កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ មានក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមមានចំនួន ៥នាក់ បានចុះផ្សព្វ ផ្សាយចែករំលែកចំណេះដឹងពីវិធីសាស្រ្តការពារខ្លួនពីជំងឺ«គ្រុនឈីក» ដល់កុមារក្នុងភូមិទ្រៀស ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន ៣៦នាក់។

ក្រុមយុវជនស្ម័គ្រចិត្តបានណែនាំពីរោគសញ្ញា និងភ្នាក់ងារចម្លងនៃជំងឺគ្រុនឈីក និងវិធីសាស្រ្តដើម្បីការពារខ្លួន ដូចជា ត្រូវគេងក្នុងមុង ស្លៀកពាក់សំលៀកបំពាក់វែងៗ បំបាត់ជម្រកមូស អុជធូបមូស ដាក់ថ្នាំអាប៉ែត ឬដាក់ត្រីក្រឹមក្នុងពាងទឹក រៀបចំសម្អាតសំរាម និងប្រមូលរបស់របរដែលដក់ទឹកកប់ចោលជាដើម។

ការចែករំលែកនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យកុមារៗក្នុងសហគមន៍យល់ដឹង នឹងអាចបង្ការខ្លួនរបស់ពួកគេពីជំងឺគ្រុនឈីក និងអាចយកចំណេះដឹងនេះ ទៅប្រាប់បន្តដល់គ្រួសារ មិត្តភក្តិ និងអ្នកដែលនៅជុំវិញខ្លួន។ អ្វីជាពិសេសជាងនេះ កុមារដែលបាន មកចូលរួមអាចយកចំណេះនេះទៅអនុវត្ត ដើម្បីសុវត្ថិភាពនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ។

ជាការកត់សម្គាល់ កាលពីកក្តដាកម្ពុជាបានផ្ទុះឡើងនូវជំងឺគ្រុនឈីកនេះជាថ្មី នៅខេត្តបន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ រស់នៅ ក្នុងសង្កាត់ប៉ោយប៉ែត សរុបចំនួន៦ភូមិ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថាពួកគេបានកើតជំងឺឈីក។
សូមរំលឹកថាជំងឺគ្រុនឈីកនេះ បានកើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូងនៅប្រទេសកម្ពុជានៅឆ្នាំ១៩៦១ និងឆ្នាំ២០១១ ដែលករណីនេះបានកើតឡើងនៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារ ហើយគ្រុនឈីកធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០ទៅ៧០% ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរាតត្បាតខ្លាំងនៅឆ្នាំ២០១១-២០១២ នៅតាមខេត្តមួយចំនួនរបស់កម្ពុជា៕
អត្ថបទខ្លីសរសេរដោយ គុន ស្រីណាក់ យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។