនខ្មែរ និងធ្វើក្នុងរោងចក្រខ្មែរ លោកថា លោកនឹងបន្តផលិតក្រដាសអនាម័យដែលមានគុណភាពខ្ពស់ជូនទៅដល់អតិថិជន ពិសេសលោកនៅតែបន្តរកវត្ថុធាតុដើមដែលមានតម្លៃសមរម្យ ដើម្បីឱ្យការផលិតមានទំហំធំ ប្រកបទៅដោយគុណភាព និងតម្លៃមួយដែលអាជីវករតូចធំអាចជាវទៅលក់បន្ត និងសូម្បីតែអ្នកប្រើប្រាស់ក៏ទិញទៅប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ។ បច្ចុប្បន្ន ក្រុមហ៊ុនមានឧបសគ្គទាក់ទិននឹងតម្លៃនៃវត្ថុធាតុដើម ដែលធ្វើឱ្យចង្វាក់ផលិតកម្មមានបញ្ហា ក៏ប៉ុន្តែការណ៍នេះមិនមែនជាឧបសគ្គសម្រាប់ក្រុមហ៊ុនឡើយ ពោលគឺលោកនិងក្រុមការងារនឹងបន្តផលិតផលិតខ្មែរឱ្យបានច្រើនទៅតាមការចង់បានរបស់អតិថិជន៕
រូបភាព៖ MG Pacific Company Limited