ភ្នំពេញ៖ ក្រុមស្ដ្រីតំណាងឱ្យវិស័យសេវាកម្សាន្ត វិស័យកាត់ដេរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ សកម្មជនដីធ្លី ដែលជាជនរងគ្រោះដោយសារការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការប្រើអំពើហិង្សា និងការបៀតបៀននៅទីកន្លែងការងារ ស្នើដល់រាជរដ្ឋាភិបាល មានវិធានការជាបន្ទាន់ទៅកាន់បុគ្គលប្រព្រឹត្តអំពើទាំងនោះ ដើម្បីផ្ដល់យុត្តិធម៌ជូនពួកគេ។ នេះជាការលើកឡើងរបស់ក្រុមស្រ្តីទាំងនោះ កាលពីថ្ងៃទីប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា។ កញ្ញា កែវ សុជាតា រាយការណ៍
អ្នកស្រី យ៉ាង ផានី៖ «ហេតុអ្វីពួកគាត់រំលោភសិទ្ធិរបស់ពួកខ្ញុំគ្រាន់តែទាមទារត្រូវការដី ត្រូវការលំនៅឋានសមរម្យ ហេតុអ្វីឱ្យពួកខ្ញុំមិនបាន ពីព្រោះពួកខ្ញុំជាប្រជាពលរដ្ឋខ្មែរ មិនមែនជាប្រជាពលរដ្ឋចំណាកក្រៅប្រទេសណា ហេតុអីចាំបាច់ចោទពួកខ្ញុំជាអ្នកញុះញង់ ជាបក្សប្រឆាំងអីផ្សេងៗធ្វើអី»។
នេះជាប្រសាសន៍របស់អ្នកស្រី យ៉ាង ផានី តំណាងក្រុមស្ដ្រីក្លាហានមកពីសហគមន៍ក្រីក្រនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្លែងក្នុងឱកាសប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា នៅទីលានប្រជាធិបតេយ្យ ក្នុងទីក្រុងភ្នំពេញ។
អ្នកស្រី ផានី រៀបរាប់ទាំងទឹកភ្នែកស្រក់ហូរពីផែនថ្ពាល់ថា រាល់ពេលតវ៉ាដីធ្លីម្ដងៗ អ្នកស្រីតែងតែរងការគំរាមកំហែងពីសំណាក់អ្នកមានអំណាច ទាំងពាក្យសម្ដី និងអំពើហិង្សា ខណៈគ្រាន់តែទាមទារសិទ្ធិខ្លួនឯងដែលត្រូវគេរំលោភបំពានប៉ុណ្ណោះ។ ស្រ្តីចាត់ទុកទង្វើទាំងនោះ ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ និងធ្វើឱ្យអ្នកស្រីមានអារម្មណ៍លែងចង់រស់នៅបន្តទៀត។
អ្នកស្រី យ៉ាង ផានី។ WMC/Chea sokny
អ្នកស្រី យ៉ាង ផានី៖ «គាត់ចោទអ៊ីចេះចោទអ៊ីចុះ ចោទញុះញង់ ចោទថាជាបក្សប្រឆាំង ប៉ុន្តែគ្រាន់តែទាមទារសិទ្ធិខ្លួនឯងមានលំនៅឋានសមរម្យ ទាមទារអត់បាន អ៊ីចឹងខ្ញុំសូមសំណូមពរទៅរដ្ឋាភិបាល លោកសម្ដេច ហ៊ុន ម៉ាណែត ជួយពន្លឿននៃការចុះបញ្ជីដីធ្លីដល់សហគមន៍ ជនងាយរងគ្រោះ ភាគីច្រើនគឺជាស្ដ្រីគាត់ជាអ្នករងគ្រោះដោយការចោទប្រកាន់ពីសំណាក់អាជ្ញាធរ។ គ្រាន់តែយើងទាមទារសិទ្ធិរបស់យើងសោះ ចោទគំរាមកំហែងប្រយ័ត្នជាប់គុកចោលប្ដី ចោលកូន ខ្ញុំឈឺចាប់ណាស់ ខ្ញុំជាខ្មែរ ខ្ញុំជាប្រជាពលរដ្ឋ គ្រាន់តែទាមទារសិទ្ធិហេតុអ្វីចោទប្រកាន់ពួកខ្ញុំម៉េះ»។
ចំណែកស្ដ្រីដែលបម្រើការងារនៅវិស័យសេវាកម្សាន្តអ្នកស្រី ភិន ស្រីនាថ លើកឡើងថា ស្ដ្រីដែលធ្វើការក្នុងវិស័យនេះ ប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម រំលោភបំពានរាងកាយ និងហិង្សាពីសំណាក់ភ្ញៀងដែលមកលេងកម្សាន្ត។ មួយវិញទៀត នៅពេលស្រ្តីមានផ្ទៃពោះ ពួកគេត្រូវប្រឈមបញ្ហាបញ្ឍប់ពីការងារ ពិសេសត្រូវរងសម្ពាធពីថៅកែដែលតម្រូវឱ្យស្រ្តីប្រឹងទទួលភ្ញៀវឱ្យបានល្អ ធ្វើយ៉ាងណារកលុយជូនថៅកែឱ្យគ្រប់ចំនួនកំណត់។
អ្នកស្រី ភិន ស្រីនាថ៖ «ពួកខ្ញុំខំធ្វើការចង់ងាប់ពីម៉ោង៦ រហូតដល់ម៉ោង ១២យប់ ជួនកាលម៉ោង៤ ភ្លឺ ហើយគាត់ឱ្យតាមទឹកចិត្តគាត់ ហើយពួកខ្ញុំទៅធ្វើការគឺដាក់ចិត្តទៅធ្វើការ គឺខំប្រឹងហៅភ្ញៀវចូល អាហ្នឹងហើយគឺខំប្រឹងឱ្យគ្រប់ការកក់ អាហ្នឹងចំណុចទី១ ចំណុចទី២សំខាន់ខ្ញុំចង់ឱ្យរដ្ឋាភិបាល ថ្នាក់ដឹកនាំ ជាពិសេសខាងផ្នែកក្រសួងមហាផ្ទៃ ក៏លោកអត់ដឹងដែរ អ៊ីចឹងសូមឱ្យគាត់ចុះទៅតាមរមណីយដ្ឋាន បៀហ្គាឌិន គ្រប់ខារ៉ាអូខេទាំងអស់ អត់មានកំណត់ឱ្យពួកខ្ញុំកក់អ៊ីចឹងទេ ព្រោះវាអត់សមនឹងកម្លាំងដែលពួកខ្ញុំធ្វើហើយ អត់បានមប្រាក់ខែហើយ គាត់ទៅកំណត់ឱ្យពួកខ្ញុំធ្វើអីចឹង អ៊ីចឹងបានកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនដោយសារថៅកែហ្នឹង ដូច្នេះពួកខ្ញុំមានសម្ពាធខ្លាំងនៅកន្លែង»។
អ្នកស្រី ភិន ស្រីនាថ។ WMC/Chea sokny
បរិយាកាសនៃការប្រារព្ធទិវានេះ គេសង្កេតឃើញមានការចូលរួមពីបណ្តាអង្គការ សមាគម សហជីពឯករាជ្យ បណ្តាញយុវជន សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ ដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងារ និងបរិស្ថាន សរុបប្រមាណជា ៥០០នាក់។ ទិដ្ឋភាពក្នុងព្រឹត្តិការណ៍នេះ គេឃើញស្ដ្រីៗដែលមកពីវិស័យនានា ចងឈ្នួតក្បាលដោយក្រណាត់ពណ៌ក្រហមរំលេចដោយពាក្យថា «ជីវិតថ្លៃថ្នូរ» ហើយស្រែកដាក់ក្បាលមេក្រូថា ចង់បានជីវិតថ្លៃថ្នូរ និងចង់បានយុត្តិធម៌ឥលូវនេះ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ដែលបានចូលរួមកម្មវិធីនេះនិយាយថា ដោយសារឃើញបញ្ហាប្រឈមទាំងអស់នោះហើយ ក្នុងនាមជាអង្គការសង្គមស៊ីវិល នៅតែទទូចទាមទារឱ្យរដ្ឋាភិបាលបង្កើនវិធានការបន្ថែមទៀតទៅលើសិទ្ធិស្ដ្រី និងកុមារី ដើម្បីការពារពួកគេពីការបៀតបៀន និងការកេងប្រវ័ញ្ច។
លោក អំ សំអាត៖ «បើយើងមើលទៅតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ នៃច្បាប់ជាតិ និងអន្តរជាតិ ជាការលើកកម្ពស់ឱ្យមានភាពពេញលេញហើយ ក៏ប៉ុន្តែការអនុវត្តទេដែលមិនទាន់ឈានដល់មួយដែលឱ្យមានសមភាពយេនឌ័រពេញលេញនៅឡើយ ពីព្រោះស្ដ្រី និងកុមារីជាច្រើននៅមានការរើសអើងនៅឡើយ មិនថាកន្លែងធ្វើការ និងកន្លែងផ្សេងៗទេ ការបៀតបៀតនៅកន្លែងផ្សេងទៀតក៏បន្តមានកាតកើតឡើង ហើយជាពិសេសក៏យើងឃើញមានជាយូរៗម្ដងកើតមានការបៀតបៀននៅកន្លែងសាធារណៈទៀតផង»។
ងាកមក អ្នកស្រី ឃ្លាំង សុបិន្ត អគ្គលេខាសហជីព នៃក្រុមហ៊ុនណាហ្កាវើលដ៍ ថ្លែងថា ស្ដ្រីដែលបម្រើការងារនៅវិស័យសណ្ឋានគារ ល្បែងអនឡាញ អាហារ និងភេសជ្ជៈជាដើម ពួកគេត្រូវបានថៅកែតម្រូវឱ្យតុបតែងខ្លួន ស្លៀកពាក់ស្អាតៗ ប៉ុន្តែនៅពីក្រោយភាពស្រស់ស្អាតស្ដ្រីទាំងនោះ តែងតែទទួលរងការបៀតបៀនលើរាងកាយ អំពើហិង្សាផ្លូវចិត្ត នៅពេលភ្ញៀវជេរប្រមាថម្ដងៗ។ តែយ៉ាងណានៅពេលបុគ្គលរាយការណ៍ពីការរំលោភបំពានទៅថៅឱ្យជួយដោះស្រាយ បែរជាថៅកែណែនាំឱ្យបុគ្គលិកធ្វើធម្មតា ដោយថាជាកាតព្វកិច្ចការងាររបស់ស្រ្តីអ្នកបម្រើការ។ ចំណែកអតិថិជន ដែលប្រព្រឹត្តសកម្មភាពទាំងនោះ តែងតែរួចខ្លួន គ្មានការផ្តន្ទាទោសចំពោះកំហុសរបស់ពួកគេនោះឡើយ។
អ្នកស្រី ឃ្លាំង សុបិន្ត៖ «ក្ដីឈឺចាប់របស់កម្មករមិនថាកន្លែងខ្ញុំធ្វើការ ខ្ញុំជឿជាក់ថានៅតាមរោងចក្រ និងក្រុមហ៊ុនផ្សេងក៏គាត់មានការឈឺចាប់ដូចគ្នា ហើយភាគច្រើនទទួលរង គឺជាស្ដ្រី។ អ៊ីចឹងខ្ញុំសូមផ្ដាំផ្ញើរនៅថ្ងៃនេះទៅកាន់ប្រមុខរដ្ឋាភិបាល ក៏ដូចរដ្ឋមន្ត្រីក្រសួងការងារ សូមឱ្យគាត់អនុវត្តដូចអ្វីដែលអនុសាសន៍លោកនិយាយ កុំនិយាយតែមាត់ តែការអនុវត្តផ្សេង សូមកុំទុកពួកយើងចោល កុំរើសអើងពួកយើង ព្រោះអីយើងជាស្ដ្រីនៅទីនេះ ក៏ដូចស្ដ្រីសមាជិកគ្រួសាររបស់អស់លោកដែរ អ៊ីចឹងសូមអស់លោកអនុវត្តដូចលោកនិយាយ»។
អ្នកស្រី ឃ្លាំង សុបិន្ត។ WMC/Chea sokny
ក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិនារី ០៨ មីនា នេះ អង្គការសង្គមស៊ីវិលទាំងនោះ រួមគ្នាចេញសេចក្ដីថ្លែងការណ៍មួយ ដោយស្នើឱ្យរដ្ឋាភិបាលដោះស្រាយឱ្យពេញលេញ និងប្រកបដោយប្រសិទ្ធភាព ទៅលើតម្រូវការចំនួន ១៦ចំណុច ដើម្បីផ្ដល់យុត្តិធម៌ជូនស្ដ្រីដែលរងការរំលោភបំពាន។ តម្រូវទាំងនោះ ទី១. បង្កើនចំនួនទារកដ្ឋាននៅកន្លែការងារ ទី២. ធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ទី៣. ចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងចំពោះអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់មកលើស្ត្រី និងក្មេងស្រី ទី៤. បញ្ឈប់ការប្រើប្រាស់អំពើហិង្សា លើស្ត្រីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី ទី៥. ធ្វើការកែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើង។
តម្រូវការទី៦. កែលម្អលក្ខខណ្ឌការងារ អ្នកធ្វើការងារតាមផ្ទះ ទី. ពង្រឹងយន្តការការពារសិទ្ធិពលករចំណាកស្រុក ទី៨. ពង្រឹង និងពង្រីកវិសាលភាពនៃប័ណ្ណសមាជិក ប.ស.ស ទី៩. ត្រូវធានាថាកម្មករនៅក្នុងវិស័យសំណង់ និងឡឥដ្ឋ មានសម្ភារៈសុខភាព និងសុវត្ថិភាពត្រឹមត្រូវតាមច្បាប់។ ទី១០. បញ្ឈប់ការបណ្ដេញចេញទាំងអស់ និងខិតខំផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីបន្ថែម ដល់សហគមន៍ក្រីក្រក្នុងទីក្រុង និងជនបទ។ ទី១១. ត្រូវរៀបចំផ្តល់ទីកន្លែងសម្រាប់អ្នកលក់ដូរតូចតាចតាមចិញ្ចើមផ្លូវ ទី១២. ពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរដ្ឋ ទី១៣. ធ្វើការផ្តល់សេវាជួយដល់ស្រ្តី ជាពិសេសស្រ្តីមានពិការភាពក្នុងការទទួលសេវាគាំពារផ្នែកសុខភាព ផ្លូវចិត្ត និងផ្លូវច្បាប់។ ទី១៤. ធ្វើវិសោធនកម្មច្បាប់ និងប្រកាសបេឡាជាតិរបបសន្តិសុខសង្គម ទី១៥. ពង្រីកទីផ្សារការងារក្នុងស្រុក និងបង្កើនជំនាញថ្មី និងទី១៦. ពន្លឿនការចុះបញ្ជីពលរដ្ឋដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី