កំពង់ធំ៖ លោក ជា ថា មេឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែកក្ដដាឆ្នាំ ២០២៤នេះ បានចាត់វិធានការឱ្យកម្លាំងពាក់ព័ន្ធចុះដកហូតទ្វារទឹកទំនប់ផ្លូវអូរសោមចំនួន ៣ កន្លែងមករក្សាទុក និងចាត់ឱ្យរដ្ឋបាលប៉ុស្តិ៍ចុះណែនាំធ្វើកិច្ចសន្យាជាមួយគ្រួសារមួយដែលបានចាក់ដីបិទមុខផ្លូវទឹកហូរឱ្យកាយចេញវិញ។
សកម្មភាពក្រុមការងារចុះដកយកទ្វារទឹកលើទំនប់ទឹកចេញបង្ការមានជនផ្សេងទៀតមកបិទទ្វារទឹកជាថ្មី។រូបភាពពី សៅ ស៊ីណា។
ការដកយកទ្វារទឹកទំនប់ទាំងបីយករក្សាទុក និងបញ្ជាឱ្យកាយដីចេញពីមុខផ្លូវទឹកវិញបែបនេះ គឺបន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិចខ្នងទំនប់ អូរសោម បណ្តាលឱ្យបាក់ដីសងខាងផ្លូវប្រវែងប្រហែល៥០ម៉ែត្រ។ នេះជាការគូសបញ្ជាក់ពីលោកមេឃុំគោលប្រាប់សិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំនៅថ្ងៃទី១០ ខែកក្ដដានេះ។
ដីបាន់បាក់ស្រុតនៅអមសងខាងផ្លូវក្រោយភ្លៀងធ្លាក់។រូបភាពពី សៅ ស៊ីណា។
ដោយឡែកលោក យី យួង នាយប៉ុស្តិ៍នគរបាលឃុំគោលបញ្ជាក់បន្ថែមថា បញ្ហាជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ទំនប់ផ្លូវអូរសោមដោយសារតែប្រជាពលរដ្ឋចាក់ដីបិទផ្លូវទឹកមានទទឹងជាង ២ ម៉ែត្រ និងបណ្ដោយជាង ១០ម៉ែត្រ។ ករណីចាក់ដីបិទផ្លូវទឹកនេះ កើតឡើងនៅភូមិកំពង់លុក ឃុំគោល ដែលបច្ចុប្បន្នគ្រួសារខាងលើបានយល់ព្រមធ្វើកិច្ចសន្យាកាយដីបើកមុខទឹកវិញហើយ។
លោក យី យួង នាយប៉ុស្តិ៍នគរបាល។រូបភាពពី សៅ ស៊ីណា។
ចំណែកករណីមានជនមិនស្គាល់មុខបិទទ្វារទឹកទំនប់ផ្លូវអូរសោម អាជ្ញាធរពុំទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយទេ។ តែបើតាមការបញ្ជាក់ពីមេឃុំគោល ជនដែលលួចបិទទ្វារទឹកទំនប់អូរសោមអាចមកពីបារម្ភខ្លាចទឹកភ្លៀងហូរលិចដំណាំនៅផ្នែកខាងក្រោមទំនប់។ តែយ៉ាងណា សម្រាប់លោកមេឃុំគោល ការបិទទ្វារទឹកបែបនេះ បានបង្កឱ្យទឹកភ្លៀងជន់លិចខ្នងទំនប់អូរសោមធ្វើឱ្យខូចខាតផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជំនន់ទឹកភ្លៀងហូរចូលចម្ការរបស់ពលរដ្ឋ។រូបភាពពី សៅ ស៊ីណា។
ចំពោះមុខបញ្ហានេះ លោកមេឃុំគោលចាត់ឱ្យក្រុមការងារចុះដកទ្វារទឹកមករក្សាទុកដើម្បីជៀសវាងមានប្រជាពលរដ្ឋផ្សេងទៀតមកបិទបន្តទៀត។ តាមរយៈកិច្ចសម្ភាសន៍ជាមួយសិក្ខាកាមវិទ្យុស្រ្តីលោកមេឃុំគោលបញ្ជាក់ដោយព្រមានចាត់វិធានការច្បាប់ចំពោះជនណាដែលនៅតែគឃ្លើនបិទទ្វារទឹកជាថ្មីទៀតនោះ។
លោក ជា ថា មេឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។រូបភាពពី សៅ ស៊ីណា។
សូមបញ្ជាក់ថា ទំនប់ផ្លូវលំអូរសោមនេះមានប្រវែងសរុប ៣៥០ម៉ែត្រ ហើយផ្លូវត្រូវរងការខូចខាតដោយសារទឹកភ្លៀងមានប្រវែងប្រហែល ៥០ម៉ែត្រ។ តែយ៉ាងណា បច្ចុប្បន្ននេះប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ហើយអាជ្ញាធរឃុំនិងខិតខំរកធនធានមកជួសជុលឡើងវិញនៅពេលក្រោយ៕
អត្ថបទខ្លី សរសេរដោយ សៅ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។