ភ្នំពេញ៖អ្នកសារព័ត៌មាននិងអ្នកផលិតមាតិកាលើបណ្តាញសង្គមប្រមាណ ៤០នាក់ ដាក់ការរំពឹងទុកនិងសន្យាថា ពួកគេនឹងបង្កើនការផលិតព័ត៌មាននិងមាតិកាផ្សេងៗដោយដាក់បញ្ចូលនូវបញ្ហាទាក់ទងនឹងយេនឌ័រក្នុងសេចក្តីរាយការណ៍របស់ខ្លួន ជាផ្នែកមួយជួយបញ្ជ្រាបការយល់ដឹងដល់អ្នកអាននិងអ្នកទស្សនា។ ការតាំងចិត្តនេះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មាននិងអ្នកផលិតមាតិកាតាមបណ្តាញសង្គមខាងលើ បានឆ្លងការវគ្គបណ្តុះបណ្តាលស្តីពី«ការរាយការណ៍ដែលគិតគូរពីយេនឌ័រ និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ»ដែលរៀបចំឡើងដោយអង្គការនារីដើម្បីសន្តិភាព(WPM)កាលពីថ្ងៃទី០១ និងទី០២ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋានគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
អង្គការនារីដើម្បីសន្តិភាព ហៅកាត់ថា WPM បានផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការរាយការណ៍ដែលគិតគូរពីយេនឌ័រ និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ»ទៅកាន់អ្នកសារព័ត៌មាននិងអ្នកផលិតមាតិកាតាមបណ្តាញសង្គមប្រមាណ៤០នាក់ ជាផ្នែកមួយជួយសិក្ខាកាមយល់ដឹងកាន់តែស៊ីជម្រៅពី យេនឌ័រ ដោយរំពឹងថា អ្នកចូលរួមអាចបញ្ជ្រាបបញ្ហាយេនឌ័រ ក្នុងសេចក្តីរាយការណ៍របស់ពួកគេកាន់តែល្អប្រសើរ។
សកម្មភាពអ្នកចូលរួមស្តាប់បទបង្ហាញរបស់អ្នកជំនាញផ្នែកព័ត៌មានពីបទពិសោធន៍ការចុះយកព័ត៌មានទាក់ទងស្រ្តីនៅតំបន់ជនជាតិដើមភាគតិចរស់នៅ។រូបភាពពីក្រុមការងារWPM។
លោកស្រី ហែម បូរ៉ាន្នី មន្រ្តីការិយាល័យវិទ្យុនៃមន្ទីរព័ត៌មានខេត្តសៀមរាបនិយាយថា វគ្គសិក្សាទាក់ទងនឹងយេនឌ័រនេះ ពិតជាមានសារៈប្រយោជន៍សម្រាប់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាតាមបណ្តាញសង្គម ព្រោះអ្នកចូលរួមកាន់តែយល់ច្បាស់ពីយេនឌ័រ និងជំរុញការផលិតព័ត៌មានរបស់ពួកគេអាចលើកកម្ពស់ដល់ស្រ្តីនិងក្មេងស្រីឱ្យចូលរួមការងារសង្គមកាន់តែច្រើនតាមរយៈបង្ហាញនូវសំឡេងក៏ដូចជាសិទ្ធិរបស់ស្រ្តីនិងក្មេងស្រី។ សម្រាប់លោកស្រី បូរ៉ាន្នី ការធ្វើសេចក្តីរាយការណ៍ដោយយល់ច្បាស់ពីយេនឌ័រ នឹងអាចជួយឱ្យអ្នកសារព័ត៌មានជៀសវាងបាននូវការផ្សាយព័ត៌មានដែលដាក់បន្ទុកលើស្រ្តីនិងក្មេងស្រីក្នុងករណីរំលោភសេពសន្ថវៈ និងករណីហិង្សា កុំឱ្យរងគ្រោះដោយសារការផ្សាយព័ត៌មានថែមមួយកម្រិតទៀត។ ជាការបេ្តជ្ញាចិត្ត និងជាការរំពឹងទុកក្រោយវគ្គសិក្សានេះ ស្រ្តីអ្នកសារព័ត៌មាននៃមន្ទីរព័ត៌មានខេត្តសៀមរាបរូបនេះ សង្ឃឹមថា សិក្ខាកាមនឹងព្យាយាមលើកយកប្រធានបទព័ត៌មានទាក់ទងនឹងយេនឌ័រធ្វើសេចក្តីរាយការណ៍ឱ្យបានកាន់តែច្រើន ដើម្បីលើកស្ទួយសិទ្ធិរបស់ស្រ្តីនិងក្មេងស្រី ពិសេសការយល់ដឹងពីសមភាពយេនឌ័រ។
លោកស្រី ហែម បូរ៉ាន្នី បានផ្តល់បទសម្ភាសន៍ជូនវិទ្យុស្រ្តីដោយលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលខាងលើ។
ដោយឡែកលោក ខៀវ ចាប អ្នកសារព័ត៌មានកម្ពុជាថ្មីប្រចាំខេត្តរតនគិរីដែលបានចូលរួមវគ្គសិក្សានិយាយថា វគ្គសិក្សានេះធ្វើឱ្យលោកបានយល់ដឹងកាន់ តែច្បាស់បន្ថែមអំពីផ្នែកច្បាប់ សិទ្ធិ និងវិសមភាពយេនឌ័រពីអ្នកជំនាញផ្នែកយេនឌ័រ និងអ្នកសារព័ត៌មានផ្សេងទៀត ដែលធ្វើឱ្យលោកទទួលបានតម្រុយកាន់តែច្រើនក្នុងការចាប់មុំព័ត៌មានសរសេរលើវិស័យយេនឌ័រនេះ។ លោក ខៀវ ចាប ដែលធ្លាប់ប្រឡូកការងារជាមួយអង្គការផ្នែកយេនឌ័រនៅភូមិភាគឦសាន មើលឃើញពីការរាយការណ៍ព័ត៌មានទាក់ទងនឹងយេនឌ័រនៅមានតិចនៅឡើយ ពិសេសសេចក្តីរាយការណ៍ពីតម្រូវការនិងសិទ្ធិរបស់ស្រ្តីជនជាតិដើមភាគតិចកាន់តែខ្សាត់ក្នុងព័ត៌មានប្រចាំថ្ងៃ។
លោកស្នើឱ្យអ្នកចូលរួមទាំងអស់ និងអ្នកសារព័ត៌មានផ្សេងៗទៀត បង្កើនការផលិតព័ត៌មានទាក់ទងវិសមភាពយេនឌ័រ ជាពិសេសការលំបាករបស់ស្រ្តីនិងក្មេងស្រីជនជាតិដើមភាគតិច ដើម្បីឱ្យពួកគេហ៊ានបង្ហាញពីបញ្ហាដែលជួបប្រទះ ឈានទៅដោះស្រាយបញ្ហាគម្លាតសិទ្ធិរវាងបុរសនិងស្រ្តីនៅតំបន់ឦសាន។
លោក ខៀវ ចាប កាន់មេក្រូឆ្លើយសំនួរទាក់ទងមេរៀនក្នុងសកម្មភាពលេងល្បែងកំសាន្តរំលឹកមេរៀនយេនឌ័រ។រូបភាពពីក្រុមការងារWPM។
ដោយមើលឃើញពីការរាយការណ៍ព័ត៌មានទាក់ទងយេនឌ័រមិនទាន់មានភាពទូលំទូលាយ និងមិនសូវសម្បូរបែប ស្របពេលអ្នកសារព័ត៌មានអនឡាញមួយចំនួន តែងតែមានទំនោរផ្សាយដាក់បន្ទុកលើស្រ្តីរងគ្រោះក្នុងករណីរំលោភនិងករណីហិង្សានោះ អង្គការនារីដើម្បីសន្តិភាពបានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ដែលគិតគូរពីយេនឌ័រ និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ»ដោយមានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងកិច្ចនារី និងសង្គមស៊ីវិលជា មួយអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយមកចែករំលែកចំណេះដឹងផងដែរ។
សកម្មភាពអ្នកចូលរួមលេងល្បែងកំសាន្តរំលឹកមេរៀនក្នុងពេលសិក្សា។រូបភាពពីក្រុមការងារWPM។
លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានចូលរួមក្នុងនាមជាវាគ្មិនជំនាញ ចែករំលែកទាក់ទងគោលការណ៍ច្បាប់នានាទាក់ទងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើងអើងលើនារីហៅកាត់ថា CEDAW ដែលកម្ពុជាបានផ្តល់សច្ចាប័ណ្ណ។ ពិសេសគឺចំណុចអាទិភាពទាំង១២ នៃសេចក្តីថ្លែងការណ៍និងសកម្មភាពនៅទីក្រុងប៉េកាំង ដែលមានចំណុចនិយាយពីសារព័ត៌មានផង ដែរ។
លោក ថេ ឈុនហាក់ លើកឡើងថា អ្នកសារព័ត៌មាននិងអ្នកផលិតមាតិកាលើបណ្តាញសង្គមជាតួអង្គមួយដ៏សំខាន់ ដើរតួក្នុងការផ្លាស់ប្តូរនូវផ្នត់គំនិតសង្គម ដែលមិនសូវផ្តល់តម្លៃនិងឱកាសដល់កូនស្រីបើធៀបនឹងកូនប្រុស។ មន្រ្តីនៃក្រសួងកិច្ចការនារីរូបនេះ ចង់ឃើញអ្នកធ្វើការក្នុងវិស័យសារព័ត៌មានទាំងអស់ចូលរួមលើកកម្ពស់ស្ថានភាពស្រ្តី កាត់បន្ថយវិសមភាពរវាងស្រ្តីនិងបុរសក្នុងសង្គម ពិសេសបណ្តុះផ្នត់គំនិតយេនឌ័រ តាមរយៈផ្សព្វផ្សាយអត្ថបទព័ត៌មានលើកស្ទួយយេនឌ័រក្នុងការផ្សាយប្រចាំថ្ងៃរបស់ខ្លួន។
លោក ថេ ឈុនហាក់ ចែករំលែកចំណេះដឹងផ្លូវច្បាប់ទាក់ទងយេនឌ័រក្នុងវគ្គសិក្សា។
លោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិអង្គការនារីដើម្បីសន្តិភាព(WPM)និងជាវាគ្មិនចែករំលែកចំណេះដឹងនៃការរាយការណ៍ដែលគិតគូរពីយេនឌ័រ និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយនិយាយថា វគ្គសិក្សានេះមានគោលបំណងដើម្បីឱ្យអ្នកសារព័ត៌មានយល់ដឹងកាន់តែច្បាស់ពីយេនឌ័រ និងឈានទៅបញ្ជ្រាបបញ្ហាយេនឌ័រនេះក្នុងសេចក្តីរាយការណ៍ព័ត៌មានរបស់ពួកគេកាន់តែសម្បូរបែប និងស៊ីជម្រៅ។ លោកស្រីនាយិកាអង្គការនារីដើម្បីសន្តិភាព ចាត់ទុកអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ជាភ្នាក់ងារសំខាន់មួយក្នុងការចែកចាយសារអប់រំទៅកាន់សាធារណជន ដើម្បីជួយពន្លាយផ្នត់គំនិតអវិជ្ជមានសង្គម ឱ្យយល់ដឹងកាន់តែប្រសើរពីយេនឌ័រ។
លោកស្រី គ្រី ស៊ុយហៀង ធ្វើបទបង្ហាញមេរៀនទាក់ទងយេនឌ័រក្នុងវគ្គសិក្សា។
ជាការកត់សម្គាល់របស់លោកស្រី ស៊ុយហៀង ការរាយការណ៍ព័ត៌មានមួយចំនួនលើអនឡាញមិនទាន់បានគោរពក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាននៅ ឡើយទេ ពិសេសការរាយការណ៍ទាក់ទងករណីហិង្សាលើស្រ្តីនិងក្មេងស្រីដោយមិនបានគោរពសេចក្តីថ្លៃថ្នូររបស់ស្រ្តី និងដាក់បន្ទុកលើស្រ្តីធ្វើឱ្យស្រ្តីរងគ្រោះក្នុងករណីរំលោភនិងហិង្សា ក្លាយជាជនរងគ្រោះលើទំព័រសារព័ត៌មានបន្ថែមទៀត។
សកម្មភាពសិក្ខាកាមឡើងបិទស្ទិកគ័រពីការរំពឹងទុកដែលទទួលបានពីវគ្គបណ្តុះបណ្តាល។រូបភាពពីក្រុមការងារWPM។
យ៉ាងណាដើម្បីឱ្យសេចក្តីរាយការណ៍ទាក់ទងនឹងយេនឌ័រកាន់តែមានសុក្រិតភាព នាយិកាអង្គការ WPM ស្នើដល់សារព័ត៌មានត្រូវស្វែងយល់ និងអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ករណីអំពើហិង្សាលើស្រ្តីឱ្យបានគត់មត់ ដើម្បីចូលរួមទប់ស្កាត់ ឆ្លើយតប និងបំប្លែងភាពអវិជ្ជមានទៅជាវិជ្ជមាន សំដៅឱ្យពលរដ្ឋក្នុងសង្គមមិនថាបុរស ស្រ្តី អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកមានអត្តសញ្ញាណចម្រុះនោះទេ គឺអាចទទួលបានផលលាភយេនឌ័រទាំងអស់គ្នាពីការរាយការណ៍ព័ត៌មាន៕
រូបថតអនុស្សាវរីយ៍អ្នកចូលរួមវគ្គបណ្តុះបណ្តាលស្តីពី«ការរាយការណ៍ដែលគិតគូរពីយេនឌ័រ និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ»។រូបភាពពីក្រុមការងារWPM។