ប្រភពរូបភាពពីអង្គការ លីកាដូ
គិតមកដល់ពេលនេះ គឺមានរយៈពេលជាង ៥ឆ្នាំហើយ ដែលសកម្មជននៃគណបក្សជំទាស់បីរូប មកពី គណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានតុលាការកំពូលរំលាយ បានជាប់ក្នុងពន្ធនាគារ ។ លោកទាំងបីរូប មិនត្រឹមតែជាសកម្មជនគណបក្សជំទាស់នោះទេ ហើយក៏ជាឪពុក ជាបងប្អូនប្រុស និងជាសា្វមីជាទីគោរពស្រឡាញ់ ចំពោះគ្រួសាររបស់ពួកគេផងដែរ ដែលការជាប់ពន្ធនាគារនេះ ធ្វើឱ្យសមាជិកគ្រួសាររបស់ពួកគេមានចិត្តខ្លោចផ្សាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការកត់សម្គាល់របស់អង្គការលីកាដូ ដែលចុះផ្សាយនៅថ្ងៃទី៥ ខែឧសភា។ លោក គីម ចាន់ចាវ រាយការណ៍
អ្នកនយោបាយបក្សប្រឆាំងដែល លីកាដូកត់សម្គាល់ទាំងនោះកំពុងជាប់ឃុំខ្លួននៅពន្ធនាគាររយៈពេលពី៥ដល់៨ឆ្នាំ។ ក្នុងនោះមានលោក ហេង ចាន់សុធី លោក កាក់ កុម្ភារ និងលោក អ៊ីស្មាឯល ពិនអូស្មាន។
ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល កាលពីឆ្នាំ ២០១៧ មក អ្នកនយោបាយ និងសកម្មជនរាប់រយនាក់ត្រូវបានចាប់ខ្លួន បញ្ជូនខ្លួនទៅជំនុំជម្រះ និងផ្តន្ទាទោសដាក់ពន្ធនាគារដោយចោទពីបទ ញុះញង់ និងរួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ ។ ក្នុងចំណោមអ្នកទាំងនោះ មានសមាជិកមួយចំនួនត្រូវបានដោះលែងមកវិញ ប៉ុន្តែភាគច្រើនត្រូវបានដោះលែង ក្រោយពេលដែលពួកគេធ្វើការសុំទោស និងចូលរួមជាមួយនឹងគណបក្សកាន់អំណាច ។ យ៉ាងណាក៏នៅមានអ្នកនយោបាយ និងសកម្មជនជាច្រើននាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេលជាច្រើនឆ្នាំ ។ ជាពិសេសសកម្មជនជាបុរសចំនួនបីរូប បានចំណាយពេលអនុវត្តទោសក្នុងពន្ធនាគារ អស់រយៈពេលជាងពាក់កណ្តាលទសវត្សរ៍ទៅហើយ នៅក្នុងពន្ធនាគារដ៏ចង្អៀតណែន។
ភរិយារបស់លោក កាក់ កុម្ភារ គឺអ្នកស្រី ព្រំ ចាន់ថា បានលើកឡើងថា កូនប្រុសទាំងពីរ តែងនឹករឭកដល់ឪពុករបស់ពួកគេណាស់ និងតែងតែគិតពីការដោះលែងឪពុកខ្លួនមកវិញមិនឈប់។
«វាអារម្មណ៍គាត់អត់ ដូចថាអត់នៅក្នុងខ្លួន គាត់អង្គុយភ្លាំងៗភ្លឹកៗ ហើយសូម្បីតែទៅរៀនហ្នឹងក៏គាត់ ក្មេងមានជំងឺតែហ្នឹង(អូទីហ្សឹម) តែដក់អ្វីរឿងអាក្រក់ៗគឺចាប់ជាប់អ្វីដែលគេធ្វើបាបក្រុមគ្រួសារខ្លួនឯង ធ្វើបាបលើគាត់ ហើយគេនៅតែបន្តការចាប់ខ្លួនហើយគាត់នៅមានការភិតភ័យ…ហេតុអីក៏គេយកប៉ាគាត់ដាក់ពន្ធនាគារទាំងអត់មានកំហុសអីសោះណា៎…»
លោក ហេង ចាន់សុធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ និងត្រូវបានតុលាការបង្គាប់ឱ្យចាប់ខ្លួន ដោយសារការមិនគោរពលក្ខខណ្ឌនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ខណៈពេលតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ពី បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ យោងតាមមាត្រា ៤៩៤ ៤៩៥ និងបទរួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ជាមួយនឹងសកម្មជនគណបក្សសង្គ្រោះជាតិ (CNRP) ផ្សេងទៀត កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ។ គាត់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល៦ឆ្នាំ។ ការចោទប្រកាន់ទាំងនោះ បានកើតឡើងក្នុងអំឡុងពេលដែលប្រធានគណបក្សសង្រ្គោះជាតិ របស់លោក សម រង្ស៊ី បរាជ័យក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញ ។ ក្នុងនាមជា ជាឪពុកម្នាក់ និងជាជីតាម្នាក់ លោក សុធី បានធ្វើឱ្យក្រុមគ្រួសាររបស់លោក មានមោទនភាពយ៉ាងខ្លាំង តាមរយៈការងាររបស់លោកដើម្បីឱ្យសង្គមជាតិបានប្រសើរឡើង។
កូនស្រីរបស់លោក គឺអ្នកស្រី ហេង បូរី បានលើកឡើងថា “រាល់បទចោទដែលបានចោទប្រកាន់ចំពោះឪពុករបស់គាត់គឺមិនត្រឹមត្រូវ និងអយុត្តិធម៌បំផុត ហើយអំពាវនាវដល់រាជរដ្ឋាភិបាល សូមទម្លាក់ចោលបទចោទទាំងនោះ និងដោះលែងឪពុករបស់គាត់ឱ្យមានសេរីភាពវិញ ។”
នៅប៉ុន្មានថ្ងៃមុនការចាប់ខ្លួនលោក សុធី សកម្មជនគណបក្សសង្គ្រោះជាតិមួយរូបទៀត គឺ លោក កាក់ កុម្ភារ ត្រូវបានចាប់ខ្លួន និងត្រូវបានចោទពីបទ ញុះញង់ និង រួមគំនិតក្បត់ ពាក់ព័ន្ធនឹងការប៉ុនប៉ងវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី ។ ចាប់តាំងពីពេលឃុំខ្លួនមក លោក កុម្ភារ ចាប់ផ្តើមមានជំងឺរ៉ាំរ៉ៃក្នុងខ្លួនជាច្រើនដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ដែលត្រូវការព្យាបាល និងថែទាំជាប់ជាប្រចាំ ។
អំឡុងពេលដែលលោក កុម្ភារ ជាប់ក្នុងពន្ធនាគារ សមាជិកគ្រួសាររបស់លោកបានក្លាយជាសកម្មជន ហើយក៏ត្រូវបានគេដាក់គោលដៅក្នុងការធ្វើទុក្ខបុកម្នេញ ។ ភរិយារបស់លោក អ្នកស្រី ព្រំ ចាន់ថា បានក្លាយជាសកម្មជនដ៏មានប្រជាប្រិយមួយរូបនៃក្រុម ស្ត្រីថ្ងៃសុក្រ ហើយអ្នកស្រីបានប្រឈមមុខនឹងអំពើបំពារបំពានផ្នែករាងកាយ និងរងទុក្ខបុកម្នេញពីសំណាក់អាជា្ញធរមូលដ្ឋាន ។ កូនប្រុសរបស់អ្នកទាំងពីរ លោក កាក់ សុវណ្ណឆៃ ក៏បានរងការធ្វើទុក្ខបុកម្នេញផងដែរ ។ សុវណ្ណឆៃ ត្រូវបានឃុំខ្លួន លើកទីមួយ ហើយត្រូវបានដោះលែងវិញ កាលពីខែតុលា ឆ្នាំ២០២០ មុនពេលដែលលោកត្រូវជាប់ពន្ធនាគារម្តងទៀត ក្នុងឆ្នាំ២០២១ ព្រោះតែការបង្ហោះសាររិះគន់ ចំពោះការចាប់ខ្លួនឪពុករបស់លោកនៅក្នុងបណ្តាញសង្គម តេឡេក្រាម ។ អំឡុងពេលជំនុំជម្រះ ចៅក្រមបានបដិសេធ ដោយមិនទទួលយកការពិតដែល សុវណ្ណឆៃ ជាក្មេងជំទង់ដែលមានជំងឺអូទីហ្សឹម ។ កាលនោះ គាត់មានអាយុទើបតែ ១៦ឆ្នាំ ប៉ុណ្ណោះ ។
នៅឆ្នាំដដែល សុវណ្ណឆៃ ត្រូវបានវាយប្រហារដោយការគប់ដុំឥដ្ឋពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណពីរនាក់ មកលើគាត់ ខណៈពេលដែលគាត់កំពុងតែជិះម៉ូតូជាមួយម្តាយ បណ្តាលឱ្យគាត់រងរបួសក្បាលហើយត្រូវការដេរជាច្រើនថ្នេរ ។
សកម្មជនមួយរូបទៀត ដែលកំពុងជាប់ពន្ធនាគារជាង៨ឆ្នាំ មកហើយ គឺលោក អ៊ីស្មាឯល ពិនអូស្មាន ។ លោកបានជាប់ឃុំតាំងពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨ មកម្ល៉េះ ។ លោក និងឪពុកមារបស់លោក ត្រូវបានចោទពីបទ ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោយពេលដែលលោកបានបដិសេធច្រើនដង ដោយមិនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនតាមការបញ្ចុះបញ្ចូលរបស់បុគ្គលមួយចំនួន និងក្រោយការរំលាយគណបក្សសង្រ្គោះជាតិ ។ លោក ពិនអូស្មាន ត្រូវបានតុលាការផ្តន្ទាទោស ដោយដាក់ឱ្យជាប់ពន្ធនាគារកំណត់រយៈពេល ១៥ ឆ្នាំ ។ មកទល់ពេលនេះ លោកបានជាប់ពន្ធនាគារជាង ៣.០០០ ថ្ងៃ មកហើយ។
ភរិយាលោក កាក់ កុម្ភារ ប្រាប់វិទ្យុស្ត្រីថា ក្នុងអំឡុងពេលនេះ ស្វាមីអ្នកស្រីដែលកំពុងជាប់ពន្ធានាគារកំពុងកើតមានជំងឺផ្សេងៗ ដែលមិនធ្លាប់កើតមានកាលនៅក្រៅពន្ធនាគារ ដោយ អ្នកស្រីអំពាវនាវដល់រាជរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យអន្តរាគមន៍ដោះលែងស្វាមីរបស់អ្នកស្រី និងការពារសិទ្ធិសេរីភាពរបស់សកម្មជននយោបាយ ក្នុងការបញ្ចេញមតិរិះគន់ ។
«ធ្វើយ៉ាងណាគាត់ជាថ្នាក់ដឹកនាំ យ៉ាងណាក៏ជាខ្មែរ អញ្ចឹងសូមឱ្យគាត់ធ្វើការពិចារណា ឡើងវិញ ហើយក៏សូមដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាព ឱ្យគាត់មកជួបជុំក្រុមគ្រួសារ ដូចក្រុមគ្រួសារខ្ញុំ៥-៦ឆ្នាំហើយ អ្នកខ្លះ៥-៦ឆ្នាំដូចគ្នា អ្នកខ្លះទើបចាប់ថ្មីចឹង សូមឱ្យគាត់ធ្វើការដោះលែង។ ជាពិសេសប្រព័ន្ធតុលាការសំខាន់លើលោកទាំងពីរចឹងទេ បើពួកគាត់ថាឱ្យដោះលែងត្រូវដោះលែងហើយ។ ចឹងឱ្យពួកគាត់ដោះលែងក្រុមគ្រួសារពួកខ្ញុំមកវិញមក កុំឱ្យយកពួកគាត់ដាក់គុកអត់មានកំហុសសោះ។»
យ៉ាងណា លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់វិទ្យុស្ត្រីថា ករណីសមកម្មជន និងអ្នកនយោបាយបក្សប្រឆាំងជាប់ទោសនេះ គឺជារឿងរបស់តុលាការជាអ្នកសម្រេច ដែលរាជរដ្ឋាភិបាលមិនមានសិទ្ធិលូកដៃ ដូចការលើកឡើងពីមតិមួយចំនួនឡើយ។ ជាការឆ្លើយតបចម្បង លោកបូណា ណែនាំឱ្យគ្រប់មជ្ឈដ្ឋាន គោរព និងអនុវត្តច្បាប់។
«គណបក្សប្រឆាំងគាត់តែនិយាយចឹងម៉ាអាយូសគាត់ហើយណា៎ ចឹងទេវាអត់អីចម្លែកទេ។ គាត់អត់ដែលទទួលកំហុសទេ អារឿងចេញសែកឱ្យគេអត់លុយក៏គាត់ថានយោបាយ រឿងក្លែងបន្លំឯកសារក៏រឿងនយោបាយ រឿងគ្រប់យ៉ាងទាំងអស់ឱ្យតែប៉ះសកម្មជនគាត់ៗថារឿងនយោបាយ ហើយគាត់ចោទមករដ្ឋាភិបាលអញ្ចឹងរហូតបាទ ប៉ុន្តែបើយើងពិនិត្យមើលឱ្យមែនទែនទៅ អ្នកណាក៏ដោយឱ្យតែធ្វើខុស មន្ត្រីរដ្ឋាភិបាលក៏មានជាប់ទោស មន្ត្រីអាជ្ញាធរក៏មាន ប្រជាជនសាមញ្ញក៏មាន គណបក្សនយោបាយក៏មាន ប៉ុន្តែឱ្យតែប៉ះបក្សប្រឆាំងគាត់តែងតែលើកយករឿងហ្នឹង។»
សកម្មជនគណបក្សសង្រ្គោះជាតិទាំងបីរូបខាងលើ ស្ថិតក្នុងចំណោមអ្នកទោសដោយប្រើសិទ្ធិ ចំនួន ៦៩ នាក់ ដែលការបញ្ចេញមតិ ឬសកម្មភាពនិយមរបស់ពួកគេ ត្រូវបានចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ ។ បើតាមអង្គការលីកាដូ ការជាប់ក្នុងពន្ធនាគារ សូម្បីតែមួយថ្ងៃ ដោយគ្រាន់តែបញ្ចេញមតិ ឬទស្សនៈ ឬសកម្ម ក្នុងការរិះគន់ដោយអហិង្សា អំពីបញ្ហាសង្គម និងបរិស្ថាន គឺមានរយៈពេលយូរខ្លាំងណាស់ទៅហើយ ហើយចំពោះសកម្មជនទាំងបីរូបនេះ គឺរឹតតែទទួលការឈឺចាប់ខ្លាំងបន្ថែមទៀត ពេលត្រូវបានគេបំបែកចេញពីគ្រួសារដ៏កក់ក្តៅ និងសហគមន៍របស់ពួកគេរហូតដល់ទៅជាងប្រាំឆ្នាំ។ នៅពេលនេះជាពេល ដែលរាជរដ្ឋាភិបាលគួរតែពិចារណា ឱ្យពួកគេបានជួបជុំគ្រួសារដ៏កក់ក្តៅ និងត្រឡប់ទៅរកការរស់នៅមួយ ដោយមិនមានការភ័យខ្លាច ឬទទួលទណ្ឌកម្ម ដោយគ្រាន់តែឈរលើការអនុវត្តសិទិ្ធសេរីភាពនយោបាយរបស់ពួកគេ ខណៈដែលការឆ្លើយតបចម្បងរបស់ រដ្ឋាភិបាល គឺណែនាំឱ្យគ្រប់មជ្ឈដ្ឋាន គោរព និងអនុវត្តច្បាប់៕