en     km
en     km

សិប្បកម្មត្បាញក្រមានៅភូមិព្រែកចង្ក្រានស្រុកកោះសូទិនបន្តបាត់បង់អ្នកបន្តវេនខណៈតម្លៃក៏បន្តធ្លាក់ចុះ

Share

ខេត្តកំពង់ចាម ៖ មុខរបរត្បាញក្រមារបស់ប្រជាពលរដ្ឋនៅភូមិព្រែកចង្ក្រាន ឃុំល្វេ  ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅបន្តមានវត្តមាននៅឡើយ តែចំនួនគ្រួសារដែលនៅប្រកបការងារនេះបានបន្តបាត់បង់បន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាមការបញ្ជាក់ពីអ្នកប្រកបរបរត្បាញក្រមាដែលក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាមសម្ភាសន៍ បានអះអាងប្រហាក់ប្រហែលគ្នាថា មូលហេតុដែលនាំឱ្យអ្នកត្បាញក្រមាធ្លាក់ចុះ ព្រោះបញ្ហាថ្លៃទិញវត្ថុធាតុដើមត្រូវចំណាយខ្ពស់ជាងមុន ស្របពេលតម្លៃក្រមាលើទីផ្សារបែរជាធ្លាក់ថ្លៃទៅវិញ។ មួយវិញទៀត អាចមកពីតម្រូវការក្រមាលើទីផ្សារមានតិច ធ្វើឱ្យអ្នកត្បាញពិសេសកូនចៅជំនាន់ក្រោយបង្វែរទៅរកឱកាសការងារផ្សេងៗ ឬចាប់យកមុខរបររកស៊ីជួញដូរថ្មីៗវិញ។

សកម្មភាពរបស់ប្រជាពលរដ្ឋក្នុងភូមិព្រែកចង្ក្រានកំពុងធ្វើការងារត្បាញក្រមា។រូបភាពពី ជា ចាន់រ៉ន។

ភូមិព្រែកចង្ក្រាន ជាភូមិមួយក្នុងចំណោមភូមិទាំង ១០ ផ្សេងទៀតនៃឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋភូមិព្រែកចង្ក្រានបច្ចុប្បន្នប្រកបការងារកសិកម្មដាំដំណាំរួមផ្សំ និងរបរលក់ដូរផ្សេងៗ ហើយគ្រួសារខ្លះក៏នៅបន្តការងារសិប្បកម្មត្បាញក្រមារហូតមកទល់ពេលបច្ចុប្បន្ននេះដែរ។

តាមការបញ្ជាក់ពីពលរដ្ឋអ្នកត្បាញក្រមាមួយចំនួននៅភូមិព្រែកចង្ក្រានដែលក្រុមសិក្ខាកាមបានជួបសម្ភាសន៍ ពួកគេអះអាងថា មុខរបរត្បាញក្រមានេះហាក់ពុំសូវមានអ្នកចាប់អាម្មរណ៍ធ្វើបន្តនោះទេ ពិសេសក្មេងៗជំនាន់ក្រោយតែម្តង។ ប្រការនេះធ្វើឱ្យតម្បាញដូនតាមួយនេះ កាន់តែថយចុះជាបណ្តើរៗនូវអ្នកបន្តវេន។

សកម្មភាពរបស់ប្រជាពលរដ្ឋក្នុងភូមិព្រែកចង្ក្រានកំពុងធ្វើការងារត្បាញក្រមា។រូបភាពពី ជា ចាន់រ៉ន។

អង្គុយក្រោមផ្ទះពីមុខម៉ាស៊ីនត្បាញធ្វើពីឈើតូចមួយរបស់ខ្លួន អ្នកស្រី ពៅ វ័យ៤៥ឆ្នាំ រស់នៅភូមិឃុំខាងប្រាប់ថា ការងារត្បាញក្រមានេះទាំងគ្រួសាររបស់អ្នកស្រី និងប្រជាពលរដ្ឋផ្សេងទៀត គឺសុទ្ធតែចេះធ្វើតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ឬអាចនិយាយបានថាជាជំនាញតពីដូនតា។ អ្នកស្រីថា មុខរបរត្បាញក្រមានេះកាលពីដើមឡើយអ្នកភូមិនិយមធ្វើណាស់ ព្រោះប្រជាជនខ្មែរពីមុននិយមប្រើក្រមាសម្រាប់ស្លៀកពាក់និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ តែបច្ចុប្បន្ននេះដោយសារភាពទំនើបទាន់សម័យ គួបផ្សំសម្ភារៈប្រើប្រាស់ហូរចូលពីបរទេសក៏សម្បូរបែប ហាក់ធ្វើឱ្យផលិតផលក្នុងស្រុកលំបាកប្រកួតប្រជែងទីផ្សារ។

ដៃកាន់កីវៃសរសៃអំបោះបញ្ចូលសាច់ក្រមាបណ្តើរអ្នកស្រី ពៅ ឆ្លៀតផ្តល់សម្ភាសន៍បណ្តើរថា សព្វថ្ងៃការផលិតក្រមាត្រូវចំណាយដើមច្រើន ទិញវត្ថុធាតុដើមទាំងសរសៃអំបោះ ល័ក្ខគីមី និងវត្ថុធាតុផ្សេងៗទៀត។ ក៏ប៉ុន្តែចំពោះតម្លៃក្រមាវិញអ្នកស្រីថា បច្ចុប្បន្នបែរជាធ្លាក់ថ្លៃទៅវិញដោយកាលពីមុនលក់បានក្នុងតម្លៃមួយម៉ឺនទៅមួយម៉ឺនពីរពាន់រៀលក្នុងមួយក្រមា តែបច្ចុប្បន្នលក់បានត្រឹមតែជាង ៧ ពាន់រៀលតែប៉ុណ្ណោះ។

អ្នកស្រី ពៅ ត្បាញក្រមាក្រោមផ្ទះដែលជាមុខរបរបន្ទាប់បន្សំពីការងារដំាំដុះ។រូបភាពពី ជា ចាន់រ៉ន។

តាមការឱ្យដឹងពីប្រជាពលរដ្ឋអ្នកត្បាញក្រមា ប្រាប់ថាក្នុងភូមិព្រែកចង្ក្រាននេះ ធ្លាប់មានប្រជាពលរដ្ឋប្រកបការងារត្បាញក្រមានេះជាង ៨០០នាក់ តែបច្ចុប្បន្ននៅសល់ប្រហែលតែជាង ១០០នាក់តែប៉ុណ្ណោះ។

ការធ្លាក់ចុះនេះ សម្រាប់អ្នកស្រី ស្រ៊ាន ដែលជាអ្នកត្បាញក្រមាម្នាក់ទៀតក្នុងភូមិព្រែកចង្ក្រានដែរនោះយល់ថា អាចមកពីចំណូលពីមុខរបរមួយនេះមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ ទើបធ្វើឱ្យអ្នកត្បាញមួយចំនួនបោះបង់ចោល។ មួយវិញទៀត ក្មេងៗជំនាន់ក្រោយក៏មិនសូវចាប់អារម្មណ៍ធ្វើ ហើយងាកទៅរកការងារឬមុខរបរថ្មីជំនួសវិញ។

ស្រ្តីវ័យចំណាស់រូបនេះឱ្យដឹងទៀតថា មូលហេតុដែលអ្នកស្រីនៅបន្តធ្វើការងារនេះ ព្រោះអ្នកស្រីស្រលាញ់ការងារដែលជាមរតដូនតាបន្សល់ទុកឱ្យ ហើយណាមួយអ្នកស្រីអាចមានពេលឆ្លៀតមើលថែផ្ទះនិងចៅៗនៅផ្ទះបាន ទើបអ្នកស្រីមិនបោះបង់ការងារមួយនេះ។ ភាពងាយស្រួលមួយទៀតដែរ គឺក្រមាដែលអ្នកស្រីត្បាញរួចគឺមានឈ្មួញមកទិញដល់ផ្ទះ ដែលមិនចាំបាច់លំបាកត្រូវដើរលក់ដោយខ្លួនឯងនោះទេ។

អ្នកស្រី ស្រ៊ាន បន្តការងារត្បាញក្រមានេះពីឪពុកម្តាយតជំនាន់។រូបភាពពី ជា ចាន់រ៉ន។

ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្ត៍តំណែលតកូនចៅជាច្រើនជំនាន់មកហើយ ពីព្រោះជាផលិតផលសិប្បកម្មតម្បាញ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។

ក្នុងគោលគំនិត គាំទ្រ និងលើកតម្លើងផលិតផលក្រម៉ា ជាពិសេសគឺតម្បាញក្រមាមន្រ្តីថ្នាក់ដឹកកម្ពុជាធ្លាប់បានបង្កើតកម្មវិធីត្បាញក្រមាវែងជាងគេលើពិភពលោកដែលមានប្រវែងមួយពាន់ម៉ែត្រ។ គ្រានោះ ក្រមាវែងជាងគេរបស់កម្ពុជាបានដាក់បញ្ចូលក្នុងកំណត់ត្រាឯកទគ្គកម្មពិភពលោក ថាជាក្រមាវែងជាងគេលើពិភពលោក។

សកម្មភាពរបស់ប្រជាពលរដ្ឋក្នុងភូមិព្រែកចង្ក្រានកំពុងធ្វើការងារត្បាញក្រមា។រូបភាពពី ជា ចាន់រ៉ន។

កំណត់ត្រាពិភពលោកមួយនេះ ជាផ្នែកមួយលើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ជាងនេះ ស្នាដៃមួយនេះក៏បង្កើតឱ្យមានការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ។

ក៏ប៉ុន្តែមោទនភាពជាតិនេះ ពុំបានធ្វើឱ្យអ្នកត្បាញក្រមានៅភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម រំភើបយូរពេលនោះទេ ខណៈសិប្បកម្មដូនតាមួយនេះកាន់តែខ្សត់អ្នកបន្តវេន ហើយតម្លៃក៏កាន់តែធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំនោះ៕

អត្ថបទខ្លី សរសេរដោយ ជា ចាន់រ៉ន  សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង