មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រោមការដឹកនាំ សម្របសម្រួល ដោយលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ ស្ថិតនៅឃ្លាំងគ្មានលេខផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១០ មេសា ឆ្នាំ២០២៥ ។
បើយោងតាមអគ្គការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្រោយពីការត្រួតពិនិត្យបានរកឃើញមានផលិតផលស្រាក្លែងក្លាយជាច្រើនប្រភេទ រួមឧបករណ៍ សម្ភារៈ ស្រា សម្រាប់លាយ និងសំបកដប កេសទទេរ សម្រាប់ច្រកចូលទៅតាមប្រភេទដបស្រា មានម៉ាកល្បី របស់ក្រុមហ៊ុននានា ដែលរួមាន ស្រាសម្រាប់លាយ២៨៩កេស ស្មើនឹង៣៣៩៦ដប ស្រាក្លែងក្លាយ ចំនួន៨០កេស ស្មើនឹង៩១៦ដប ឧបរកណ៍កែច្នៃ សំបកដប និងកេសទទេ មួយចំនួនទៀត។
វត្ថុតាងស្រាក្លែងក្លាយទាំងនោះ ត្រូវបានលោកស្រីព្រះរាជអាជ្ញារង អនុញ្ញាតឱ្យធ្វើការដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត ដោយឡែកសំបកដប និងកេសទទេ បានរក្សាទុកនៅទីតាំងដដែល ហើយត្រូវបានឃ្លុំបេសៀលបិទទីតាំងជាបណ្តោះអាសន្ន ។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលដែលប្រព្រឹត្ត សូមផ្អាកសកម្មភាពបែបនេះជាបន្ទាន់ ជៀសវាងនូវការទទួលទោសចំពោះមុខច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេស យុវជនដែលជាទំពាំងស្នងប្ញស្សី៕