កំពង់ចាម៖ ប្រជាពលរដ្ឋក្នុងភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មួយចំនួនបាននិងកំពុងបន្តរបរត្បាញ ហូល ផាមួង ដែលពួកគេចេះតៗគ្នាពីដូនតា។ ខណៈតម្លៃលើទីផ្សារលក់បានថ្លៃគួរសមផង អ្នកភូមិព្រែកចង្ក្រានដែលសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាមបានជួបសម្ភាសន៍ បានបេ្តជ្ញាថា ពួកគេនឹងនៅតែបន្តធ្វើមិនឱ្យបាត់បង់ជំនាញដូនតាមួយនេះទេ និងព្យាយាមពង្រីកខ្លួនថែមទៀត ប្រសិនមានការគាំទ្រច្រើនពីអតិ ថជន។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍ពិស្តារជុំវិញព័ត៌មាននេះ
សណ្តូកអបតាមដងទន្លេមេគង្គ ស្រុកកោះសូទិនជាស្រុកមួយស្ថិតក្នុងស្រុក-ក្រុងទាំង១០ ផ្សេងទៀតនៃខេត្តកំពង់ចាម។ ជំនន់ទឹកឡើងចុះតាមអំណាចនៃធម្មជាតិ បានហូរនាំយកដីល្បាប់ដ៏មានជីវជាតិមកស្រោចស្រពផ្ទៃកោះសូទិន ប្រការអំណោយទានបែបនេះហើយ ទើបនាំឱ្យប្រជាពលរដ្ឋចាប់យកការងារស្រែចម្ការជាង ៨០% ហើយក្រៅពីនេះ ពលរដ្ឋក៏មានការងារចិញ្ចឹមសត្វផងដែរ។ តែអ្វីគួរឱ្យចាប់អាម្មរណ៍ពិសេសនោះ គឺគេនៅតែប្រទះឃើញប្រជាពលរដ្ឋតាមឃុំមួយចំនួននៅតែបន្តការងារតម្បាញហូលផាមួងនៅឡើយនាបច្ចុប្បន្ននេះ។
សកម្មភាពស្រ្តីៗអង្គុយត្បាញហូលក្នុងភូមិព្រែកចង្ក្រាន។រូបភាព ជា ចាន់រ៉ន។
ក្នុងរោងតម្បាញតូចមួយប្រក់ដោយដំបូងស័ង្កសីក្រោមម្លប់ឈើហូបផ្លែត្រជាក់រហឹមនាភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទីនេះហើយជាកន្លែងត្បាញហូលផាមួងរបស់អ្នកស្រី ចេង ស្រ៊ីន ល្បីតៗគ្នាថា ហូលផាមួងពីរោងតម្បាញមួយនេះ ត្បាញមានគុណភាពល្អ ពណ៌ផ្កាភ្ញីក៏ស្រស់ឆើត។
រោងសិប្បកម្មតម្បាញតូចមួយរបស់អ្នកស្រី ចេង ស្រ៊ីន អាយុ ៦៨ឆ្នាំ មានសមាជិកជាស្រ្តីប្រមាណ៥នាក់ ដែលអ្នកខ្លះកំពុងអង្គុយលើម៉ាស៊ីនត្បាញហូលផាមួង ខ្លះកំពុងចង់សរសៃសូត្រយកទៅជ្រលក់ពណ៌និងហាលថ្ងៃ។
សរសៃសូត្រត្រូវយកទៅហាលក្រោយជ្រលក់ពណ៌រួច។រូបភាព ជា ចាន់រ៉ន។
អ្នកស្រី ចេង ស្រ៊ីន ដែលរស់នៅក្នុងភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន បានប្រាប់ថា អ្នកស្រីប្រកបរបរតម្បាញហូលផាមួងមួយនេះ តាំងពីនៅវ័យក្មេងមកម្លេះ ពោលគឺចេះត្បាញតពីដូនតាមកបង្រៀនតៗគ្នា។ អ្នកស្រីបន្ថែមថា កាលពីជំនាន់មុនការត្បាញហូលផាមួង គឺប្រើប្រាស់វិធីសាស្រ្តបែបបុរាណទាំងអស់រាប់ចាប់តាំងពីការប្រើពណ៌ល័ក្ខក៏ប្រើវត្ថុធាតុផ្សំពីធម្មជាតិផងដែរ គឺពណ៌យកចេញពីសម្បកឈើ។
អ្នកស្រីឱ្យដឹងបន្តទៀតថា ក្រៅពីធ្វើការងារស្រែចម្ការសមាជិកគ្រួសារអ្នកស្រីនិងប្រជាពលរដ្ឋផ្សេងទៀតបានបន្តរបរត្បាញហូលផាមួងនេះ ដើម្បីបន្ថែមលើចំណូលជួយទ្រទ្រង់ជីវភាពរស់នៅ អាចផ្គត់ផ្គង់កូនបានរៀនសូត្រផងដែរ។សម្រាប់ទីផ្សារលក់ហូលផាមួងវិញ អ្នកស្រីថា សព្វថ្លៃមានទីផ្សារល្អលក់បានតម្លៃថ្លៃខ្ពស់គួរសម ទោះបីជាវត្ថុធាតុដើមដែលទិញចូលខ្ពស់បន្តិចមែន តែអាចទូទាត់សល់ប្រាក់ចំណេញ។
អ្នកស្រី ចេង ស្រ៊ីន ចាស់ទុំក្នុងភូមិព្រែកចង្រ្កានដែលមានបទពិសោធមន៍លើការងារត្បាញហូល ផាមួងនេះជាង៣០ឆ្នាំ។រូបភាព ជា ចាន់រ៉ន។
ចំពោះអ្នកស្រី ចេង ស្រ៊ីន ដែលមានបទពិសោធន៍លើការងារត្បាញហូលនេះជាង៣០ឆ្នាំមកហើយនោះ បានបញ្ជាក់ថា អ្នកស្រីតែងបង្ហាត់បង្ហាញកូនចៅ កូនក្មួយ ជារៀងរាល់ថ្ងៃ ដើម្បីចង់ថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ស្រុកភូមិផង និងដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីពេលទំនេរពីការងារផ្សេងៗផង។ ជាងនេះការងារត្បាញហូលផាមួងនេះ បូករួមនិងការងារធ្វើស្រែចម្ការខ្លះផង អ្នកស្រីយល់ថា អាចធ្វើឱ្យស្រ្តីៗក្នុងភូមិស្រុកមានជីវភាពសមរម្យ ដោយពុំចាំបាច់ចាកចោលស្រុកកំណើតទៅរកការងារធ្វើឆ្ងាយពីផ្ទះ។
ចំណែកពលរដ្ឋម្នាក់ទៀតដែលប្រកបរបរតម្បាញហូលនៅស្រុកកោះសូទិនដែលនោះ គឺអ្នកស្រី ពេញ សេងហួង បាននិយាយថា ប្រសិនជាតម្លៃវត្ថុធាតុដើមដូច សរសៃសូត្រ លក្ខ័ ចុះថ្លៃបន្តិចនោះ នោះអ្នកត្បាញអាចទទួលបានកម្រៃកាន់តែខ្ពស់ទៀត ប្រការនេះអាចបង្កើនជីវភាពរបស់គ្រួសារនីមួយៗកាន់តែធូធារទៀតប្រសើរ។
អ្នកស្រី ពេញ សេងហួង ពលរដ្ឋក្នុងភូមិព្រែកចង្ក្រានបានឆ្លៀតពេលទំនេរពីចម្ការត្បាញនៅផ្ទះរកប្រាក់កម្រៃបន្ថែម។ រូបភាព ជា ចាន់រ៉ន។
សូមជម្រាបជូនថា ឃុំល្វេ មានភូមិសរុបចំនួន ១០ភូមិ និងប្រជាពលរដ្ឋរស់នៅចំនួន ៣២៣៥គ្រួសារស្មើនឹង ៩៤៦១នាក់។ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរចិញ្ចឹមជីវិតធ្វើស្រែចម្ការ មានប្រមាណ៨០% និងក្រៅពីនេះ ប្រកបរបរចិញ្ចឹមសត្វ លក់ដូរ និងត្បាញក្រមា ហូល ផាមួង ជាដើម។
ស្រ្តីៗក្នុងភូមិព្រែកចង្ក្រានត្បាញហូល ផាមួងពេលទំនេរពីការសិក្សានិងការងារស្រែចម្ការ។រូបភាព ជា ចាន់រ៉ន។
មេភូមិព្រែកចង្ក្រាន លោក សួន គ្រុយ បញ្ជាក់ប្រាប់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋនៅបន្តចាប់យកការងារតម្បាញហូលផាមួងនេះ ក្នុងភូមិមានសរុបចំនួន ១២៧ កី។ លោកថា ផលិតផលហូលផាមួងក្នុងភូមិព្រែកចង្ក្រានសព្វថ្ងៃមានតម្រូវការទីផ្សារខ្ពស់ ដែលអាចលក់ចេញបានមួយក្បិនតម្លៃចាប់ពី ៥០ដុល្លារ ដល់៨០ដុល្លារឡើងទៅ។
លោកមេភូមិព្រែកចង្ក្រានឱ្យដឹងបន្ថែមទៀតថា ស្នាដៃហូលផារបស់អ្នកភូមិព្រែកចង្ក្រាននេះ គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់ផលិតផលហូលស្រុកដទៃឡើយ ហើយបច្ចុប្បន្ននេះ អ្នកភូមិកំពុងមមាញឹកត្បាញ ដ្បិតប្រជាពលរដ្ឋខ្មែរនិយមប្រើប្រាស់ស្លៀកពាក់ក្នុងកម្មពិធីបុណ្យផ្សេងៗ ពិសេសពិធីរៀបអាពាហ៍ពិពាហ៍ជាដើម៕
អត្ថបទខ្លីសរសេរដោយ ជា ចាន់រ៉ន សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។