ព្រះវិហារ៖ សារមួយពីមតិអ្នកចូលរួមក្នុងទិវាអនាម័យបរិស្ថានជាតិកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះវិហារបានលើកឡើងថា «សំរាមគឺជាមេរោគសង្គមដ៏សំខាន់មួយដែលពលរដ្ឋគ្រប់រូបត្រូវតែយកចិត្តទុកដាក់»។ នេះបើតាមមតិលើកឡើងរបស់អ្នកចូមរួមក្នុងកម្មវិធីទិវាអនាម័យបរិស្ថានជាតិដែលផ្តល់កិច្ចសម្ភាសន៍ជូនសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារ។
ទិដ្ឋភាពអ្នកចូលរួមកម្មវិធីទិវាអនាម័យបរិស្ថានជាតិ។រូបភាព សុវណ្ណារិទ្ធ។
បច្ចុប្បន្នសំរាមបានថយចុះជាបណ្ដើរៗដោយសារមានការយកចិត្តទុកដាក់ពីមន្រ្តីជំនាញ និងអង្គការសង្គមស៊ីវិល បានចុះអប់រំផ្សព្វផ្សាយដល់សហគមន៍ រួមនឹងពលរដ្ឋមួយចំនួនទុកដាក់សំរាមបានល្អលើបញ្ហាសំរាម។ តែក៏នៅមានពលរដ្ឋមួយចំនួនទៀតនូវតែចោលសំរាមពាសវាលពាសកាល បណ្ដាលឲ្យកើតមេរោគ បំផ្លាញបរិស្ថាន និងភ្ញៀវទេសចរណ៍ជាដើម។ នេះជាការលើកឡើងខ្លះៗ ពីអ្នកចូលរួមទិវាអនាម័យបរិស្ថានជាតិកាលពីថ្ងៃទី២៧ ខែវិច្ឆិកា នៅក្នុងខេត្តព្រះវិហារ។
សកម្មភាពអ្នកចូលរួមដើររើសសំរាមតាមទីសាធារណៈក្នុងថ្ងៃទិវាអនាម័យបរិស្ថានជាតិ។រូបភាព សុវណ្ណារិទ្ធ។
យុវជនម្នាក់ឈ្មោះ សី នា ជាសិស្សនៅវិទ្យាល័យចំណេះទូទៅ បច្ចេកទេស ជាស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារលើឡើងថា ក្នុងនាមជាយុវជនម្នាក់ខ្លួនយល់ថា យុវជនគ្រប់រូបត្រូវតែយកចិត្តទុកដាក់អំពីបញ្ហាសំរាម ពិសេសត្រូវចេះទុកដាក់សំរាមក្នុងធុងសំរាម និងចេះវ៉ិចខ្ចប់រក្សាទុកនៅទីកន្លែងដែលមិនបង្កប៉ះពាល់ដល់អ្នកដទៃ។មួយវិញទៀត យុវសិស្សរូបនេះស្នើដល់យុវជនគ្រប់គ្នា ត្រូវចេះជួយផ្សព្វផ្សាយណែនាំបន្តទៅកាន់យុវជនដូចគ្នា ដើម្បីឱ្យពួកគេយល់ដឹងអំពីសំរាម ជំរុញយ៉ាងណាឱ្យយុវជនកុំបោះសំរាមពាសវាលពាសកាល។
យុវសិស្សចូលរួមទិវាអនាម័យបរិស្ថានជាតិផ្តល់កិច្ចសម្ភាសន៍ដល់សិក្ខាកាមវិទ្យុស្រ្តី។រូបភាព សុវណ្ណារិទ្ធ។
ដោយឡែកយុវតីមួយរូបទៀត គឺកញ្ញា សេង ដានីតា ជាសិស្សវិទ្យាល័យខាងលើដូចគ្នាក៏ផ្តាំផ្ញើដល់យុវជនគ្រប់រូប ត្រូវចូលរួមបង្កើនការទប់ស្កាត់ទាំងអស់គ្នាលើបញ្ហាសំរាម។ សារផ្តាំផ្ញើនេះ ដ្បិតកញ្ញាយល់ថា សំរាមជាភ្នាក់ងារអាចបំផ្លាញមនុស្ស ព្រោះសំរាមប្រៀបដូចអាវុធលាក់មុខ ដែលចម្លងមេរោគចូលរាង្គកាយមនុស្សដោយមិនដឹងខ្លួន។ ប្រការនេះ យុវតី សេង ដានីតា ស្នើឱ្យសាធារណជនគ្រប់រូបត្រូវរក្សាសំរាមឲ្យបានល្អ មិនត្រូវយកសំរាមទៅចោលនៅទីសាធារណៈ ដូចជាក្នុងព្រៃ តាមផ្លូវថ្នល់ ក្នុងប្រភពទឹកជាដើម ដោយត្រូវយកចោលនៅក្នុងធុងសំរាម ឬជីកកប់ឲ្យបានល្អ។
យុវសិស្សចូលរួមទិវាអនាម័យបរិស្ថានជាតិផ្តល់កិច្ចសម្ភាសន៍ដល់សិក្ខាកាមវិទ្យុស្រ្តី។រូបភាព សុវណ្ណារិទ្ធ។
ក្នុងកម្មវិធីខាងលើនេះដែរលោក ស៊ាន សុធីរ័ត្ន ចៅសង្កាត់កំពង់ប្រណាក អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់សំរាម ជាពិសេសថង់ប្លាស្ទិច ដោយត្រូវងាកមកប្រើកន្ត្រកយួរជំនួយថង់ប្លាស្ទិចវិញ។ ជាងនេះទៀត លោកយល់ថា បើសិនជាមានចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើថង់ប្លាស្ទិក នោះនឹងអាចបង្កើតបានទីក្រុង និងភូមិឋានល្អគ្មានសំរាមជាក់ជាពុំខាន។
លោក ស៊ាន សុធីរ័ត្ន ចៅសង្កាត់កំពង់ប្រណាកផ្តល់កិច្ចសម្ភាសន៍ជូនសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារ។រូបភាព សុវណ្ណារិទ្ធ។
ជុំវិញរឿងនេះលោក សុខ សាន្ដដារ៉ា អភិបាលរងខេត្តព្រះវិហារបានអំពាវនាវបន្ថែមទៅកាន់អ្នកចូលរួម ត្រូវចូលរួមសំអាតសំរាមទាំងផ្លូវគោក ផ្លូវទឹក និងក្រោមដី។ លោកថា បើសិនជាមានការចូលរួមលុបបំបាត់សំរាម នោះនឹងធ្វើឲ្យសោភ័ណភាពទីក្រុងស្រស់ស្អាត ទទួលជ័យលាភី “ផ្ការំដួល” ដែលអាចបង្កើនភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះវិហារ ខណៈខេត្តព្រះវិហារក៏មានប្រាសាទ និងតំបន់ទេសចរណ៍ជាច្រើនទៀតផងដែរ។
លោក សុខ សាន្ដដារ៉ា អភិបាលរងខេត្តព្រះវិហារថ្លែងសារទៅកាន់អ្នកចូលរួមទិវាអនាម័យបរិស្ថានជាតិកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។រូបភាព សុវណ្ណារិទ្ធ។
សូមបញ្ជាក់ថា កាលពីនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីរដ្ឋបាលខេត្តព្រះវិហារបានប្រារព្ធកម្មទិវាអនាម័យបរិស្ថានជាតិ ថ្ងៃទី២៣ វិច្ឆិកា ២០២៤ ក្រោមវិធានបទ”ភូមិដ្ឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព” ក្រោមវត្តមានចូលរួមពីលោក សុខ សាន្ដដារ៉ា អភិបាលរងខេត្ត និងប្រធានមន្ទីរបរិស្ថាន ថ្នាក់ដឹកនាំមន្ត្រីរាជការ អង្គភាពជុំវិញខេត្ត រួមទាំងកងកម្លាំងមានសមត្ថកិច្ច សិស្សានុសិស្ស បានចូលរួមរើសសំរាមតាមទីសាធារណៈផងដែរ៕
អត្ថបទខ្លី សរសេរដោយ មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។
កម្រងរូបភាពនៃសកម្មភាពក្នុងទិវាអនាម័យបរិស្ថានជាតិ៖