en     km
en     km

អ្នកស្រឡាញ់ភេទដូចគ្នា រំពឹងថានឹងមានពន្លឺច្បាប់អាពាហ៍ពិពាហ៍នៅកម្ពុជា

Share

 

បណ្តាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា កាន់តែរំពឹងខ្ពស់ និងបន្តយុទ្ធនាការរបស់ខ្លួននៅពេលរដ្ឋាភិបាល បានទទួលយកនូវអនុសាសន៍ទាំង១២ នៅក្នុងរបាយការណ៍ ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់(UPR)ជុំទី៤ ដែលអនុសាសន៍ទាំងនោះផ្តោតទៅលើចំណុចសំខាន់ចំនួន៣គឺ ទី១ការធ្វើយ៉ាងណាឱ្យមានអាពាហ៍ពិពាហ៍សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ២.ធ្វើយ៉ាងណាឱ្យមានការទទួលស្គាល់ពេញលេញនៅក្នុងសង្គមដែលមិនគាំទ្រឱ្យមានការរើសអើងដល់អ្នកស្រឡាញ់ភេទដូចគ្នា និងទី៣ ការទទួលស្គាល់យេនឌ័រស្របច្បាប់សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ (កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

 

«អនាគតកូនខ្ញុំ!» គឺជាចំណងជើងរឿងល្ខោនដែលរៀបចំសម្តែងដោយក្រុមសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឬហៅថា LGBTQ នៅក្នុងវេទិកាសាធារណៈស្តីពី «អនាគតកូនខ្ញុំ! ឆ្ពោះទៅរក ការទទួលខុសត្រូវ ការគោរព និងសមភាព»កាលពីថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៤កន្លងទៅ នៅទីតាំងហ៊ីម៉ាវ៉ារី ហូថែល។ នៅក្នុងសាច់រឿងល្ខោននេះ បានឆ្លុះបញ្ចាំងពីដៃគូសង្សារស្រឡាញ់ភេទដូចគ្នា ទទួលរងការរើសអើងពីមជ្ឈដ្ឋានជុំវិញ និងគុណវិបត្តិនៃការគ្មានសំបុត្រអាពាហ៍ពិពាហ៍ មិនថាការរស់នៅ ការស្មុំកូន ការពន្យាពេលក្នុងការព្យាបាល ឬសង្គ្រោះបន្ទាន់ដោយប្រការណាមួយ ដោយទាមទារឱ្យដៃគូមានលិខិតអាពាហ៍ពិពាហ៍ទើបអាចធានាបាន។ ប៉ុន្តែបច្ចុប្បន្នអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ដែលនេះជាបញ្ហាប្រឈមចម្បងដែលពួកគេជួបក្នុងជីវភាពប្រចាំថ្ងៃ បើទោះបីជារដ្ឋាភិបាលមិនបានហាមឃាត់ការស្រឡាញ់ភេទដូចគ្នាក្ដី។

បើទោះបី​ជា​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា មានសិទ្ធិរៀបអាពាហ៍ពិពាហ៍​ ហើយរដ្ឋបានផ្ដល់សេរីភាពលើរឿងនេះ ប៉ុន្តែពួកគេមិនអាចធ្វើឱ្យ​អាពាហ៍ពិពាហ៍នោះស្រប​ច្បាប់​បាន​ទេ​ ដោយ​សារ​ខ្វះ​ឯកសារ​ផ្លូវ​ច្បាប់ ដូច​ជា​សំបុត្រ​អាពាហ៍​ពិពាហ៍ ឬ​សៀវភៅ​គ្រួសារជាដើម​។​

រូបភាពពីអង្គការបន្ទាយស្រី។

អ្នកសម្របសម្រួលក្រុមក្តីស្រឡាញ់គឺចម្រុះ និងជាអ្នកស្រឡាញ់ភេទដូចគ្នាមួយរូប កញ្ញា គុយ ធីតា បានឱ្យដឹងថា ច្បាប់រៀបអាពាហ៍ពិពាហ៍មានសារៈប្រយោជន៍ណាស់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ពីព្រោះនៅពេលពួកគេរស់នៅជាមួយគ្នា ឬរៀបអាពាហ៍ពិពាហ៍ដោយគ្មានការចុះអេតាស៊ីវិល ធ្វើឱ្យដៃគូអ្នកស្រឡាញ់ភេទដូចគ្នាបាត់អត្ថប្រយោជន៍សង្គមជាច្រើន។ ថ្វីត្បិតថា​ បច្ចុប្បន្នគំនាបសង្គម និងការហាមប្រាមពីសំណាក់អាណាព្យាបាល ទាក់ទងនឹងការរៀបការរវាងអ្នកស្រឡាញ់ភេទដូចគ្នាកាន់តែមានភាពទូលំទូលាយ ប៉ុន្តែ បើយោងតាមច្បាប់ ការរៀបការរបស់ពួកគេពុំស្របច្បាប់នៅឡើយទេ ព្រោះប្រទេសកម្ពុជាពុំទាន់មានច្បាប់អនុញ្ញាត សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ កញ្ញា ធីតា បានបន្តថាកាន់តែពិបាកនៅដែលពួកគេមិនមានលិខិត​ ឬច្បាប់អាពាហ៍ពិពាហ៍ ទោះបីជាមានខាន់ស្លាហើយក្តី ក៏ពុំទទួលបានសៀវភៅគ្រួសារដូចដៃគូដទៃដែរ។​ ជាងនេះ នៅពេលពួកគេស្មុំកូន ក៏ពុំអាចដាក់ថាកូននោះជាកូនរបស់ខ្លួនបាន  និងហានិភ័យនៅពេលគ្រួសារគេមកទាមទារយកកូនវិញ ព្រោះអាណាព្យាបាលពិតប្រកដនៅតែមានសិទ្ធិ។

កញ្ញា គុយ ធីតា អ្នកសម្រប់សម្រួលក្រុមក្តីស្រឡាញ់គឺចម្រុះ។ WMC/Ngeen Seanglim

«ដូចដែលយើងបានឃើញថ្ងៃនេះ មានការសម្តែង បង្ហាញមួយចំនួននៅក្នុងកម្មវិធរបស់យើងដែរ។ អ៊ីចឹងនៅពេលដែលអត់មានអេតាស៊ីវិលធ្វើឱ្យ..មែនទែនទៅបើនិយាយតាមច្បាប់ គឺអត់ស្របនឹងច្បាប់ទេ។ អ៊ីចឹងនៅពេលដែលមានបញ្ហាអីមួយ ដែលមានតម្រូវការអីមួយដែលត្រូវការច្បាប់ គឺអត់អាចៗការពារបាន។ ដូចជាក់ស្តែងបញ្ហាកើតឡើងមួយចំនួននៅក្នុងសង្គមជាក់ស្តែង យើងឃើញថាទី១ នៅពេលដែលគាត់រស់នៅជាប្តីប្រពន្ធ ទោះបីមានការគាំទ្រពីគ្រួសារ ការរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណី តែគាត់អត់អាចចុះអេតាស៊ីវិលជាសៀវភៅគ្រួសារជាមួយគ្នាបានទេ។ អ៊ីចឹងរស់នៅជាមួយគ្នាមែន តែអត់ដែល អត់មានសៀវភៅគ្រួសារបានហើយបានគាត់មានកូន ឬក៏ស្មុំកូនទៀត កូនរបស់គាត់ក៏អត់អាចដាក់ថាជាកូនសម្រាប់ទាំង២នាក់បានដែរ»។

ភរិយាស្វាមីអ្នកស្រឡាញ់ភេទដូចគ្នាមកពីខេត្តសៀមរាបមួយគូ គឺលោក ស៊ុម សុវណ្ណារ៉ា និងអ្នកស្រី ស៊ុន ស្រីមុំ ក៏បានបង្ហាញពីក្តីបារម្ភទាក់ទងនឹងការស្មុំកូនផងដែរ។ ប្រសិនណាច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅមិនទាន់មាន ពួកគេមិនអាចបង្កើតគ្រួសារមួយដែលពេញលេញនិងស្របច្បាប់បាន ពោលនៅពេលមានកូន ឬស្មុំកូន ពួកគេមិនអាចដាក់អត្តសញ្ញាណកូនចូលក្នុងគ្រួសារបាន។ កាន់តែពិបាកនៅពេលកូនរបស់ពួកគេចូលរៀន ពុំមានអ្វីបញ្ជាក់ដើម្បីមានសិទ្ធចូលរៀន។ តែទោះជាយ៉ាងនេះក្តី តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសំណាក់អ្នកស្រឡាញ់ភេទដូចគ្នា ទៅកាន់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធសង្កេតឃើញថា កាន់តែមានពន្លឺគួរឲ្យកត់សំគាល់។ ដូច្នេះហើយពួកគេរំពឹងខ្ពស់ថាផលជាវិជ្ជមាននឹងឆាប់កើតមានឡើង។

ភរិយាស្វាមី លោក ស៊ុម សុវណ្ណារ៉ា និងអ្នកស្រី ស៊ុន ស្រីមុំ។WMC/Ngeen Seanglim

លោក ស៊ុម សុវណ្ណារ៉ា៖ «សម្រាប់សំបុត្រអាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញភេទដូចគ្នាគឺមានសារៈសំខាន់ខ្លាំងមែនទែន ដោយសារតែលិខិតអាពាហ៍ពិពាហ៍កាន់តែច្បាស់គឺគ្រប់ដណ្តប់ទៅលើជោគវាសនា ក្រុមគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នាទូទៅតែម្តង។ ដោយសារពួកយើងជាអ្នកស្រឡាញ់ភេទដូចគ្នាមែន តែពួកយើងចាប់ដៃគ្នារកស៊ី ចង់បង្កើតគ្រួសារមួយដែលពេញលេញដែលមានច្បាប់ទទួលស្គាល់ កូននៅក្នុងការគ្រប់គ្រងដែលមានច្បាប់ទម្លាប់មានសៀវភៅគ្រួសារ មានអេតាស៊ីវិលស្របច្បាប់ហើយកូនអាចមានសិទ្ធចូលរៀន។»

អ្នកស្រី ស៊ុន ស្រីមុំ៖ «សម្រាប់ខ្ញុំៗមានការរំពឹងទុកខ្ពស់ ព្រោះខ្ញុំអីឥឡូវខ្ញុំមើលឃើញថាអ្នកស្រឡាញ់ភេទដូចគ្នា គ្នាយើងគាត់មានការប្រឹងប្រែងខ្លាំងដូចជាវារៀងទំលំលាយជាងមុនច្រើនដែរ។»

ទទឹមនឹងនេះជនជាតិដើមភាគតិចពូនងពីររូបគឺ កញ្ញា ស្លី សុកថុ និងអ្នកស្រី យ៉ា យ៉ាន់នី បានលើកឡើងពីបញ្ហាដែលកើតមានឡើងនៅសហគមន៍ក្នុងខេត្តមណ្ឌលគិរីរបស់ពួកគេ។ អ្នកទាំងពីរលើកឡើងថា នៅក្នុងសហគមន៍របស់ខ្លួនក៏មានអ្នកស្រឡាញ់ភេទដូចគ្នាដែរ ប៉ុន្តែពួកគេពុំអាចបើកចំហរបានដោយសារមានគំនាបមួយចំនួន មានករណីខ្លះទៀត ពួកគេបានកាត់សក់ក្លាយខ្លួនជាមនុស្សប្រុសទៅហើយ ក៏ប៉ុន្តែក៏ត្រូវបង្ខំចិត្តពាក់សក់តែងខ្លួនជាកូនក្រមុំចូលរោងការតាមគ្រួសារទៅវិញ។ នេះសបញ្ជាក់ឲ្យឃើញថា ពួកគេគ្មានសិទ្ធិក្នុងការស់ជាខ្លួនឯងតាមបែបធម្មជាតិបង្កើតមកនោះទេ។ យ៉ាងណាមិញ អ្នកទាំងពីរបន្ថែមថា ពួកគេក៏ជាមនុស្ស ដូច្នេះ​ ស្នើសូមរាជរដ្ឋាភិបាលគួរតែផ្តល់ច្បាប់រៀប អាពាហ៍ពិពាហ៍​ដល់ពួកគេ ដើម្បីពួកគេទទួលបាននូវសិទ្ធិនានាដូចមនុស្សទូទៅដែរ។

កញ្ញា ស្លី សុកថុ  ជនជាតិដើមភាគតិចពូនង។WMC/Ngeen Seanglim

អ្នកស្រី យ៉ា យ៉ាន់នី ជនជាតិដើមភាគតិចពូនង។WMC/Ngeen Seanglim

អ្នកស្រី យ៉ា យ៉ាន់នី៖ «រដ្ឋាភិបាលគួរតែអនុញ្ញាត ឬបង្កើតឱ្យ ឬក៏បង្កើតច្បាប់ហ្នឹងសម្រាប់ពួកគាត់»។

កញ្ញា ស្លី សុកថុ៖ «ឬក៏មានការរៀបការដូចយើងស្រឡាញភេទខុសគ្នាហាណាស់! ព្រោះអីពួកគាត់ដូចយើង ដូចគ្នា ដូចគាត់មានស្រឡាញ់ភេទដូចគ្នា ដូចយើងចិត្តយើង ស្រឡាញ់ប្រុស!! ពួកគាត់ក៏មានសិទ្ធដូចអ៊ីចឹង។ ចង់ឱ្យរដ្ឋាភិបាលបង្កើតច្បាប់ ដូចខាងជនបទពួកខ្ញុំអត់ទាន់មាន តែអាចថ្ងៃក្រោយខាងរដ្ឋាភិបាលបើកចំហរមានច្បាប់ត្រឹមត្រូវប្រហែលជាអាចមានដែរ»។

អ្នកស្រី យ៉ា យ៉ាន់នី៖ «គាត់តែខ្លួនជាប្រុសៗកាត់សក់ជាប្រុសអ៊ីចឹង ឱពុកម្តាយបង្ខំឱ្យរៀបការអ៊ីចឹង គាត់អត់ទាន់ហ៊ានជំទាស់ជាមួយឱពុកម្តាយ ក៏ស្ម័គ្រចិត្តរៀបការជាមួយមនុស្សប្រុសដែលខ្លួនមិនបានស្រឡាញ់គឺតម្រូវចិត្តឱពុកម្តាយក៏មានអ៊ីចឹងដែរ»។

យ៉ាងណា លោក ថេ ឈុនហាក់ តំណាងក្រសួងកិច្ចការនារី បានប្រាប់វិទ្យុស្ត្រីឱ្យដឹងថា បច្ចុប្បន្នខាងក្រសួងក៏កំពុង សិក្សាស្រាវជ្រាវ និងរកវិធីសាស្ត្រប្រើពាក្យនានានៅក្នុងសង្គមខ្មែរទាក់ទងនឹងអ្នកស្រឡាញ់ភេទដូចគ្នា ជាLGBTQ ឬអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីប្រើទៅគ្មានការរើសអើង។ ចំណែកច្បាប់អាពាហ៍ពិពាហ៍ ក្រសួងពាក់ព័ន្ធនានា និងរាជរដ្ឋាភិបាល នៅជជែកគ្នាជាបន្តទៀត ថាសង្គមមាននិន្នាកាទទួលយកគ្រប់គ្នាហើយ ឬនៅ? ចៀសវាងការដាក់ទៅមានការប្រឆាំងដោយប្រការណាមួយ ប៉ុន្តែកិច្ចការចម្បងដែលទាំងក្រសួងពាក់ព័ន្ធ និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាត្រូវធ្វើ គឺការអប់រំក្នុងសង្គម ការទទួលយក ការគោរព និងសមភាព។

លោក ថេ ឈុនហាក់ តំណាងក្រសួងកិច្ចការនារី។

«អាហ្នឹងពាក់ព័ន្ធទៅលើ យើងនៅជជែកច្រើនទៀត យើងនៅជជែកច្រើនទៀតថា ថាតើពេលណាគេកែសម្រួលច្បាប់។ ទី២ យើងត្រូវសិក្សាទៀតថា តើវាជាតម្រូវការរបស់សង្គមប៉ុណ្ណា ដូចខ្ញុំនិយាយពីដើមអ៊ីចឹង។ គាត់និយាយដែលថា ឧបមាថាយើងដាក់ទៅស្រាប់តែម៉ែៗគាត់មកប្រឆាំងយើងវិញ គាត់មកប្រឆាំងយើងវិញ! អាហ្នឹងក៏ជា!! ក៏ប៉ុន្តែយើងក៏មិនបណ្តោយឱ្យអ៊ីចឹងពេកទេ ប៉ុន្តែយើងអប់រំសង្គមឱ្យទទួលស្គាល់ច្រើនបន្តិចសិន។ បន្ទាប់មកទើបយើងធ្វើ ពិចារណាមើលថាវា តើវាជាពេលមួយដែលនិន្នាកាសង្គមអាចទទួលបានទាំងអស់គ្នាឬនៅ? ឬយើងអាចប្រើឃ្លាណាមួយដែលមិនរារាំងភេទទី៣ ឬអ្នកស្រឡាញ់ភេទដូចគ្នា»។

តាមរយៈលោក ព្រុំ ស៊ីវ៉ាត់ មកពីសហគមន៍ស្រស់បំព្រងខេត្តសៀមរាបថា បច្ចុប្បន្នច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាហាក់មានពន្លឺកាន់តែច្រើន​ ព្រោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នាតែងតែបញ្ជ្រាបនូវការស្វែងយល់ ការទទួលយក អំពីអត្តសញ្ញាណ និងសមសភាពរបស់ខ្លួនតាមរយៈមធ្យោបាយផ្សេង ដូចជាកម្មវិធី ឬប្រព័ន្ធផ្សព្វផ្សាយនានា ហើយជាលទ្ធផលឃើញថាកម្រិតនៃការគាំទ្រកាន់តែខ្ពស់។ យ៉ាងណាមិញលោកបញ្ជាក់ថា បច្ចុប្បន្នខាងសហគមន៍កាន់តែមានពន្លឺទាក់ទងនឹងច្បាប់នេះ ហើយលោកក៏រំពឹងខ្ពស់ផងដែរ។

លោក ព្រុំ ស៊ីវ៉ាត់ មកពីសហគមន៍ស្រស់បំព្រងខេត្តសៀមរាប។ WMC/Ngeen Seanglim

លោក ព្រុំ ស៊ីវ៉ាត់ «បើមើលទៅតាមលក្ខណៈដំណើការ( process UPA) ជុំទី៤ យើងមើលឃើញថា រាជរដ្ឋាភិបាលបានទទួលយកអនុសាសន៍(Recommendation)ពីប្រទេសផ្សេងៗទាក់ទងនឹងច្បាប់សមភាពអាពាហ៍ពិពាហ៍។ អ៊ីចឹងមើលឃើញថាសហគមន៍របស់យើងកំពុងតែមានពន្លឺនៅលើច្បាប់ហ្នឹង។ ខ្ញុំរំពឹងទុកខ្ពស់ថានឹងមានច្បាប់អាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗ ឬមួយក្នុងពេលអនាគត»។

កញ្ញា គុយ ធីតា៖ «រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវឆន្ទៈក្នុងការគាំទ្រមកដល់សន្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយក៏បង្ហាញឆន្ទៈធ្វើឱ្យមានច្បាប់សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដែរ។ តាមរយៈដែលរដ្ឋាភិបាលកម្ពុជាទទួលយកនូវអនុសាសន៍ទាំង១២អនុសាសន៍ នៅក្នុងUPRជុំទី៤ ដែលអនុសាសន៍ទាងនោះផ្តោតទៅលើកការធ្វើយ៉ាងណាឱ្យមានអាពាហ៍ពិពាហ៍សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ធ្វើយ៉ាងណាឱ្យមានការទទួលស្គាល់ពេញលេញនៅក្នុងសង្គមដែលមិនគាំទ្រឱ្យមានការរើសអើងដល់អ្នកស្រឡាញ់ភេទដូចគ្នាទេ ហើយទី៣នោះគឺ ការទទួលស្គាល់យេនឌ័រស្របច្បាប់សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា»។

ទាំងលោក ស៊ីវ៉ាត់ និងកញ្ញា ធីតា ថា បញ្ហានេះនៅបន្តជជែកបន្ថែមទៀតរវាងអ្នកពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ប៉ុន្តែទោះជាយ៉ាងនេះក្តីពួកគេនៅតែមានសង្ឃឹមយ៉ាងខ្លាំង៕

អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម។

Share

ព័ត៌មានទាក់ទង