en     km
en     km

សមាគមខ្មែរកម្ពុជាក្រោម ដាក់ញត្តិទៅក្រសួងការបរទេស ទាមទារវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម

Share

សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា បានប្រមូលផ្ដុំគ្នាសម្ដែងមតិ និងបានដាក់ញត្តិទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទាមទារទៅអាជ្ញាធរវៀតណាមឱ្យដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលកំពុងជាប់ឃុំឃាំង ព្រោះតែសកម្មភាពទាមទារសិទ្ធិសេរីភាព។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ការប្រមូលផ្ដុំគ្នាសម្ដែងមតិនេះ ធ្វើឡើងនៅស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមេសានេះ។ ក្នុងនោះមានអ្នកចូលរួមប្រមាណ ១០០នាក់ ដែលជាប្រពលរដ្ឋខ្មែរ និងរួមទាំងខ្មែរក្រោម ហើយក៏មានការឃ្លាំមើលពីបណ្ដាអង្គការសហប្រជាជាតិផងដែរ។

លោក សឺន ជុំជួន អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៩ ខែមេសានេះថា គោលបំណងនៃការប្រមូលផ្ដុំគ្នានេះ សមាគម បាននាំយកញត្តិដាក់ជូនក្រសួងការបរទេស ហើយក្រសួងក៏បានទទួលយកញត្តិនោះ។ បន្ទាប់ពីទទួលហើយ លោកថា ក្រសួងក៏ព្រមបន្តដាក់ញត្តិនេះជូននៅតាមស្ថានទូត និងស្ថាប័នអន្តរជាតិនានា។

ក្នុងញត្តិដែលដាក់ជូនក្រសួងការបរទេសនោះ លោកថា សមាគមទាមទារចំនួន ៣ចំណុច ទីមួយ ទាមទារឱ្យដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៦អង្គ/រូប ក្នុងនោះមាន៖ ព្រះតេជគុណ គឹម សំរិន្ទ លោក ថាច់ ង៉ា លោក ថាច់ ស្វឹងដុង ដែលទើបត្រូវគេតែចាប់ខ្លួននាពេលថ្មីៗនេះ។ ទីពីរ ទាមទារសាងសង់សាលាឆទានឡើងវិញនៅខេត្តលង់ហោរ ដែលអាជ្ញាធរវៀតណាមបានវាយកម្ទេចកាលពីខែមេសា ឆ្នាំ២០២៤កន្លងមកនេះ។ និងទីបី ទាមទារបញ្ឈប់រាល់ការគំរាមកំហែងគ្រប់រូបភាពមកលើពលរដ្ឋខ្មែរក្រោម។

រូបភាពពីហ្វេសប៊ុកសមាគមខ្មែរកម្ពុជាក្រោម។

លោក សឺន ជុំជួន៖ «សកម្មភាពរបស់ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមយើងហ្នឹងអត់មានអ្វីលើកឡើងទាក់ទងសិទ្ធិរបស់ពួកគាត់ក្នុងនាមជាជនជាតិដើមហ្នឹងណា ដើម្បីឱ្យមានគោរព ប្រតិបត្តិ វប្បធម៌ សាសនា ជំនឿ ហើយអនុវត្តសិទ្ធិជនជាតិដើមខ្មែរក្រោមយើង ហើយសំខាន់មួយទៀតសកម្មភាពរបស់គាត់ហ្នឹងគឺទាមទារឱ្យវៀតណាមហ្នឹងគោរពសិទ្ធិរបស់ពួកគាត់ និយាយជារួមទៅអាហ្នឹងជាសិទ្ធិរបស់ជនជាតិដើម ហើយអំពាវនាវឱ្យវៀតណាមគោរពនៅអ្វីដែលខ្លួនផ្ដល់សច្ចាប័ន អានេះជាអ្វីដែលពួកគេទាមទារ»។

បើតាមអនុប្រធានសមាគមរូបនេះ ស្ថានភានភាពពលរដ្ឋខ្មែរក្រោមបច្ចុប្ប​ន្ននេះ មានភាពតានតឹង និងមានការរឹតត្បិតសិទ្ធិសេរីភាព ដោយសារអាជ្ញាធរវៀតណាមចាប់ខ្លួនសកម្មជន ដែលតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ។ ទោះបីជាយ៉ាងណា បញ្ហានេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ហាក់មិនសូវខ្វល់ខ្វាយក្ដី ប៉ុន្តែកន្លងមកឃើញថា ថ្នាក់ដឹកនាំ ក៏បានព្យាយាមយកចិត្តទុកដាក់ចំពោះខ្មែរក្រោមលើវិស័យវប្បធម៌ និងសាសនាជាដើម។

លោក សឺន ជុំជួន៖ «ប្រៀបធៀបរវាងបងប្អូនខ្មែរយើងនៅកម្ពុជាក្រោម ជាមួយនិងជនជាតិវៀតណាមដែលរស់នៅកម្ពុជា គឺមានគម្លាតឆ្ងាយពីគ្នាខ្លំាងណាស់ គឺជនជាតិវៀតណាមនៅស្រុកខ្មែរយើងមានសិទ្ធិពេញលេញមែនទែន ។ រដ្ឋាភិបាលគេតែងតែផ្តំាផ្ញើឱ្យការពារយកចិត្តទុកដាក់លើជនជាតិរបស់គេដែលរស់នៅកម្ពុជា ប៉ុន្តែយ៉ាងណាក៏ដោយ ចំណែកយើងនៅតែមានពាក្យផ្តំាផ្ញើទៅកាន់វៀតណាម ក្នុងការយកចិត្តទុកដាក់បន្ថែមចំពោះប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនេះឃើញថានៅមានកម្រិតដែរ អ៊‌ីចឹងទន្ទឹមនេះដែរក៏យើងស្នើសុំរដ្ឋាភិបាលកម្ពុជាពិចារណានំាយកអ្វីដែលជាកង្វល់បងប្អូនខ្មែរកម្ពុជាក្រោមទៅកាន់រដ្ឋាភិបាលវៀតណាមផង ដើម្បីឱ្យពួកគេបានបន្ធូរបន្ថយក៏ដូចជាលុបបំបាត់រាល់ការរើសអើងពូជសាសន៍ ឬក៏បំពានទៅលើសិទ្ធិមនុស្ស»។

លោកបន្ថែមថា ញត្តិដែលដាក់ជូនក្រសួងការបរទេសនេះ ទោះជាមិនទទួលបានលទ្ធផលឆ្លើយតបវិជ្ជមានក្ដី តែសមាគមនៅតែមានក្ដីសង្ឃឹម បន្តធ្វើសកម្មភាពទាមទារនេះឱ្យអាជ្ញាធរវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលកំពុងជាប់ឃុំឃាំង។

ក្នុងពីធីជួបជុំសម្ដែងមតិនោះ លោក ខឿន វីរ៉ាត់ ដែលមានដើមកំណើតខ្មែរក្រោម និងជាអ្នកនយោបាយមូលដ្ឋានសកម្មម្នាក់ មកពីគណបក្សប្រឆាំង ថ្លែងថា សកម្មជនខ្មែរក្រោម ដែលកំពុងជាប់ឃុំឃាំងនោះ ពួកគេរងការឈឺចាប់ ក្រោមការជិះជាន់ដោយអាជ្ញាធរវៀតណាម  ព្រោះតែសកម្មភាពតស៊ូមតិទាមទារសិទ្ធិពលរដ្ឋខ្មែរក្រោម ហើយក៏ដើម្បីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរនៅកម្ពុជាក្រោមផងដែរ។ ដូច្នេះក្នុងឱកាសសម្ដែងមតិនេះ លោកចង់ឱ្យប្រជាពលរដ្ឋខ្មែរ ទាំងខ្មែរលើ ជាពិសេសខ្មែរក្រោម ជួយផ្សព្វផ្សាយ និងចែករំលែកបញ្ហាសកម្មជនខ្មែរក្រោម ដែលត្រូវបានអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ និងរំលោភបំពានសិទ្ធិរបស់ជនជាតិដើមខ្មែរក្រោម ដែលផ្ទុយនឹងសេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្ស និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើមខ្មែរក្រោម។

 

លោក ខឿន វីរ៉ាត់៖ «ខ្ញុំសង្ឃឹមថាឱកាសនេះ រដ្ឋាភិបាលស្នើឱ្យរដ្ឋាភិបាលកុម្មុយនីស្តវៀតណាមជាជំហានដំបូងបំផុតដោះលែងព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមយើងដែលត្រូវបានចាប់ផ្សឹក ចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌។ បន្ទាប់មកទៀតបើកលំហរសិទ្ធិសេរីភាពដែលធានាដោយរដ្ឋ ដែលធានាដោយធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស សិទ្ធិជនជាតិដើម ដែលវៀតណាមបើកឱ្យវិញ»។

ជុំវិញការទាមទារដោះលែងពលរដ្ឋខ្មែរក្រោមនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បដិសេធក្នុងការឆ្លើយតបទៅកាន់សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា។

ក​ន្លងមកសមាគមនេះ តែងតែធ្វើសកម្មភាពទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីទាមទារឱ្យអាជ្ញាធរវៀតណាមបញ្ឈប់រាល់ទង្វើរំលោភបំពានសិទ្ធិមនុស្សមកលើខ្មែរក្រោម ព្រមទាំងដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលកំពុងជាប់ឃុំទាំង ១៦អង្គ/រូប៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង