អង្គការសិទ្ធិមនុស្ស និងសមាជិកគ្រួសារលោក ម៉ម រិទ្ធី សម្តែងការសោកស្ដាយដែលសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែធ្នូនេះ សម្រេចតម្កល់សាលក្រមឱ្យមេសហជីពវិស័យទេសចររូបនេះ បន្តជាប់ពន្ធនាគារដដែល។ យ៉ាងណាអ្នកពាក់ព័ន្ធទាំងនោះ ស្នើឱ្យតុលាការពិចារណាដោះលែងលោក ម៉ម រិទ្ធី ពីព្រោះមេសហជីពរូបនេះ មិនបានប្រព្រឹត្តអំពើល្មើសច្បាប់ឡើយ តែជាសកម្មភាពក្នុងនាមជាសហជីព ដើម្បីការពារសិទ្ធិកម្មករ។
(កញ្ញា កែវ សុជាតា រាយការណ៍)
បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើបណ្តឹងជំទាស់លោក ម៉ម រិទ្ធី កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងមក ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» គឺនៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសម្រេចតម្កល់សាលក្រមកំបាំងមុខទុកជាបានការដដែល ដោយបានសម្រេចផ្តន្ទាទោសលោក ម៉ម រិទ្ធី ដាក់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល។
ក្នុងរឿងនេះដែរលោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានចូលរួមស្ដាប់លទ្ធផលប្រកាសសាលក្រមនេះ ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយលោកសម្តែងការសោកស្តាយ ដែលតុលាករសម្រេចតម្កល់រឿងនេះ ហើយលោក ម៉ម រិទ្ធី ត្រូវបន្តជាប់ពន្ធនាគារដដែល។ លោក យី សុខសាន្ត យល់ថា មេសហជីពរូបនេះ គ្រាន់តែជួយទៅដល់កម្មករដែលរងភាពអយុត្តិធម៌ប៉ុណ្ណោះ។
លោក យី សុខសាន្ត។ WMC/cheasokny
លោក យី សុខសាន្ត៖ «អ្វីដែលយើងកត់សម្គាល់មើលឃើញថាអ្វីដែលជាសាលក្រមនេះ គឺហាក់ដូចជាធ្វើទៅតាមសេចក្ដីសម្រេចរបស់សាលក្រមពីមុនដែលគេចាប់ទុកខុសច្បាប់ ព្រោះវាមិនសមតាមនីតិវិធីបែរជាតម្កល់យកជាបានការ ហើយអ្វីដែលសោកស្ដាយនេះរឿងដែលគាត់បញ្ចេញមតិនេះសមត្ថកិច្ច ក៏ដូចជាតុលាការ គួរតែពិចារណាស្រាវជ្រាវថាតើរឿងដែលលោក ម៉ម រិទ្ធី ហ្នឹងមានប្រសាសន៍នៅក្នុងវិទ្យុ ក៏ដូចនៅតាមបណ្ដាញសង្គមហ្នឹង តើវាមានមែនអត់?។ ប្រសិនជាវាអត់មានមែន អាហ្នឹងចាំចោទគាត់ពីបទញុះញង់ ឬបរិហាកេរ្តិ៍អ៊ីចឹងទៅ ប៉ុន្តែអាហ្នឹងរឿងពិត បើយើងនិយាយទៅសមត្ថកិច្ចមិនបានទៅរកអង្គហេតុ តើមូលហេតុអ្វីបានជាលោក ម៉ម រិទ្ធី សុខៗទៅនិយាយរឿងហ្នឹង»។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខ ដោយសម្រេចផ្ដន្ទាដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។ បទចោទនេះ គឺពាក់ព័ន្ធនឹងការប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អំពីវិវាទការងាររវាងកម្មករ និងក្រុមហ៊ុន ជីនប៉ីគ្រុប (JIN BEI Group) នៅខេត្តព្រះសីហនុ ដែលលោក ម៉ម រិទ្ធី បានបង្ហោះសារទាក់ទងនឹងភាពយុត្តិធម៌ផ្សេងៗជាទស្សនៈរបស់លោកជុំវិញវិវាទការងារនេះ។
អ្នកស្រី គង់ សុដា ភរិយារបស់លោក ម៉ម រិទ្ធី និយាយថា អ្នកស្រីសោកស្ដាយដែលតុលាការសម្រេចតម្កល់សាលក្រមឱ្យស្វាមីខ្លួនជាប់ពន្ធនាគារដដែល ដែលផ្ទុយពីការរំពឹងទុករបស់អ្នកស្រី ដ្បិតគិតថាតុលាការនឹងដោះលែងលោក រិទ្ធី ឱ្យមានសេរីភាពឡើងវិញ។ ការសោកស្ដាយនេះ ព្រោះអ្នកស្រីយល់ថា ស្វាមីរបស់អ្នកស្រីមិនបានប្រព្រឹត្តអំពើល្មើសច្បាប់ឡើយ ដោយគ្រាន់តែធ្វើសកម្មភាពការពារសិទ្ធិកម្មករពីការកេងប្រវ័ញ្ចពីសំណាក់ថៅកែតែប៉ុណ្ណោះ។
អ្នកស្រី គង់ សុដា ភរិយារបស់លោក ម៉ម រិទ្ធី។ WMC/cheasokny
អ្នកស្រី គង់ សុដា៖ «បាត់បង្គោលគ្រួសារមួយគឺយើងប្រឈមទីមួយ ហិរញ្ញវត្ថុ ទីពីរ កូនៗ នៅពេលគ្រប់គ្រងម្នាក់ឯង ហើយកូនៗមានកូនណាវ័យធំចេះគិត គាត់មានបញ្ហាប៉ះពាល់ផ្លូវអារម្មណ៍គាត់ ហេតុអ្វីបានជាប៉ាគាត់មានរឿងហ្នឹង តើប៉ាគាត់ខុសអី? គាត់តែងតែសួរនាំ ហើយបើកូនតូចៗ គឺគាត់អត់ដឹងថាប៉ាគាត់មានបញ្ហាទេ ដឹងថាប៉ាគាត់ធ្វើការនៅភ្នំពេញ ហើយជារៀងរាល់ថ្ងៃគាត់ចេះតែសួរថាតើពេលណាគាត់ធ្វើការងារចប់? មិនដឹងថាឆ្លើយតមជាមួយគាត់បែបម៉េះ មានតែកូនរង់ចាំមើលសិនទៅបើគាត់ចប់ការងារគាត់នឹងត្រឡប់មកវិញ ហើយអ្វីដែលសង្ឃឹមទុកដូចថ្ងៃនេះសង្ឃឹមមានលទ្ធផលល្អ តែវាអត់មានលទ្ធផលល្អប្រសើរដដែល»។
ងាកមកស្ថានភាពសុខភាពរបស់លោក ម៉ម រិទ្ធី វិញ អ្នកស្រី សុដា បញ្ជាក់ថា ស្វាមីរបស់អ្នកស្រីមានសុខភាពល្អធម្មតាទេ តែលោកស្រក់គីឡូជាងមុនបន្តិច។
ជុំវិញរឿងនេះលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា(CLC) ប្រាប់អ្នកសារព័ត៌មានថា រាល់សហជីពដែលការពារសិទ្ធិកម្មករ មិនគួរមានការដាក់ទោសទណ្ឌឡើយ ហើយចំពោះករណីលោក ម៉ម រិទ្ធី ក៏ដូចគ្នា។ លោកស្នើឱ្យមានការពិចារណាឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យមេសហជីពរូបនេះមានសេរីភាពឡើងវិញ និងអាចបំពេញតួនាទីការងារជួយដល់កម្មករ។
លោក គង់ អាទិត្យ៖ «ខ្ញុំគិតថាការបន្តតម្កល់នេះ គឺវាអត់មានយុត្តិធម៌សម្រាប់គាត់ទេ អ៊ីចឹងធ្វើឱ្យសហជីពផ្សេងទៀតគាត់មានការភ័យខ្លាចដែរ គាត់អត់ហ៊ានធ្វើការការពារសិទ្ធិកម្មករ អត់ហ៊ានបញ្ចេញមតិអីផ្សេងទៀត ហើយមិនមានផ្ដល់ឱកាសអីឱ្យគាត់បានកែតម្រូវ ធម្មតាការងារតែងតែមានការខ្វះចន្លោះ និងការខុសខ្លះ»។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា(CLC)។ WMC/cheasokny
យ៉ាងណាសហភាពការងារកម្ពុជា លោកថា នឹងបន្តជួយផ្ដល់ជាមេធាវី និងធ្វើយុទ្ធនាការផ្សេងៗជាមួយអង្គការដៃគូ ដើម្បីស្នើសុំឱ្យរាជរដ្ឋាភិបាលដោះលែងសហជីព និងអ្នកដែលរងបទចោទ ដោយសារធ្វើការងារសហជីព។
ងាកមកលោក យី សុខសាន្ត វិញ លោកបញ្ជាក់ថា តាមការឃ្លាំមើលកន្លងមក អ្វីដែលលោក ម៉ម រិទ្ធី បាននិយាយនៅលើបណ្ដាញសង្គម មិនមែនជាអំពើល្មើសច្បាប់ឡើយ តែជាការអនុវត្តសិទ្ធិបញ្ចេញមតិឈឺឆ្អាលចំពោះកម្មករដែលជាស្ដ្រី ត្រូវថៅកែរំលោភ ដោយយកទៅឃុំខ្លួនក្នុងបន្ទប់តែមួយជាមួយមនុស្សប្រុស ៣០នាក់។ ម្យ៉ាងវិញទៀតអ្វីដែលលោក រិទ្ធី ឈឺឆ្អាលលើស្ដ្រីរូបនេះ គឺដើម្បីចង់បានភាពយុត្តធម៌ ដូច្នេះលោកថា តុលាការមិនគួរចោទប្រកាន់ និងឃុំខ្លួនមេសហជីពរូបនេះក្នុងពន្ធនាការឡើយ។
លោក យី សុខសាន្ត៖ «អ្វីដែលយើងសោកស្ដាយ ហើយថ្មីៗយើងនេះ គឺខាងសហភាពអ៊ឺរ៉ុបគេបានជជែកគ្នាពាក់ព័ន្ធទៅនឹង EBA និងពីរឿង GSP អីហ្នឹង គឺថាវាប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយើងដែរ ដែលអ្នកធ្វើការងារសង្គមឈឺឆ្អាលរឿងសង្គម បែរជាទទួលរងនូវទណ្ឌកម្ម ដែលវាមិនខុសពីសហភាពអឺរ៉ុបគេនឹងត្រៀមពិចារណាទៅលើ EBA ដែលសល់ ៨០ភាគរយហ្នឹង តើគេនឹងសម្រេចលុបចោលទាំងអស់ ឬមួយគេនឹងផ្ដល់ឱ្យយើងវិញ។ ចំណុចហ្នឹងហើយរដ្ឋាភិបាល គួរស្ដារលម្ហសេរីភាពឡើងវិញទាំងអ្នកនយោបាយ ទាំងអ្នកធ្វើការងារសង្គមហ្នឹង ដើម្បីឱ្យពួកគាត់មានសេរីភាពឡើងវិញ ដើម្បីឱ្យមតិជាតិ និងអន្តរជាតិ គេទទួលយកថាប្រទេសយើងលែងមានការរំលោភសិទ្ធិមនុស្សហើយ ដើម្បីឱ្យគេផ្ដល់EBAឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើបាទ!»។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ជាច្រើនដង ប៉ុន្តែមកដល់ល្ងាចនេះមិនមានការឆ្លើយតបពីលោកឡើយ។
សូមរំលឹកថា សមត្ថកិច្ចសង្កាត់បឹងទំពុន បានចាប់ខ្លួនលោក ម៉ម រិទ្ធី នៅស្នាក់ការរបស់លោក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ មកដល់ពេលនេះ លោក រិទ្ធី ត្រូវឃុំខ្លួនក្នុងពន្ធនាគារព្រៃស អស់រយៈជាង ៦ខែហើយ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី