en     km
en     km

ភរិយាលោក ម៉ម រិទ្ធី រ៉ាប់រងបញ្ហាជីវភាពម្នាក់ឯង ដោយស្វាមីជាប់ឃុំពាក់ព័ន្ធការតវ៉ាជូនកម្មករ

Share

បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះករណីលោក ម៉ម រិទ្ធី មេសហជីពវិស័យទេសចរណ៍ កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ ក្រុមគ្រួសារ តំណាងសហជីព និងអង្គការសិទ្ធិមនុស្ស ស្នើឱ្យតុលាការដោះលែងមេសហជីពរូបនេះ ដែលជាប់ឃុំខ្លួនពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។ យ៉ាងណាលទ្ធផលនៃសវនការនេះតុលាការ នឹងប្រកាសសាលក្រមនៅដើមខែធ្នូខាងមុខ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

អ្នកស្រី ​គង់ សុដា ភរិយារបស់លោក ម៉ម រិទ្ធី ប្រាប់វិទ្យុស្ដ្រីថា ស្វាមីខ្លួនមិនបានប្រព្រឹត្តអំពើញុះញង់ឡើយ ពីព្រោះលោក រិទ្ធី ធ្វើសកម្មភាពការពារសិទ្ធិកម្មករពីការកេងប្រវ័ញ្ចដោយថៅកែប៉ុណ្ណោះ មិនមែនជាអំពើខុសច្បាប់នោះទេ។

អ្នកស្រី គង់ សុដា៖ «ស្នើទៅរាជរដ្ឋាភិបាល សុំឱ្យគាត់ជួយអន្តរាគមន៍សម្រាប់បងរិទ្ធី ជួយដោះលែងគាត់ឱ្យត្រឡប់មកវិញ ហើយក៏ស្នើសុំទៅកាន់តុលាការសុំឱ្យគាត់មានភាពយុត្តិធម៌សម្រាប់គ្រួសារ ពីព្រោះអ្វីមួយដែលគាត់ធ្វើចេញទៅ គឺមិនបានប៉ះពាល់ទៅដល់ស្ថាប័នណា ឫក៏ចង់ធ្វើឱ្យមានបញ្ហាទៅដល់តុលាការរហូតដល់គាត់ខឹង ដាក់ពាក្យបណ្ដឹង រហូតចាប់គាត់ទៅឃុំអ៊‌ីចឹងទេ។ ដូច្នេះសូមស្នើឱ្យមេត្តាដោះលែងគាត់ជួបជុំគ្រួសារត្រឡប់មកវិញ»។

 

រូបភាពពីអង្គការលីកាដូ។

សាលាដំបូងរាជធានីភ្នំពេញ  សម្រេចផ្ដន្ទាទោសលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) ដាក់ពន្ធនាគារកំណត់ចំនួន ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ។ បទចោទនេះ គឺពាក់ព័ន្ធនឹងការប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អំពីវិវាទការងាររវាងកម្មករ និងក្រុមហ៊ុន ជីនប៉ីគ្រុប (JIN BEI Group) នៅខេត្តព្រះសីហនុ ដែលលោក ម៉ម រិទ្ធី បានបង្ហោះសារទាក់ទងនឹងភាពយុត្តិធម៌ផ្សេងៗជាទស្សនៈរបស់លោកជុំវិញវិវាទការងារនេះ។

លោក អាត់ ធន់ អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) ប្រាប់វិទ្យុស្ដ្រីដែរថា​ សវនាការជំនុំជម្រះនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ ចៅក្រម មិនទាន់ធ្វើសេចក្ដីសម្រេចអ្វីឡើយ ដោយនឹងប្រកាសសាលក្រមលោក ម៉ម រិទ្ធី នៅថ្ងៃទី៤ ខែធ្នូខាងមុខនេះ។ ហេតុនេះយោងតាមមេធាវី និងការឆ្លើយតបលោក ម៉ម រិទ្ធី ទៅកាន់ចៅក្រម លោកថា លោក រិទ្ធី គួរតែត្រូវបានដោះលែង ពីព្រោះសំណុំរឿងនេះ ភាគីក្រុមហ៊ុន បានដកពាក្យបណ្ដឹងរួចហើយ។ ចំណែកសមាជិក​សហជីព​របស់​លោក រិទ្ធី​ ដែលធ្វើការ ​នៅ​ក្រុមហ៊ុន កា​ស៊ី​ណូ ​ជី​ន​ ​ប៉ី​ ​ខេត្ត​ព្រះ​សី​ហ​នុ ក៏បានឈប់ធ្វើការងារផងដែរ។

លោក អាត់ ធន់ បានផ្ដល់បទសម្ភាសនដល់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់សវនាការលោក ម៉ម រិទ្ធី។WMC/Kimchanchao

ដូច្នេះសំណុំរឿងលោក ម៉ម រិទ្ធី លោកថា បានបញ្ចប់ហើយ គឺគ្មានអ្វីស្មុគស្មាញទៀតឡើយ ប៉ុន្តែបែរជាមានការចាប់ខ្លួន និងកាត់ក្ដីកំបាំងមុខទៅវិញ ដែលជារឿងអយុត្តិធម៌សម្រាប់លោក រិទ្ធី។ មួយវិញទៀតលោក អាត់ ធន់ ថា ករណីលោក ម៉ម រិទ្ធី គ្រាន់តែបញ្ចេញមតិលើកឡើងពីភាពអយុត្តិធម៌ដែលតុលាការចោទប្រកាន់មកលើសមាជិកសហជីពប៉ុណ្ណោះក្នុងនាមលោក រិទ្ធី ជាសហជីពដែលធ្វើការការពារសិទ្ធិកម្មករ។ ហើយការលើកឡើងនេះ លោកថា បែរជាត្រូវបានតុលាការចោទប្រកាន់លោក រិទ្ធី ពីបទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទ «ធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ទៅវិញ។

លោក អាត់ ធន់៖ «ខ្ញុំសំណូមពរឱ្យតុលាការលើកលែងការចោទប្រកាន់ ហើយផ្ដល់សម្បទាឱ្យគាត់មានសេរីភាពឡើងវិញ ហើយគាត់មានសិទ្ធិក្នុងការធ្វើសកម្មភាពសហជីពរបស់គាត់ធម្មតាវិញ ដោយសារតែការដក ការចាប់ខ្លួន បានន័យថាគាត់បានបាត់សិទ្ធិបាត់សេរីភាពហើយ ហើយនេះក៏ជាការអនុវត្តច្បាប់សហជីពឱ្យយល់ច្បាស់ថា ច្បាប់សហជីព គឺផ្ដល់សិទ្ធិឱ្យកម្មករ នៅក្នុងការតវ៉ា ជជែក ពិភាក្សាជាមួយក្រុមហ៊ុម។ អ៊‌ីចឹងវាអត់មានអីខុសទេ អាហ្នឹងជាអ្វីដែលច្បាប់ផ្ដល់ឱ្យ កុំឱ្យតែសហជីពអត់មានសិទ្ធិនិយាយ អាហ្នឹងគឺចប់ ដល់ពេលអ៊‌ីចឹងនិយោជកគាត់ធ្វើអីស្រេចតែចិត្ត»។

ប៉ុន្តែលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា ករណីលោក ម៉ម រិទ្ធីនេះ ជាករណីព្រហ្មទណ្ឌ ដែលមានបណ្ដឹងជាប់ជាមួយតុលាការ ហើយតុលាការបានបំពេញនីតិវិធីរបស់ខ្លួននៅក្នុងចំណាត់ការរឿងព្រហ្មទណ្ឌនេះ ដូច្នេះគឺជាសមត្ថកិច្ចរបស់តុលាការ មិនពាក់ព័ន្ធទៅនឹងក្រសួងការងារនោះទេ។

លោក កត្តា អ៊ន៖ «នេះជាការអនុវត្តនីតិវិធីប្រឆាំងនឹងជនល្មើស ដែលតុលាការមានអំណាចក្នុងការស៊ើបអង្កេត ក៏ដូចជាការបន្តឃុំខ្លួន ដើម្បីស៊ើបអង្កេតទៅតាមច្បាប់ ដូច្នេះករណីនេះជាករណីតុលាការយើងមិនអាចចោទថាជនល្មើសប្រើប្រាស់សិទ្ធិខុសច្បាប់ ហើយសមត្ថកិច្ចអនុវត្តច្បាប់ប្រឆាំងជនល្មើសជាការបំពានសិទ្ធិសេរីភាពសហជីពនោះទេ។ ដូច្នេះសហជីពក្ដី នរណាក៏ដោយក្ដីដែលជាពលរដ្ឋ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ អ្វីដែលពួកគាត់បានប្រព្រឹត្តល្មើសច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាដែលជាសមភាពចំពោះមុខច្បាប់»។

ជុំវិញរឿងនេះ លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានឃ្លាំមើលសវនការនេះ បាននិយាយថា ករណីលោក ម៉ម រិទ្ធី ដូចជាមិនមានភស្ដុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកទេ ពីព្រោះក្នុងនាមលោក រិទ្ធី ជាសហជីព គឺតែងតែបញ្ចេញមតិឈឺឆ្អាលចំពោះកម្មករដែលត្រូវបានថៅកែរំលោភ។ ចំពោះរឿងដែលលោក រិទ្ធី បញ្ចេញមតិនោះ លោកថា មិនមែនដើម្បីខ្លួនឯងទេ គឺលោក រិទ្ធី ធ្វើដើម្បីកម្មករដែលជាស្ដ្រីម្នាក់ ត្រូវបានថៅកែយកមកឃុំក្នុងបន្ទប់តែមួយជាមួយមនុស្សប្រុស ៣០នាក់ ដែលរឿងនេះហើយធ្វើឱ្យលោក រិទ្ធី ចង់បានភាពយុត្តិធម៌សម្រាប់ស្ដ្រីរងគ្រោះ និងសម្រាប់ស្ដ្រីផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។

លោក យី សុខសាន្ត បានផ្ដល់បទសម្ភាសនដល់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។WMC/Kimchanchao

លោក យី សុខសាន្ត៖​ «ខ្ញុំស្នើសុំ ក៏ទទូចដែរ ក្នុងនាមដែលយើងធ្វើការលើវិស័យសិទ្ធិមនុស្ស កន្លងមកក៏មានទិទៀន ក៏មានការដាក់ទណ្ឌមកលើប្រទេសកម្ពុជាជាច្រើនដោយសារតែការវិនិច្ឆ័យខុស ដោយសារការចោទប្រកាន់មនុស្សខុស ជាពិសេសអ្នកដែលធ្វើការងារសង្គម យើងស្នើសុំ ក៏ទទូចឱ្យចៅក្រមមេត្តាដោះលែងគាត់ឱ្យមានសេរីភាព ពីព្រោះសេរីភាពក្នុងការបញ្ចេញមតិ គឺកញ្ចក់ឆ្លុះបញ្ចាំង ហើយជារឿយៗនាយករដ្ឋមន្ត្រី ក៏តែងតែនិយាយថា ឆ្លុះកញ្ចក់ ដុសក្អែល ដើម្បីឱ្យជម្រះឱ្យស្អាតនៅក្នុងសង្គមយើង ហើយទីពីរក៏វារួចចាកផុតពីនៅពេលណាដែលមានចៅក្រម ព្រះរាជអាជ្ញាល្អ ដែលកាត់ក្ដីយុត្តិធម៌ល្អសម្រាប់ជនរងគ្រោះ មានន័យថា បរទេសមតិជាតិ និងអន្តរជាតិ គេនឹងគាំទ្រប្រទេសកម្ពុជាយើងឡើងវិញ គេនឹងផ្ដល់យុត្តិធម៌សម្រាប់ប្រទេសយើងបាទ!»។

ងាកមកអ្នកស្រី គង់ សុដា ភរិយារបស់លោក ម៉ម រិទ្ធី លើកឡើងថា ក្រោយពីស្វាមីជាប់ឃុំខ្លួន ផ្ទះត្រូវបានលក់ ដើម្បីសងបំណុលធនាគារ ហើយក្នុងជីវភាពគ្រួសារទាំងមូល គឺអ្នកស្រីជាអ្នកទទួលបន្ទុក។ បច្ចុប្បន្ននេះអ្នកស្រីរស់នៅក្នុងបន្ទប់ជួលក្នុងខេត្តសៀមរាបជាមួយកូនៗទាំង ៤នាក់ ដោយប្រកបរបរលក់លក់សម្លៀកបំពាក់តាមអនឡាញ និងលក់ទឹកសណ្ដែក។ របរទាំងនេះ អ្នកស្រីថា បានជួយទប់ទល់ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ ថ្លៃសិក្សាកូន​ និងថ្លៃបន្ទប់ជួលផងដែរ។

ទោះបីអាចទប់ទល់បានខ្លះលើការចំណាយប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែអ្វីដែលសំខាន់អ្នកស្រីគ្មានពេលសម្រាប់មើលថែកូនៗឡើយ ខណៈកូនៗទាំង៤នេះ ស្ថិតក្នុងវ័យកំពុងលូតលាស់ ដែលត្រូវការឪពុកចាំបាច់ក្នុងការអប់រំ និងមើលថែពួកគេ។

អ្នកស្រី គង់ សុដា៖ «បញ្ហាកូនផង បញ្ហាហិរញ្ញវត្ថុផង ឪពុកគាត់អត់នៅទៀត គឺធ្វើឱ្យប៉ះពាល់អារម្មណ៍គាត់ខ្លាំងមែនទែនសម្រាប់ក្មេងៗ និយាយទៅទាំងកូនទាំងបងអ៊‌ីចឹងណា ស្ថានភាពក្នុងគ្រួសារពិបាកជាងគេកន្លែងហ្នឹង។ បើសម្រាប់ចំណូលគឺវាអាចអត់គ្រប់ទេសម្រាប់ប្រាក់ខែគាត់ បានត្រឹមតែយើងដោះបំណុល ហើយបងត្រូវរកចំណូលខាងក្រៅដើម្បីផ្គត់ផ្គង់ថ្លៃសាលា ថ្លៃអាហារ តែវាផ្គត់អត់គ្រប់ទេ មានតែមានបំណុលនៅសាលារៀនថែមទៀត និយាយរួមសេដ្ឋកិច្ចនៅសៀមរាបវាពិបាកដែរ ពិបាកក្នុងការរកលុយដែរ»។

សមត្ថកិច្ចសង្កាត់បឹងទំពុន បានចូលទៅចាប់ខ្លួនលោក ម៉ម រិទ្ធី នៅស្នាក់ការរបស់លោក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ បន្ទាប់ពីចាប់ខ្លួនហើយ សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសលោកដោយកំបាំងមុខ ក្នុង​ថ្ងៃ​ដដែល​ តាម​មាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។ គិតមកដល់ពេលនេះ លោក រិទ្ធី ត្រូវឃុំខ្លួនក្នុងពន្ធនាគារព្រៃស អស់រយៈជាង ៦ខែមកហើយ៕

អត្ថបទដោយ៖​ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង